កំពត៖ ភ្នំកកេះ ដែលមានទីតាំងខាងក្រោយ វិទ្យាល័យព្រះរាជសម្ភារៈ ស្ថិតក្នុងភូមិអូរតូច សង្កាត់ អណ្តូងខ្មែរ ក្រុងកំពត បាននិងកំពុងទទួលរង នូវការជីកកាយ យកអាចម៍ដី ដោយគ្រឿងចក្រ ពីម្ចាស់ អាជីវកម្មមួយ ស្ទើរដល់កំពូល ខណៈកិច្ចសន្យាចាស់ បាន បញ្ចប់ទៅហើយនោះ។
បើមើលពីចម្ងាយ សូម្បីសម្លឹងចេញពី កណ្ដាលក្រុងកំពត ភ្នំកកេះ ស្ថិតនៅក្បែរផ្លូវធ្វើដំណើរ ឆ្ពោះទៅកាន់រមណីយដ្ឋាន ធម្មជាតិទឹកឈូ ដែលដើមឡើយ ពោរពេញដោយ ទេសភាពពណ៌បៃតង ពេលនេះ មានភាពរិចរិល ឃើញតែស្លាកស្នាមនៃ ការ ជីកកកាយ កើតជារណ្តៅធំៗ។ បើចូលទៅកៀក ការដ្ឋានផ្ទាល់នោះ នឹងឃើញសកម្មភាព គ្រឿងចក្ររបស់ ក្រុមហ៊ុនមួយ កំពុងធ្វើសកម្មភាព ដ៏មមាញឹក បំផុត ដើម្បីយកអាចម៍ដីលក់ ទៅទីកន្លែងផ្សេងៗ។
ភាពហិនហោច ទាំងរុក្ខជាតិ ទាំងដីភ្នំនេះ បានរំកិល យ៉ាងខ្ពស់ ពោលគឺនៅតែ ប៉ុន្មានម៉ែត្រប៉ុណ្ណោះ នឹងដល់កំពូលភ្នំទៅហើយ។ ទាំងនេះ ត្រូវបានគេដាក់ការ បន្ទោស លើជំនាញ និងផ្នែកពាក់ព័ន្ធ ដែលមិនចាត់ការទប់ស្កាត់ បណ្តោយឱ្យម្ចាស់ការដ្ឋាននោះ ធ្វើព្យុះ ធ្វើភ្លៀង ស្រេចអំពើចិត្ត ទៅតាមអ្វីដែលជា មហិច្ឆតារបស់គេ។
លោក សោម វិចិត្រ ប្រធានមន្ទីររ៉ែ និងថាមពល ខេត្តកំពត បានមានប្រសាសន៍ថា ការដ្ឋាននោះ ក្រុមហ៊ុនមានអាជ្ញាប័ណ្ណត្រឹមត្រូវ តែការ ជីកដល់ចំណុចនេះ ជំនាញកំពុងតម្រូវឱ្យប្តូរទីតាំង ត្បិតកិច្ចសន្យាចាស់ បានបញ្ចប់ហើយ និងកំពុងបន្ត ធ្វើកិច្ចសន្យាថ្មី។ លើសពីនោះទៀត មន្ទីរបានណែនាំឱ្យម្ចាស់ ស្តារបរិស្ថានឡើងវិញ ដោយការដាំដើម ឈើ ដែលមកដល់ពេលនេះ តាមការប្រាប់ឱ្យដឹង គេបានដាំកូនអាកាស្យា ជាងមួយរយដើមហើយ លើដី ដែលបានជីកកាយរួច។
ពាក់ព័ន្ធនឹងសកម្មភាព កំពុងជីកកាយបន្ត លោកប្រធានមន្ទីរ បញ្ជាក់ថា ជំនាញបានតម្រូវឱ្យគាត់ ផ្លាស់ប្តូរទីតាំងហើយ ដូច្នេះបើនៅមានការធ្វើបន្ត មន្ត្រីនឹងចុះទៅហាម ឃាត់ ឱ្យគាត់ប្តូរទីតាំង ទៅតាមកិច្ចសន្យាថ្មី ពិសេសជំរុញ ការស្តារបរិស្ថាន លើកន្លែងដែលបានធ្វើរួច នោះគឺការដាំ ដើមឈើ ឱ្យបានច្រើន សម្រាប់ជាទំនុកចិត្តនៃ ការបន្តកិច្ចសន្យា ក្រោយៗទៀត៕