ភ្នំពេញៈ បន្ទាប់ពីមានភាពសោកសៅត្រឹមតែមួយរយៈពេលខ្លីខណៈជួបប្រទះ ស្នេហាប្រេះស្រាំ មិនសមប្រកបជាមួយបុរសអាណិកជនម្នាក់រស់នៅក្រៅប្រទេសម្ដងនាពេលកន្លងនោះ កញ្ញា យ៉ុង ច័ន្ទកណ្ណិកា ពេលថ្មីៗនេះគេសង្កេតឃើញនាង បង្អួតភាពស្និទ្ធស្នាលផ្អែមល្ហែម ប្រៀបដូចទឹកឃ្មុំ ជាមួយបុរសវ័យជាង ៣០ ឆ្នាំម្នាក់ នៅលើបណ្តាញសង្គម Facebook ដែលឲ្យមិត្តភក្តិក្នុងបណ្ដាញមួយនេះ សម្ដែងអារម្មណ៍ភ្ញាក់ផ្អើលយ៉ាងខ្លាង។
អ្វីដែលជាការអះអាងចេញពីមាត់របស់តារាចម្រៀង យ៉ុង ច័ន្ទកណ្ណិកា បានធ្វើឲ្យទស្សនិកជនជាច្រើន មិនបានជឿជាក់លើនាងឡើយ ដោយសារតែទង្វើ និងភាពស្និទ្ធស្នាលបាន ស្តែងឲ្យឃើញថា ទំនាក់ទំនងរវាងពួកគេ មិនត្រឹមតែជាមិត្តភក្តិប៉ុណ្ណោះទេ ផ្ទុយទៅវិញពួកគេ គឺជាគូស្នេហ៍យ៉ាងពិតប្រាកដ ។ លើសពីនេះអ្វីដែលធ្វើឲ្យប្រិយមិត្តតែជឿជាក់ខ្លាំងនោះ គឺក្នុងមួយរយៈពេលចុងក្រោយនេះ គេឃើញនាងបង្ហោះរូបថត និងសរសេរពាក្យផ្អែមល្ហែម ផ្តោះផ្តងគ្នាទៅវិញទៅមកលើបណ្តាញទំនាក់ទំនងសង្គម Facebook ថែមទៀតផង ។
មិនតែប៉ុណ្ណោះគេឧស្សាហ៍ឃើញតារាចម្រៀងស្រីល្បីឈ្មោះនៅក្រៅប្រទេស រូបនេះតែងតែដើរបណ្តើរកៀកកើយជាមួយបុរសរូបសង្ហាប្លែកមុខម្នាក់នេះចូលរួមស្ទើរគ្រប់កម្មវិធី និងបានបង្ហាញនូវភាពសិ្នទ្ធស្នាលប្រៀបដូចជាគូស្នេហ៍ថ្មោងថ្មីអ៊ីចឹង។ នៅក្នុងនោះម្ចាស់បទ “ទឹកភ្នែកស្រីឡង់សេ” រូបនេះបានសរសេរពាក្យពេចន៍សាសងស្នេហាជាភាសាអង់គ្លេសថា “To day ort sabay chet te coz my HB tov tver ka chhgay pi nhom miss kot nas worry hery ah nit teat coz kot hot nas . good luck na take care . wait b at home” ដែលប្រែសម្រួល ជាភាសាខ្មែរថា “ថ្ងៃនេះខ្ញុំមិនសប្បាយចិត្តទេ ព្រោះថា HB ទៅធ្វើការឆ្ងាយពីខ្ញុំ នឹកគាត់ណាស់ បារម្ភ ហើយអាណិតគាត់ ព្រោះគាត់ហត់ណាស់..សំណាងល្អ ថែខ្លួន..” ហើយពាក្យសំដី ចុងក្រោយ ដែលមានអត្ថន័យនោះគឺ “រង់ចាំបងនៅផ្ទះ”។
ដោយយោងតាមពាក្យសំដីទាំងអស់ខាងលើនេះបានធ្វើឲ្យមហាជនដែលជាអ្នកនិយមចូលចិត្តលេងបណ្តាញទំនាក់ទំនងសង្គមដ៏ធំមួយនេះមានការភ្ញាក់ផ្អើលថែមទៀតផងថា នាងនិងសង្សារប្រហែលជារស់នៅលើផ្ទះតែមួយទៀរផង ទើបបានជានាងហ៊ានព្រលយពាក្យថា រង់ចាំប្រុសកំពូលស្នេហ៍នៅផ្ទះដូច្នេះ ។ ម្យ៉ាងទៀតនៅក្នុងខ្លឹមសារនៃប្រយោគនេះ បានន័យថា យ៉ុង ច័ន្ទកណ្ណិកា បានហៅបុរសកំពូលស្នេហ៍ថា ជាប្ដីពេញៗមាត់ប្រកបដោយការយល់ចិត្តខ្ពស់ វាគឺជាតឹកតាងមួយបង្ហាញយ៉ាងច្បាស់ ព្រោះពាក្យ HB បានន័យថា Husband គឺជាប្ដី ឬជាស្វាមី ដូច្នេះបញ្ជាក់ថា យ៉ុង ច័ន្ទកណ្ណិកា មានប្ដីរួចទៅហើយ ។
ពាក់ព័ន្ធនឹងព័ត៌មានដែលធ្វើឲ្យប្រិយមិត្តក្នុងបណ្តាញហ្វេសប៊ុកមានការភ្ញាក់ផ្អើលគ្រប់នេះ ការិយាល័យនិពន្ធកាសែតអរិយធម៌បានព្យាយាមទាក់ទងទៅ កញ្ញា យ៉ុង ច័ន្ទកណ្ណិកា ដើម្បីសុំការបកស្រាយជុំវិញព័ត៌មាននេះ តែទូរស័ព្ទរបស់នាងមិនអាចទាក់ទងបាន៕