កំពង់ធំ ៖ សមត្ថកិច្ចខេត្តកំពង់ធំបង្ក្រាបបទល្មើសឈើប្រណិត ដឹកតាមរថយន្តសាំយ៉ុងមួយ គ្រឿងដែលបានដឹកឆ្លងកាត់ ប៉ុស្តិ៍យាមដ៏សំខាន់ របស់ផ្នែករដ្ឋបាលព្រៃឈើស្ទោង ដោយសុវត្ថិភាព ។ តែចៃដន្យ មកជាប់អន្ទាក់របស់ប៉ូលិសសេដ្ឋកិច្ចនៃស្នងការនគរបាលខេត្តកំពង់ធំនៅរសៀលម៉ោង៣ និង៣០នាទី ថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០១៤ ។
លោក វរៈសេនីយ៍ត្រី វ៉ា ចាន់កុសល នាយរងការិយាល័យ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត និងលោកវរៈសេនីយ៍ទោ ហៀង ហ៊ល បានឃាត់រថយន្តប្រភេទសាំយ៉ុងមួយគ្រឿង ពណ៌ ស អត់ស្លាកលេខ និងរឹបអូសបានឈើធ្នង់ ៤៤ដុំ ដែលដឹកចេញពីស្រុកជាយសែន ខេត្តព្រះវិហារ ឆ្លងកាត់ខេត្តកំពង់ធំ ឆ្ពោះទៅខេត្តកំពង់ចាម ក្រោមការបញ្ជាផ្ទាល់ពីលោក ឧត្តមសេនីយ៍ត្រី ជូ សំអាន ស្នងការនគរបាលខេត្តកំពង់ធំ ។
លោកបានឲ្យដឹងថា ការបង្ក្រាបបទល្មើសដែលបានដឹកជញ្ជូនដោយខុសច្បាប់នេះ ក្រោយពីទទួលព័ត៌មានថា មានរថយន្តភិនភាគខាងលើ បានធ្វើសកម្មភាពដឹកឈើឆ្លងកាត់ខេត្តកំពង់ធំ ទើបបានសុំយោបល់លោក ស្នងការដើម្បីសុំគោលការឃាត់រថយន្ត ដែលផ្ទុកចំនួនឈើធ្នងជាច្រើនដុំ ព្រមទាំងឃាត់មនុស្សចំនួន៤នាក់ មកកាន់ស្នងការនគរបាល ដើម្បីធ្វើកំណត់ហេតុ ចំណែកឈើនិងរថយន្ត ត្រូវបានប្រគល់ជូនសង្កាត់រដ្ឋបាលព្រៃឈើ កំពង់ស្វាយ ។
ជនសង្ស័យទី១ ឈ្មោះ ប៊ុន ណារដ្ឋា អាយុ ២១ឆ្នាំ និងទី ២ឈ្មោះទាប បូណា អាយុ ២៤ឆ្នាំ ទី ៣-ឈ្មោះ យៀប សុភី អាយុ ១៧ឆ្នាំ និងទី៤ ឈ្មោះលាង ហេន អាយុ ២៧ ឆ្នាំ ជាថៅកែធំ អ្នកទាំង៤ រស់នៅភូមិ ស្រឡៅ ឃុំ ពពិល ស្រុក កំពង់សៀម ខេត្តកំពង់ចាម ។
បច្ចុប្បន្នគេសង្កេតឃើញ មានការបង្ក្រាបតិចតួចណាស់ ចំនែករថយន្តដែលចាប់បាន កន្លងមកភាគច្រើនមានតែរថយន្តបែកកង់ និងរថយន្តក្រឡាប់ និងរថយន្តខូច ដែលមានការបង្ក្រាប និងចាប់បាន ចំណែករណីផ្សេងវិញពុំមានឡើយ៕ ឆលីកា