ខេត្តកំពង់ស្ពឺ ៖ លោកស្រី ប៉ុល សុខលីម ប្រធានកិច្ចការនារីខេត្តកំពង់ស្ពឺ ដ៏ចាស់វស្សាដុះស្នឹមត្រូវបានមន្ត្រីក្រោមឱវាទមួយចំនួនខ្សឹបឲ្យដឹងថា ការដឹកនាំរបស់ប្រធានមន្ទីរ រូបនេះកន្លងទៅពោរពេញទៅដោយអំពើពុករលួយកិបកេងថវិកាជាតិ បក្ខពួកនិយមនិងអាត្មានិយម ដែលធ្វើឲ្យមន្ត្រីក្រោមឱវាទមួយចំនួនមានការថ្នាំងថ្នាក់ ប៉ុន្តែមិនហានចេញមុខប្រឆាំង ព្រោះខ្លាចការ គុំគួនពីប្រធានមន្ទីររូបនេះ។
តាមប្រភពពីមន្ត្រីបានឲ្យដឹងថា អស់រយៈពេលជាច្រើនឆ្នាំមកនេះមន្ទីរកិច្ចនារីខេត្ត កំពង់ស្ពឺ ដោយសារតែលោកស្រីប្រធានមន្ទីរជាមនុស្សគិតផលប្រយោជន៍ប្រព្រឹត្តអំពើពុករលួយនិងបក្ខពួកនិយមបានធ្វើឲ្យរដ្ឋខាតបង់ថវិការាប់សិបលានរៀលក្នុងមួយឆ្នាំៗ ហើយទឹកប្រាក់ដែលត្រូវគេកិបកេងនេះ គឺបានធ្លាក់ចូលកន្តាប់ដៃលោកស្រីប្រធានមន្ទីរ ប៉ុល សុខលីម និងលោកស្រីអនុប្រធានមន្ទីរ ចន យឿន រួមនិងលោកស្រីប្រធានការិយាល័យគណនេយ្យ ហង់ ស៊ីងហ៊ីម ជាដើម។ ហើយជាក់ស្តែង នៅឆ្នាំ២០១៣គឺលោកស្រីប្រធានមន្ទីរ ប៉ុល សុខលីម រួមនិងបក្ខពួកជំនិតបាន ធ្វើការកិបកេង ថវិកាជាតិអស់រាប់សិបលានរៀល តាមរយៈការកិបកេងប្រាក់សោហ៊ុយទូទាត់ក្នុងប្រទេស ប្រាក់ (បេសកកម្ម)ប្រាក់ចំណាយលើការជួសជុលបន្ទប់ការិយាល័យគណនេយ្យនិងការរៀបសំអាតទីធ្លាបរិវេនមន្ទីរដែលមានតម្លៃខ្ពស់ខុសប្រក្រតីនិងការកិបកេងប្រាក់សម្រាប់ឧបត្ថម្ភដល់មន្ត្រីមានជម្ងឺនិងអក្នសម្រាលកូននិងប្រាក់ឧបត្ថម្ភសហគមន៍រួមនិងផ្សេងៗជាច្រើនទៀតដែលមិនទាន់និយាយអស់នៅពេលនេះ។ ដោយការចំណាយលើផ្នែកនីមួយៗសុទ្ធតែត្រូវបានគេកិបកេងអស់យ៉ាងច្រើនលើកលែងតែប្រាក់ខែមន្ត្រីរាជការមួយមុខប៉ុណ្ណោះ។ សម្រាប់ពេលនេះលោកស្រី ប៉ុល សុខលីម ទោះបីដឹងថា រាជរដ្ឋាភិបាលបានធ្វើការកំណែទំរង់ស៊ីជម្រៅនិងលុបបំបាត់អំពើពុករលួយគ្រប់រូបភាពក៏ដោយក៏រូបគាត់មិនខ្លាចញញើតនឹងការប្រព្រឹត្តអំពើពុករលួយ ព្រោះរូបគាត់ប្រឹងសន្សំប្រាក់ដើម្បីទុកស៊ីចាយ ក្រោយពេលរូបគាត់ចូលនិវត្តន៍នៅឆ្នាំ២០១៧ខាងមុខ។
សូមរំលឹកថានៅឆ្នាំ២០១៣មន្ទីរកិច្ចការនារីខេត្តកំពង់ស្ពឺបានចំណាយថវិកាជាតិអស់ចំនួន៥៤១,៦១៥,០២៨ រៀល ដោយចំណាយលើជំពូក៦០អស់ចំនួន៨៧,៨២១,៧៨០ រៀល ក្នុងនោះចំណាយ សម្ភារៈផ្គត់ផ្គង់ថែទាំ អស់ចំនួន៣១,៦៦៣,០០០រៀល (ប្រេងឥន្ធនៈអស់២១,៦៦៣,០០០រៀល) ចំណាយសម្ភារៈផ្គត់ផ្គង់ផ្នែករដ្ឋបាលអស់ចំនួន១៨,៥០០,០០០រៀល ចំណាយទិញសម្ភារៈ និងបរិក្ខារអស់ចំនួន១១,៥៣០,០០០រៀល ចំណាយទិញសង្ហារឹមចំនួន១៤,៦២០,០០០រៀល ចំណាយទឹកភ្លើងអស់ចំនួន១១,៥០៨,៧៨០រៀល។ ជំពូក៦១ចំណាយអស់ថវិកា ១១១,៦០០,០០០រៀល ក្នុងនោះជួសជុលការិយាល័យគណនេយ្យអស់ចំនួន៥៩,០០០,០០០រៀល ចំណាយលើការថែទាំរៀបចំទីធ្លាមន្ទីរអស់ចំនួន៤៣,៦០០,០០០រៀល ជួសជុលមធ្យោបាយ ដឹកជញ្ជូនអស់ចំនួន២,០០០,០០០រៀល ថែទាំជួសជុលឧបករណ៍ការិយាល័យ សម្ភារៈព័ត៌មានវិទ្យា អស់ចំនួន៧,០០០,០០០រៀល។ ជំពូក៦២ចំណាយអស់ថវិកាចំនួន៥១,៦៣៨,៩៤៨ រៀល ក្នុងនោះចំណាយលើផ្នែកទំនាក់ទំនងសាធារណៈ និងផ្សព្វផ្សាយអស់ចំនួន១១,០០០,០០០រៀល ចំណាយលើសោហ៊ុយជៀវសារព័ត៌មាននិងឯកសារ២,០០០,០០០រៀល ចំណាយទូទាត់សោហ៊ុយក្នុង ប្រទេស(បេសកកម្ម)អស់ចំនួន៣៣,៩២៨,០០០រៀល ចំណាយលើសោហ៊ុយទូរគមនាគមន៍អស់ ចំនួន៤,៧១០,៩៤៨រៀល។ ជំពូក៦៤ចំណាយអស់ថវិកាសរុប២០០,៥៨២,៣០០រៀល ក្នុងនោះ ប្រាក់លាភការ និងប្រាក់បំណាច់បុគ្គលិកក្របខ័ណ្ឌអចិន្ត្រៃយ៍អស់ចំនួន៦៦២,១៧៨,៣០០រៀល ប្រាក់លាភការនិងប្រាក់បំណាច់បុគ្គលិកមិនមែនក្របខ័ណ្ឌនិងបុគ្គលិកអណ្តែត អស់ចំនួន ២៣,៧១២,០០០រៀល ចំណាយលើប្រាក់វិភាជន៍សង្គមអស់ចំនួន១៤,៦៩២,០០០រៀល (ប្រាក់មន្ត្រីមានជម្ងឺនិងឧបត្ថម្ភសម្រាលកូន១៤,០០០,០០០រៀល)។ ជំពូក៦៥ចំណាយអស់ថវិកា សរុប៨៩,៩៧២,០០០រៀល ក្នុងនោះចំណាយសម្រាប់ឧបត្ថម្ភសហគមន៍ទាំងអស់។
សូមបញ្ជាក់ថា មន្ទីរកិច្ចការនារីខេត្តកំពង់ស្ពឺដឹកនាំដោយលោកស្រី ប៉ុល សុខលីម ជាប្រធាន លោកស្រី ចន យឿន អនុប្រធាននិងជានាយិកាមជ្ឈមណ្ឌលអភិវឌ្ឍន៍មស្ត្រីខេត្ត លោកស្រី ជៀប មុំ អនុប្រធានទទួលបន្ទុករដ្ឋបាលផែនការ និងគណនេយ្យ លោក នន សែម អនុប្រធានទទួល បន្ទុកព័ត៌មាន(មិនសូវចូលកន្លែងធ្វើការ)។ ហើយមានមន្ត្រីថ្នាក់ខេត្ត រួមនិងក្រុងស្រុកទាំង៨សរុប មានមន្ត្រីក្របខ័ណ្ឌចំនួន៣៣រូប មន្ត្រីជាប់កិច្ចសន្យាចំនួន១៣រូប និងបុគ្គលិកអណ្តែត១រូប ប៉ុន្តែសម្រាប់មន្ត្រីទាំងនេះគឺមានភាគតិចដែលគាំទ្រការដឹកនាំរបស់លោកស្រី ប៉ុល សុខលីម ដោយ សារអ្នកទាំងនោះជាអ្នកទទួលបានផលប្រយោជន៍មួយចំនួនពីរូបគាត់។ ចំណែកមន្ត្រីភាគច្រើនគឺ មិនសូវពេញចិត្តទេ ប៉ុន្តែមិនប្រឆាំងហៃអើតាមរបៀបអាជ័យធ្លាក់ទឹក៕ ពៅ
» Breaking News, ព័ត៌មានជាតិ » ធ្លាយរឿងអំពើពុករលួយកិបកេងថវិកាជាតិរបស់ប្រធានកិច្ចការនារីខេត្តកំពង់ស្ពឺ វគ្គ១