ព្រះសីហនុ ៖ :រហូតមកដល់ពេលនេះហើយក្រសួងឧស្សាកម្មនិងសិប្បកម្មនៅមានការស្ទាក់ស្ទើរក្នុងការបង្ក្រាបទីតាំងកែឆ្នៃប្រហិតត្រីសមុទ្រនៅល្អាងទំនប់រលកសង្កាត់លេខ១ក្រុងព្រះសីហនុ របស់អ្នកស្រី ជា ផល្លាដែលកំពុងប្រើសារធាតុគីមីមានថ្នាំម្ស៉ៅបូរ៉ាក់និងថ្នាំហ្វកម៉ុលចាក់លើសាកសព។ប្រការនេះអ្នកក្រុងព្រះសីហនុបានដាក់បន្ទុកសង្ស័យថាអាចមានអំពើពុករលួយដ៏ធំមួយក្នុងជួរដឹកនាំក្នុងក្រសួងថ្មីមួយនេះ ។
ពេលកន្លងទៅថ្មីៗនេះក្រុមគ្រូពេទ្យនៅក្រុងព្រះសីហនុដែលបានដឹងរឿងនេះបានលើកឡើងថា ការផលិតសាច់ប្រហិតត្រីសមុទ្ររបស់ឈ្មួញដែលមានឈ្មោះ អ្នកស្រីជា ផល្លានៅក្នុងល្អាងទំនប់រលកនោះពិតជាគ្មានអនាមយ័និងបានប្រើប្រាស់ថ្នាំគីមីចំនួនពីរមុខយ៉ាងពិតប្រាកដ ថ្នាំគីមីនោះគឺមានម្សៅបូរ៉ាក់ និងថ្នាំហ្វកម៉ុល ដែលគេប្រើប្រាស់ចាក់លើសាកសពទុកឲ្យបានយូរមិនស្អុយ ។
គ្រូពេទ្យទាំងនោះបានបញ្ជាក់ថាថ្នាំ ម្ស៉ៅ បួរ៉ាក់និងថ្នាំហ្វកម៉ុលនោះ អាចធ្វើឲ្យមានការប៉ះពាល់សុខភាព យ៉ាងធ្ងន់ធ្ងរ គឺជម្ងឺមហារីកតែម្តង ។ហេតុនេះក្រសួងឧស្សាហកម្មនិងសិប្បកម្មគួរតែបង្ក្រាបជាពិសេសសាខាកាំកុងត្រូលតែម្តង គួរតែពិនិត្យផង ។
ទាក់ទិននិងករណីខាងលើនេះលោក ប្រាក់ ប្រាកដ ប្រធានមន្ទីរឧស្សាហកម្មនិងសិប្បកម្មខេត្តព្រះសីហនុ បានអះអាងកន្លងមកថានោះជារឿងរបស់ក្រសួង ប៉ុន្តែពេលកន្លងទៅថ្មីៗនេះខាងក្រសួងបានយកសាច់ប្រហិតនោះទៅពិនិត្យហើយ តែគេថាអត់អី ទេ មានស្តង់ដាល្អហើយ ដូចនេះគាត់មិនដឹងដែរ ។
អ្នកស្រុកនៅជិតទីតាំងនោះបានរាយការណ៍ថា ឥឡូវនេះទីតាំងកែឆ្នៃប្រហិតនោះ គេសង្កេតឃើញមានមន្ត្រីកាំកុងត្រូលនិងមន្ត្រីមន្ទីរឧស្សាហកម្មនិង
សិប្បខេត្តចេញចូលដូចថ្លុកល្ខោនអញ្ចឹង មិនដឹងជាមានការអ្វីទេ ប៉ុន្តែសកម្មភាពកែឆ្នៃប្រហិតនោះនៅដដែល រឹតតែបានដៃកែឆ្នៃច្រើនទ្វេរដងទៀតផង។
អ្នកស្រុកនៅជិតនោះបានបញ្ជាក់ថាកម្មកររបស់សិប្បកម្មកែឆ្នៃប្រហិតត្រីសមុទ្រមួយចំនួនកំពុងទទួលរងនូវការស្អុយរលួយក្រចកដោយសារតែមានការប៉ះពាល់សារធាតុគីមី ក្នុងនោះភាគច្រើនផ្នែកខាងលាយថ្នាំគីមីតែម្តង៕