ភ្នំពេញ៖ តារាចម្រៀងស្រីរាងតូចល្អិត សាច់សខ្ចីវ័យក្មេង កញ្ញា រតនៈ ពិសី បានទម្លាយ ប្រាប់ឲ្យដឹងថា បច្ចុប្បន្ននេះនាងបានចូលច្រៀងនៅក្នុងផលិតកម្មថ្មីដែលទើបបង្កើត ឡើង នាអំឡុងឆ្នាំ២០១៣នេះខណៈដែលកន្លងមកជាច្រើនឆ្នាំនាងមានឈ្មោះជាតារា ចម្រៀងក្រៅផលិតកម្ម។បន្ទាប់ពីតារាចម្រៀងរូបនេះបានចូលប្រឡូកក្នុងវិថីសិល្បៈជិត៣ឆ្នាំមកហើយអ្វីដែលនាងទន្ទឹងរង់ចាំមកដល់ថ្ងៃនេះគឺប្រាថ្នាចង់ក្លាយជាតារា ចម្រៀងអាជីពម្នាក់ដែលមានទ្រនំពិតប្រាកដនឹងគេ។
កាលពីពេលកន្លងទៅនេះតារាចម្រៀងរាងតូចល្អិត សាច់សខ្ចីវ័យក្មេង កញ្ញា រតនៈ ពិសីបានសន្សំកេរ្តិ៍ឈ្មោះចាប់តាំងពីធ្វើជាអ្នកចម្រៀងនៅតាមភោជនីយដ្ឋានរហូតត្រូវបានមហាជន កោតសរសើរពីទឹកដមសំឡេងដ៏ក្រអួនក្រអៅរបស់នាងនិងមានការចាប់អារម្មណ៍ពីម្ចាស់ផលិតកម្មដែលបានទទួលយករូបនាងឲ្យច្រៀងប្រចាំផលិតកម្មរបស់គេ។នេះជាបំណងប្រាថ្នាតែមួយគត់ ដែលតារាវ័យក្មេងរូបនេះ គួចប៉ងជាយូរឆ្នាំមកហើយ។
កញ្ញា រតនៈ ពិសី បានប្រាប់ឲ្យដឹងថា បច្ចុប្បន្ននេះនាងកំពុងតែត្រៀមខ្លួនចូលច្រៀងនៅក្នុងផលិតកម្មថ្មីមួយដែលទើបនឹងបង្កើតឡើងនាអំឡុងឆ្នាំ ២០១៣ នេះខណៈដែលកន្លងទៅជាច្រើនឆ្នាំ នាងបានត្រឹមតែជាតារាចម្រៀងមួយរូបរះនៅក្នុងភោជនីយដ្ឋានប៉ុណ្ណោះ។តារាចម្រៀងស្រីរូនេះបានរៀបរាប់ប្រាប់ឲ្យដឹងថា សព្វថ្ងៃនាងក៏មានការងារមមាញឹកគួរសមជាមួយនឹងការចេញច្រៀងនៅតាមបណ្តាកម្មវិធីប្រគំតន្ត្រីនានារបស់ស្ថានីយទូរទស្សន៍ក្នុងស្រុកមួយចំនួន។ លើសពីនេះនាងក៏កំពុងតែត្រៀមខ្លួនចូលច្រៀងនៅក្នុងផលិតកម្មថ្មីមួយដែលមានឈ្មោះថា RGB ផងដែរ ក្នុងពេលឆាប់ៗខាងមុខនេះ។
ពិសី បន្តថា បច្ចុប្បន្ន ខាងផលិតកម្ម RGB កំពុងតែតាក់តែងបទចម្រៀងសម្រាប់ឱ្យនាងច្រៀង មានប្រហែលជា៣ទៅ៤បទ ប៉ុន្តែសម្រាប់ការចូលច្រៀងនៅក្នុងផលិតកម្ម RGB នេះគឺនាងពុំបានចុះកុងត្រាជាមួយម្ចាស់ផលិតកម្មមួយនេះនៅឡើយទេ។ នាងបន្ថែមថាក្រោយពេល នាង និងតារាប្រុស-ស្រីឯទៀត បានថតចម្រៀងចប់រួចរាល់នោះខាងផលិតកម្មនឹងចាប់ផ្តើមដំណើរការដាក់លក់នៅលើទីផ្សារក្នុងពេល ឆាប់ៗ ខាងមុខនេះ ដើម្បីប្រកួតប្រជែងនិងសាបព្រោះកេរ្តិ៍ឈ្មោះតារាចម្រៀងថ្មីៗនៅក្នុងផលិតកម្មរបស់ខ្លួនដើម្បីទទួលបានការគាំទ្រពីសំណាក់ទស្សនិកជន។
ទោះជាយ៉ាងនេះក្តី តារាចម្រៀងមានដើមកំណើតនៅក្រុងភ្នំពេញ កញ្ញា រតនៈ ពិសីនៅមិនទាន់ប្រាដកក្នុងចិត្តច្បាស់នៅឡើយទេថានៅពេលដែលបទចម្រៀងរបស់នាងចេញលក់នៅលើទីផ្សារតើនាងអាចនឹងទទួលបានការគាំទ្រពីសំណាក់ទស្សនិកជន ក៏ដូចជាមិត្តៗយុវវ័យកម្រិតណានោះទេ ព្រោះនេះជាលើកដំបូងរបស់នាងដែលបានចូលច្រៀងនៅក្នុងផលិតកម្មថតជាបទចម្រៀងដាក់ឌីស។
សូមបញ្ជាក់ថា កញ្ញា រតនៈ ពិសី បានឈានជើងចូលប្រឡូកក្នុងវិស័យសិល្បៈនៅឆ្នាំ ២០១០ផ្តើមចេញពីតារាចម្រៀងដែលច្រៀងនៅក្នុងភោជនីយដ្ឋាន។ ពិសីមានស្រុកកំណើតនៅរាជធានីភ្នំពេញ មានបងប្អូន៦នាក់ ស្រី៥ ប្រុស១នាងជាកូនពៅ ពេលនេះបងៗបានរៀបការអស់ហើយ។ រតនៈ ពិសីបញ្ចប់ការសិក្សាត្រឹមថ្នាក់ទី១១ នៅវិទ្យាល័យសន្ធរម៉ុក។ សព្វថ្ងៃនាងកំពុងសិក្សាភាសាបរទេសបន្ថែម ទៅថ្ងៃអនាគត ពិសីចង់ក្លាយជាតារាចម្រៀងដែលទទួលបានការគាំទ្រពីទស្សនិកជនមួយរូបនិងចង់មានអាជីពក្រៅសិល្បៈមួយ គឺបើកមុខជំនួញផ្ទាល់ខ្លួនក្នុងទ្រង់ទ្រាយល្មម៕