ក្រចេះ ៖ សកម្មភាព នៅក្នុងជំនួញឈើខុសច្បាប់ បច្ចុប្បន្ននេះ ក្រុមឈ្មួញបានផ្លាស់ប្តូររូបភាព ថ្មីប្លែក ដោយប្រើប្រាស់ រថយន្តស៊េរីទំនើប មានពាក់ស្លាកលេខធម្មតា ក្នុងការបន្លំភ្នែក របស់សមត្ថកិច្ច ក្នុង នោះមានប្រភេទ រថយន្តម៉ាកកាមរីហើម បាឡែន ហាយឡែនឌឺរ និងលុច្សស៊ីសជាដើម ដែលសុទ្ធសឹង ជាប្រភេទ រថយន្តកែច្នៃវះគូទ ទម្លាក់បាត ដើម្បីដឹក និងផ្ទុកឈើបានច្រើន ។
បទល្មើសព្រៃឈើ កើតមានយ៉ាងគគ្រឹកគគ្រេង ខណៈដែលក្រុម ឈ្មួញបាន និងកំពុងសប្បាយចិត្តក្នុងការដឹកជញ្ជូន ឈើប្រណីតចេញពីតំបន់មួយចំនួន ស្ថិតក្នុងភូមិ សាស្ត្រចំណុច ១០៥ ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ ដែលពួកគេដឹកចេញ ពីខេត្តមណ្ឌលគីរី មកស្តុក ទុកដើម្បីរង់ចាំដឹកបន្ត តាមរថយន្ត ទៅលក់ឲ្យលោក កែវ ជាមេការ ដែលឈរចាំទិញឲ្យថៅកែរធំម្នាក់ នៅស្រុកមេមត់ នៃខេត្តត្បូងឃ្មុំ ។
ឈើប្រណីតដែលបាន និងកំពុងធ្វើសកម្មភាពដឹកជញ្ជូន រាល់យប់នោះ គឺ មានប្រភពហូរចូល ពីទឹកដីខេត្តមណ្ឌលគីរីមក ដែលគេដឹកតាមរទះគោ ឬគោរយន្តកែច្នៃ រាប់រយគ្រឿង ក្នុងនោះ ត្រូវបានគេដឹងថា មានមន្ត្រីយោធាខេត្តមណ្ឌលគីរីម្នាក់ ឈ្មោះ ទេព ប្រុស និងប្រពន្ឋ ឈ្មោះ ចន្ធូ គឺជាអ្នកកាង និងនាំក្បួនរទះគោ ដឹកឈើទាំងនោះចេញពីទឹកដីខេត្តមណ្ឌលគីរី មកដាក់នៅព្រំ ប្រទល់ខេត្តក្រចេះនៅចំណុចទីតាំងដីក្រុមហ៊ុនម៉ូវីបា ដោយក្រុមឈ្មួញដែលរកស៊ីដឹកឈើទាំងអស់ ត្រូវ បង់ប្រាក់ឲ្យទៅលោក ទេព ប្រុស និងប្រពន្ឋ ឈ្មោះ ចន្ធូ ក្នុងមួយរទះគោតម្លៃ ៦៨ម៉ឺន ទៅ៧០ម៉ឺនរៀល ។ ការចរាចរក្នុងជំនួញឈើប្រណីត ខុសច្បាប់ទាំងនោះ កើតឡើង ដោយ គ្មានការកោតខ្លាច ចំពោះមន្ត្រីជំនាញ និងមន្ត្រីពាក់ព័ន្ឋនោះឡើយ ដោយក្នុងនោះគេសង្កេតឃើញ ក្រុមឈ្មួញភាគច្រើន ជាមន្ត្រីកម្លាំងប្រដាប់អាវុធ ។
មេឈ្មួញម្នាក់ឈ្មោះ ធឿន ជាមន្ត្រីកងរាជអាវុធហត្ថខេត្ត ដែលពីមុនឈរជើងជាកម្លាំងចម្រុះ ក្នុងការ បង្ក្រាប ទប់ស្កាត់បទល្មើសព្រៃឈើ នៅសង្កាត់រដ្ឋបាលព្រៃឈើឃ្សឹម ប្រចាំនៅស្រុកស្នួល ជាដៃគូ និង ឈ្មួញម្នាក់ទៀត ឈ្មោះ ធាកន្ទួត ដែលបច្ចុប្បន្នប្រើប្រាស់នូវរថយន្ត ហាយឡែនឌ័រ និងរថយន្តបាឡែន កំពុងធ្វើសកម្មភាពដឹកជញ្ជូនយ៉ាងអនាធិបតេយ្យ ចេញពីទឹកដីស្រុកចិត្របុរី តាមច្រកផ្លូវគោលាប់ និង ច្រកផ្លូវឃុំកន្ទួត ក្បែរច្រកផ្លូវសង្កាត់រដ្ឋបាលព្រៃឈើកន្ទួត ដោយពុំមានការខ្លាចក្រែង ចំពោះសមត្ថកិច្ច ជំនាញនោះឡើយ ៕