ភ្នំពេញ ៖ បុរសម្នាក់ត្រូវរងរបួសធ្ងន់ធ្ងរ ក្នុងខណៈដែលរូបគេដើរឆ្លងផ្លូវចេញពីទិញបារី ហើយត្រូវរថយន្តហ៊ីយ៉ានដាយ ១ គ្រឿងបើកបុកយ៉ាងពេញទំហឹង កាលពីវេលាម៉ោង ១៨ និង៤០ នាទីយប់ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០១៣ នៅចំណុចមុខហាងផ្កាយព្រឹក្ស តាមបណ្តោយផ្លូវលេខ ២៧១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថាមុនពេលកើតហេតុគេបាន ឃើញសង្កេត បុរស ម្នាក់បានដើរឆ្លងផ្លូវលេខ ២៧១ ទៅទិញបារីខណៈទិញបាន ហើយក៏ត្រឡប់ក្រោយក្នុងបំណងដើរចូលផ្ទះវិញ ស្រាប់តែមានរថយន្តហ៊ីយ៉ាន់ដាយ ប្រភេទកូរ៉េ ១តោនកន្លះ ១ គ្រឿង ពណ៌ខៀវ ពាក់ស្លាកលេខ ឆ៤៤០៤ ភព២ រួម ដំណើរដោយបុរសចំនួន ៣ នាក់ ដែលកំពុងបើកបរក្នុងល្បឿនយ៉ាងលឿន បានជ្រុល ទៅបុកបុរសម្នាក់ ដែលកំពុងដើរឆ្លងកាត់ផ្លូវនោះ យ៉ាងពេញទំហឹងតែម្តង បណ្តាលឲ្យ បុរសម្នាក់នោះ ដួលបោកក្បាលទៅថ្នល់ត្រូវ រងរបួសធ្ងន់ធ្ងរ ចំណែករថយន្តបង្កហេតុ ត្រូវបានប្រជាពលរដ្ឋនិងអ្នកដំណើរជួយឃាត់បានភ្លាមៗ ប៉ុន្តែអ្នកបើកបរ រថយន្ត បង្កហេតុបានរត់គេចខ្លួនបាត់ក្រោយដឹកថាខ្លួនបានបើកបររថយន្តបុកមនុស្សឲ្យរងរបួសធ្ងន់ធ្ងរ។
សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយពីកើតហេតុអ្នករងរបួសធ្ងន់ធ្ងរត្រូវបានរថយន្តសាមុយ មកដឹកយកទៅ សង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។ ចំណែករថយន្តហ៊ីយ៉ាន់ដាយ ត្រូវសមត្ថកិច្ចអូសយកទៅរក្សាទុកនៅអធិការ ដ្ឋាននគរបាលខណ្ឌចំការមនរង់ចាំ ដោះស្រាយតាមផ្លូវច្បាប់ ៕
ទុយ ម៉ែន