ខេត្តបាត់ដំបង ៖ មន្ត្រីមួយនៅមន្ទីរអប់រំខេត្តបាត់ដំបងបានខ្សឹបតាមអរិយធម៌ថា អស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះប្រធានមន្ទីររបស់ពួកគេគឺលោក ងី សែត និងមន្ត្រីជំនិតមួយក្តាប់តូចបានរួមដៃគ្នាប្រព្រឹត្តអំពើពុករលួយដ៏ធ្ងន់ធ្ងរតាមរយៈការកិបកេងថវិកាសំរាប់ឧបត្ថម្ភដំណើរលំហែនិងសិក្សារួមនិងថវិកាសម្រាប់ឧបត្ថម្ភដល់សហគមន៍កីឡា។
គេខ្សឹបឲ្យឮទៀតថា ថវិកាទាំងពីរប្រភេទខាងលើក្នុងមួយឆ្នាំៗត្រូវបានក្រុមបក្សពួកលោក ប្រធានមន្ទីររួមដៃគ្នា កិបកេងអស់មិនតិចជាង១០០លានរៀលឡើយ ដោយជំនួសមកវិញនូវការធ្វើឯកសារបំប៉ោងតួលេខចំនួននៃការប្រកួតកីឡានិងចំនួនអ្នកដើរសិក្សាលំហែដើម្បីឲ្យសមស្របទៅតាមទឹកប្រាក់ដែលគេបានយកមកចាយវាយនោះ។ គេបានខ្សឹបទៀតថា សកម្មភាពជាក់ស្តែងការងារខ្លះស្ទើរតែទាំងស្រុងមិនត្រូវបានពួកគេអនុវត្តន៍ នេះមិនទាន់និយាយអំពីការចំណាយបែបភាពមិនប្រក្រតីទៅតាមប្រភេទគណនេយ្យ អនុគណនេយ្យនៅក្នុងជំពូកជាច្រើនទៀតនៃការចំណាយថវិកាជាតិនៅឡើយទេ។
គេខ្សឹបថា នៅឆ្នាំ២០១៣កន្លងទៅមន្ទីរអប់រំខេត្តបាត់ដំបងបានចំណាយថវិកាសម្រាប់ឧបត្ថម្ភសហគមន៍កីឡាអស់ចំនួន២៣៩,៣៩០,០០០រៀល និងថវិកាសម្រាប់ដំណើរលំហែនិងសិក្សាអស់ចំនួន១៧១,៦៦៤,០០០រៀល ប៉ុន្តែថវិកាទាំងនេះវាគ្រាន់តែជាតួលេខដែលមន្ទីរអប់រំបានដកថវិកាជាតិយកមកចាយប៉ុណ្ណោះ សម្រាប់សកម្មភាពជាក់ស្តែងគឺអត់ហើយថវិកាខាងលើត្រូវបានក្រុមលោកប្រធានមន្ទីរកឹបកេងអស់មិនតិចជាង១០០លានរៀលនោះទេ។ ទោះជាយ៉ាងណាក្តីការខ្សឹបនោះគេមិនដឹងថា ជាស្នៀតសាចទឹក ដាក់គ្នាឬកាច់កុងគ្នាយ៉ាងណាទេ ហើយមិនទាន់ប្រាកដថាពិតក្នុងកំរិតណាដែរ ព្រោះមិនអាចសុំការបក ស្រាយពីលោកប្រធានមន្ទីរបានកាលពីម្សិលមិញ៕ ដោយ៖ ព្រហ្ម ពៅ
» Breaking News, ព័ត៌មានជាតិ » លោកប្រធានមន្ទីរអប់រំខេត្តបាត់ដំបង ធុំក្លិនមិនស្រួល