ភ្នំពេញ ៖ របាំងដែកចែកទ្រូងផ្លូវ មួយកន្លែងស្ថិតនៅតាមបណ្តោយផ្លូវព្រះសីហនុ មុនក្រុមហ៊ុនសេលកាត ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ចំនួន ៥ ផ្ទាំង ត្រូវរងការ ខូចខាតបាក់រៀបស្មើដី ខណៈដែលបុរសម្នាក់ ស្រវឹងស្រាបើករ៉ឺម៉កកង់បី ក្នុងល្បឿន លឿនជ្រុលបុករះយ៉ាងពេញទំហឹង កាលពីវេលាម៉ោង ១ និង ១០ នាទី យប់រំលង អាធ្រាត្រ ឈានចូលថ្ងៃទី ១ ខែកញ្ញា ឆ្នាំ២០១៣ ។
យោងតាមសេចក្តីរាយការណ៍ពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេ បានឃើញបុរស ម្នាក់ជាង ៣០ ឆ្នាំ ស្ថិតក្នុងសភាពស្រវឹងស្រាជោគខ្លួន បានបើករ៉ឺម៉កកង់ បី១ គ្រឿងក្នុងល្បឿនលឿន រេចុះរេឡើង ពេញផ្លូវ ដោយបានជិះធ្វើដំណើរ តាម បណ្តោយផ្លូវព្រះសីហនុ ក្នុងទិសដៅពី កើតទៅលិច ស្រាប់តែមកដល់ចំណុចកើត ហេតុខាងលើ ទំនងជាអ្នកបើកបរនោះ បាត់បង់ស្មារតីមើលផ្លូវមិនឃើញ ទើបជ្រុលទៅ បុករបាំងដែកចែកទ្រូងផ្លូវបាក់អស់ចំនួន ៥ ផ្ទាំងរាបស្មើដី រាយប៉ាយពេញផ្លូវ ចំណែក រ៉ឺម៉កកង់បីក្រឡាប់ផ្ងារជើង រងការខូចខាតស្ទើរទាំងស្រុង នឹងអ្នកបើកបររ៉ឺម៉កកង់ ត្រូវរងរបួសធ្ងន់ធ្ងរ បានរថយន្តសាមុយមកដឹកយកទៅសង្គ្រោះ នៅមន្ទីរពេទ្យភ្លាមៗ។
សមត្ថកិច្ចបានបញ្ចាក់ថា ក្រោយពីកើតហេតុ រ៉ឺម៉កកង់បី ខាងលើនេះត្រូវបាន សមត្ថកិច្ចមូលដ្ឋាន សហការជាមួយនគរបាលជំនាញចុះធ្វើការវាស់វែងអូសយកទៅ រក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញដើម្បីរង់ចាំ ដោះស្រាយ តាមផ្លូវច្បាប់ ។ គ្រោះថ្នាក់ខាងលើនេះបង្កឡើងដោយសារអ្នកបើកបររ៉ឺម៉កកង់បី ស្រវឹង ស្រាឡើងពេកទើបបើករ៉ឺម៉កបណ្តាលឲ្យរេចង្កូតបុករះរបាំងដែកយ៉ាងពេញទំហឹងបែបនេះ៕