កំពត ៖ ក្រុមមន្ត្រីសមត្ថកិច្ចនៃស្ថាប័នផ្សេងៗប្រចាំនៅច្រកអន្តរជាតិព្រែកចាក ក៏ដូចក្រុមអ្នករកស៊ីដឹកទំនិញជាច្រើនបានខ្សឹបមកអរិយធម៌ឱ្យដឹងថា លោក ណុប សារឹម ដែលថ្នាក់លើតែងតាំងធ្វើ ជាប្រធានមកនោះ ក៏ស្រាប់តែបានរៀបផែនការត្រួតពិនិត្យឆែកឆេរទំនិញរឹតបន្តឹងតែម្តង ការអនុវត្តបែបនេះស្ទើរហួសព្រំដែនសមត្ថកិច្ចខ្លួនទៅហើយ ព្រោះ ការត្រួតពិនិត្យរាល់ទំនិញឆ្លងដែនគេចពន្វគឺមានតែស្ថាប័នគយនិង រដ្ឋាករ និងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចប៉ុណ្ណោះ។
ប្រភពបានខ្សឹបទៀតថា ឥឡូវនេះប៉ូលិសអន្តោប្រវេសន៍ប្រចាំតំបន់ចាប់ផ្តើមឃាត់រថយន្តដឹកទំនិញឆ្លងដែន ឆែកឆេររកឯកសារបង់ពន្ធ ហើយសកម្មភាពបែបនេះបានកើតឡើង បន្ទាប់ពីប្រធានច្រកទ្វារអន្តរជាតិ ព្រែកចាកត្រូវបានផ្លាស់ប្តូរ អ្នកគ្រប់គ្រងប្រមាណជាង១ខែប៉ុណ្ណោះ។
ពួកគាត់បានបញ្ជាក់ទៀតថា ឥឡូវនេះមន្ត្រីប៉ូលិសអន្តោប្រវេសន៍ចាប់ផ្តើមប្រើធម៌ក្តៅដោយឃាត់ ទំនិញដែលដឹកតាម រថយន្តឆ្លងដែនពីប្រទេសវៀតណាមមកស្រុកខ្មែរសួររកបង្កាន់ដៃបង់ពន្ធ ។ លុះម្ចាស់រថយន្តយកឯកសារមកបង្ហាញ ស្រាប់តែមន្ត្រីប៉ូលិសអន្តោប្រវេសន៍ក៏បង្វែរសួររកឯកសារពាក់ព័ន្ធ មួយចំនួនទៀតទៅវិញ ។ ទង្វើបែបនេះអាចបញ្ជាក់ថា ជាល្បិចរកលុយដាក់ហោប៉ៅ ព្រោះកន្លងមកគេមិនដែលជួបបញ្ហាបែបនេះទាល់តែសោះ។
ម្ចាស់ រថយន្តដែលដឹកទំនិញឆ្លងកាត់តាមច្រកទ្វារខាងលើបានបញ្ជាក់ឱ្យអរិយធម៌ដឹងថា កន្លងមកថ្វីត្បិតការចរាចរណ៍ទំនិញមានឯកសារបង់ពន្ធក្តី ក៏ត្រូវបង់ជូនដល់ស្ថាប័នប៉ូលិសអន្តោប្រវេសន៍ចំនួន ៦០០០០រៀល ក្នុង១រថយន្តដែរ ប៉ុន្តែលើកនេះប៉ូលិសអន្តោប្រវេសន៍បែរជាឃាត់រថយន្តសួររកឯកសារ បង់ពន្ធ ហើយទោះបីបង្ហាញឯកសារ គ្រប់សព្វហើយក៏ដោយ ក៏លោកប៉ូលីសនោះនៅតែជម្រិតរកលុយពីម្ចាស់ទំនិញទាល់តែ បាន ទើបឱ្យយកចេញទៅវិញ។
ពួកគាត់បានបញ្ជាក់ថា ពេលយកឯកសារទៅបង្ហាញបែរជាដេញដោលសួររកក្រដាសស្នាម ពាក់ព័ន្ធផ្សេងទៀត ថែមទាំងបានទាមទារឱ្យបង់កម្រៃលើសមុនទៀតផង គឺចំនួន៨០.០០០រៀល ហើយបើមិនបង់ទេគឺមិនអាចដឹកទំនិញឆ្លងកាត់តាមច្រកនេះបានឡើយ ។
បើតាម ការឆ្លើយតបពីមន្ត្រីប៉ូលិសច្រកទ្វារអន្តរជាតិព្រែកចាកបានលើកឡើងថា ការអនុវត្តបែបនេះគឺធ្វើឡើងតាមបញ្ជារបស់លោក ណុប សារិន ដែលទើបតែទទួលតំណែង ថ្មី ដោយតម្រូវឱ្យមន្ត្រីក្រោមឱវាទអនុវត្តឱ្យមានប្រសិទ្ធភាព ដើម្បីទប់ស្កាត់ការចរាចរទំនិញគេចពន្ធឆ្លងដែន ហើយការឃាត់ទំនិញនេះគឺដើម្បីត្រួតពិនិត្យខ្លាចក្រែងមានទំនិញដឹក ឆ្លងដែនមិនបង់ពន្ធដែលជាកក្តា មួយបាត់ចំណូលពន្ធរដ្ឋ។
ទាក់ទិន នឹងករណីខាងលើនេះសារព័ត៌មានអរិយធម៌យើង មិនអាចសុំបំភ្លឺពី លោក ណុប សារឹម ប្រធានប៉ូលិសអន្តោប្រវេសន៍ប្រចាំច្រកព្រែកចាកបានទេ៕ដោយ៖ នាយរំពេរ