ខេត្តកំពង់ឆ្នាំង៖ បុរសជនជាតិឥស្លាម២នាក់ និងនារីម្នាក់ទៀត បានរងរបួសជាទម្ងន់ទាំងអស់គ្នាក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង នៅវេលាម៉ោង ៦និង៣០នាទីយប់ ថ្ងៃទី១៩ខែសីហា ឆ្នាំ២០១៤ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចដំរី ស ស្ថិតក្នុងភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខណៈដែលបុរសទាំង២នាក់បានបើកម៉ូតូ១គ្រឿងមានល្បឿនលឿន
ទៅបុកនារីរងគ្រោះ ជិះកង់ឆ្លងថ្នល់។
មន្ត្រីនគរបាលក្រុងកំពង់ឆ្នាំង បាននិយាយអោយដឹងថា មុនពេលកើតហេតុបុរសឈ្មោះ លី អារី អាយុ ២៨ឆ្នាំ រស់នៅភូមិក្រសាស់ថ្មី ឃុំឈូក ស ស្រុកកំពង់ត្រឡាច បានជិៈម៉ូតូម៉ាក ស៊ុយហ្សុយគី ស្មាស់ មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1B.6472 មានដឹកបុរសម្នាក់ទៀត ឈ្មោះ ឡោះ ម៉ាស់សេន អាយុ៣០ឆ្នាំ មានទីលំនៅជាមួយគ្នា ពីក្រោយក្នុងដំណើរពីជើងទៅត្បូង តាមបណ្តោយផ្លូវ ជាតិក្នុងល្បឿនលឿន លុះពេលមកដល់ចំណុចកើតហេតុ ស្រាប់តែមាននារីឈ្មោះ ចាប សុខឡេង អាយុ២០ឆ្នាំ មានទីលំនៅ ភូមិទួលខ្សាច់ ឃុំជ្រៃបាក់ស្រុករលាប្អៀរ បានជិៈកង់ឆ្លងថ្នល់ជាតិពីលិចទៅកើត ក៏ត្រូវម៉ូតូរបស់បុរសទាំង២នាក់ដែលកំពុងមានល្បឿនលឿនបុកយ៉ាងពេញទំហឹងតែម្តង បណ្តាលអោយដួលបោកក្បាលទៅថ្នល់ជាតិរងរបួសធ្ងន់ទាំង៣នាក់ តែម្តង ។
ក្រោយពេលកើតហេតុ នារីរងគ្រោះដែលមានក្រុមគ្រួសារនៅជិតកន្លែងកើតហេតុ ត្រូវបានក្រុមគ្រួសារ ដឹកតាមម៉ូតូយកទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្ត ចំណែកបុរសរងគ្រោះទាំង២នាក់ត្រូវបានរថយន្តនីសាន់ដឹកទ្រុងមាន់ ឃើញអាណិតជួយដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តតាមក្រោយដែរ ។ ដោយឡែកម៉ូតូ និង កង់បានខូចខាតស្ទើទាំងស្រុងត្រូវបានមន្ត្រីនគរបាលយកទៅរក្សាទុក នៅ អធិការដ្ឋាននគរបាល ក្រុងដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី ៕ ពៅ សុខហ៊ាន