ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» Breaking News, ព័ត៌មានជាតិ » មេ​ប៉ូលិស​សេដ្ឋកិច្ច​ក្តាប់​៤​ខេត្ត​ក្លាយជា​សេដ្ឋី​ផ្លេកបន្ទោរ​ ​

មេ​ប៉ូលិស​សេដ្ឋកិច្ច​ក្តាប់​៤​ខេត្ត​ក្លាយជា​សេដ្ឋី​ផ្លេកបន្ទោរ​ ​

ភ្នំពេញ​៖  ប្រភព​ស្និទ្ធ​នឹង មេៗ​ប៉ូលិស​សេដ្ឋកិច្ច បាន​ខ្សឹប​តាម​អរិយធម៌​ឲ្យ​ដឹងថា​លោក   អ៊ុំ វណ្ណា ដែល​គេ​ស្គាល់​ថា​ជា​មន្ត្រីប៉ូលិស​សេដ្ឋកិច្ច​ធ្លាប់​ត្រូវបាន​ថ្នាក់លើ តែងតាំង​ឲ្យ​គ្រប់គ្រង បង្ក្រាប​បទល្មើស​សេដ្ឋកិច្ច ៣​ខេត្ត តែម្នាក់ឯង​គឺ នៅ​ខេត្តកណ្តាល ខេត្តកំពង់ធំ និង​ខេត្តក្រចេះ​នោះ ឥឡូវនេះ​ក៏​ស្រាប់តែ​ឮថា គាត់​បាន​ថ្នាក់លើ តែងតាំង​ឲ្យ​គ្រប់គ្រង បង្ក្រាប​បទល្មើស​សេដ្ឋកិច្ច រហូតដល់​ទៅ​៤​ខេត្ត​ឯណោះ ដោយ​បូក​ថែមទាំង ខេត្តកំពង់ចាម​មួយទៀត​។​
​ប្រភព​បាន​ខ្សឹប​បន្តទៀតថា ការពិត​លោក   អ៊ុំ វណ្ណា ធ្លាប់មាន​មហិច្ឆតា ចង់​ក្ដោប​ក្ដាប់​អំណាច អាច​គ្រប់គ្រង​ការងារ បង្ក្រាប​បទល្មើស​សេដ្ឋកិច្ច​ចំនួន ៤​ខេត្ត គឺ​បូក​ទាំង​ខេត្តកំពង់ចាម ផ្ដាច់មុខ​តែម្នាក់ឯង តាំងពី​អាណត្តិ​មុនៗ​មក តែ​មិនអាច​ទៅរួច ដោយសារតែ​ពេលនោះ នៅមាន​លោក ហ៊ុន ណេង ជា​អភិបាល ខេត្តកំពង់ចាម ដោយ​ឯកឧត្តម​តែងតែ​ប្រឆាំង​បដិសេធ យ៉ាង​ដាច់អហង្កា ចំពោះ​មហិច្ឆតា មិនចេះ​ឆ្អែតឆ្អន់​របស់លោក   អ៊ុំ វណ្ណា ដ៏​មហិមា​នោះ​ជានិច្ច ។ ប៉ុន្តែ​បន្ទាប់ពី​លោក ហ៊ុន ណេង ត្រូវបាន​ផ្លាស់ប្ដូរ ចេញពី​មុខតំណែង ជា​អភិបាល ខេត្តកំពង់ចាម​ទៅធ្វើជា​អ្នកតំណាងរាស្ត្រ ដោយ​ដាក់​លោក លន់ លឹម​ថៃ ឲ្យ​ឡើង​ជំនួស​រួចមក ស្រាប់តែ​លេច​ឈ្មោះ   អ៊ុំ វណ្ណា ក្ដោប​ក្ដាប់​ការងារ បង្ក្រាប​បទល្មើស​សេដ្ឋកិច្ច ៤​ខេត្ត ផ្ដាច់មុខ​តែម្នាក់ឯង គឺ​បូក​ទាំង​ខេត្តកំពង់ចាម ដែលជា​ខេត្ត​ដ៍​ធំ​មួយទៀត​នោះ ទទួលបាន​ជោគជ័យ​តាម​ការចង់បាន​របស់​ខ្លួន ហើយ​ការដែល​ក្តាប់បាន​ខេត្ត​នេះ បន្ថែមទៀត​នោះ​ត្រូវបាន​ប្រភព ទម្លាយ​ថា លោក អ៊ុំ វណ្ណា បាន​ចំណាយ​ប្រាក់​ច្រើនណាស់​ជូន​ចៅហ្វាយនាយ​របស់ខ្លួន ។​

​ការប្រគល់អំណាច​ឲ្យ​លោក   អ៊ុំ វណ្ណា ក្ដោប​ក្ដាប់​ការងារ​ផ្ដាច់មុខ បង្ក្រាប​បទល្មើស​សេដ្ឋកិច្ច ៤​ខេត្ត តែម្នាក់ឯង​បែបនេះ បាននិងកំពុង​ធ្វើ​ឲ្យ អ្នក​ដែល​បានដឹង​រឿង​នោះ នាំគ្នា​និយាយ​រិះគន់​យ៉ាង​ធ្ងន់ៗ​ថា មិនគួរ ឧ​ត្ត​ម​សេនីយ៍ ជា សុ​មេធី ប្រធាន​នាយកដ្ឋាន នគរបាល​ប្រឆាំង បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ ឲ្យ​តម្លៃ​តែ​លើ​លោក   អ៊ុំ វណ្ណា ម្នាក់​ហាក់បីដូចជា​បំភ្លេចចោល ឬ​មិន​ឲ្យ​តម្លៃ​ចំពោះ មន្ត្រីៗ​ប៉ូលិស​សេដ្ឋកិច្ច ជាច្រើន​នាក់​ផ្សេងទៀត ដែល​នៅ​គរ​ជើង​លើ​គ្នា និង​មាន​អ្នកខ្លះ គ្មាន​ការងារ​អ្វី​ធ្វើ ឬ​អង្គុយ​អាន​កាសែត នៅ​កន្លែង​រាល់ថ្ងៃ​នោះទេ ។​
​ក្រុមមន្ត្រី​នគរបាល​ក្រសួងមហាផ្ទៃ​បាន​លើកឡើងថា ថ្នាក់លើ​គួរតែ​តែងតាំង​មន្ត្រី​ម្នាក់ ឲ្យ​មាន​សិទ្ធិ​អាច​គ្រប់គ្រង ក្ដោប​ក្ដាប់​ការងារ​តែ ១​ខេត្ត បាន​ហើយ ទើប​ធ្វើ​ឲ្យ​មន្ត្រី​នោះ អាចដឹកនាំ​ការងារ មានការ​ទទួលខុសត្រូវ​ខ្ពស់ ចំពោះ​ភារកិច្ច​របស់ខ្លួន​តែ បើ​តែងតាំង​ឲ្យ​គ្រប់គ្រង ៣-៤​ខេត្ត ផ្ដាច់មុខ​តែម្នាក់ឯង តួយ៉ាង​ដូច​លោក   អ៊ុំ វណ្ណា បែបនេះ មិនអាច​ដឹកនាំ​ការងារ​មាន ប្រសិទ្ធភាព​នោះទេ ពោលគឺ​រីកចម្រើន​តែ​ការប្រព្រឹត្ត​អំពើពុករលួយ និង​បក្ខពួកនិយម​ថែមទាំង បង្ក​ភាពអនាធិបតេយ្យ​ប៉ះពាល់​ដល់​កិត្តិយស​នគរបាលជាតិ​ផងដែរ​។​

​ពាក់ព័ន្ធ នឹង​បញ្ហា​នេះដែរ ក៏មាន​ប្រជាពលរដ្ឋ​មួយចំនួន បាន​និយាយថា មាន​មន្ត្រីៗ​ខ្លះ ឲ្យ​ដឹកនាំ​គ្រប់គ្រង​ការងារ​តែ ១​ស្រុក ឬ ១​ខេត្ត សោះ​នៅតែ​មិនអាច ទទួលខុស​ត្រូវបាន​ផង និង​ថែមទាំង​បង្ក​ឲ្យ កើតមាន​អំពើពុករលួយ បក្ខពួកនិយម ក្រុម​គ្រួសារនិយម មាន​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់   មេៗ និង​ថ្នាក់ដឹកនាំ​ជា​បន្តបន្ទាប់​… ស្ទើរតែ​រាប់មិនអស់​ទៅហើយនោះ ចុះ​ទម្រាំ​តែ​មន្ត្រី​ម្នាក់​ដូចជា លោក   អ៊ុំ វណ្ណា បែរជា​ត្រូវ​ថ្នាក់លើ​តែងតាំង ឲ្យ​គ្រប់គ្រង​ការងារ ៤​ខេត្ត ផ្ដាច់មុខ​តែម្នាក់ឯង តើ​លទ្ធផល​នឹង​ទៅជា​យ៉ាងណា ឬ​ទទួលបាន​សាច់​ការ​អ្វីខ្លះ​? ឬមួយ​បុគ្គល ម្នាក់ៗ​នេះ ពូកែ​គាបសង្កត់​ជម្រិត​ទារប្រាក់​ពី​ពួក​ឈ្មួញ​យកលុយ​ជូន​ចៅហ្វាយនាយ​របស់ ខ្លួន ទើបបាន​កាន់​តួនាទី​ស្ទើរ​មួយ​ចំហៀង​ប្រទេស​បែបនេះ​។​

​កន្លងមក មានការ​រិះគន់ថា កាល​លោក   អ៊ុំ វណ្ណា គ្រប់គ្រង​ការងារ ៣​ខេត្ត តែម្នាក់ឯង​គឺ ខេត្តកណ្តាល ខេត្តកំពង់ធំ និង​ខេត្តក្រចេះ បានធ្វើ​ឲ្យ​កើតមាន បទល្មើស​សេដ្ឋកិច្ច មិនតិច​ទេ​នៅ​ខេត្ត​ទាំងនោះ ព្រោះ​មាន​មន្ត្រីៗ ប៉ូលិស​សេដ្ឋកិច្ច ក្រោម​ការដឹកនាំ គ្រប់គ្រង​របស់លោក   អ៊ុំ វណ្ណា តែងតែ​យក​តួនាទី​របស់ខ្លួន ទៅ​ប្រព្រឹត្ត​អំពើពុករលួយ ជាមួយ​ពួក​ឈ្មួញ ប្រព្រឹត្ត​បទល្មើស ច្រើនជាង​ការ​ទៅ បង្ក្រាប​ទប់ស្កាត់ បទល្មើស​សេដ្ឋកិច្ច ដើម្បី​យក​ចំណូល​បង់​ចូល​ថវិកា ជាតិ​នោះទេ​។ ទង្វើ​អសកម្ម​បែបនេះ បានធ្វើ​ឲ្យ​លោក   អ៊ុំ វណ្ណា ក្លាយទៅជា​អ្នកមាន ទ្រព្យសម្បត្តិ​ស្ដុកស្ដម្ភ ដែល​ត្រឹម​ឧកញ៉ា​ល្មមៗ មិនមាន​ទ្រព្យសម្បត្តិ​ស្មើ ឬ​ប្រហាក់ប្រហែល​លោក   អ៊ុំ វណ្ណា នោះទេ ។​

​ក្រុមមន្ត្រី​នៃ​ក្រសួងមហាផ្ទៃ ពិសេស​ក្រុម​មន្ត្រីប៉ូលិស​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​បាន​ខ្សឹប​តាម អរិយធម៌​ឱ្យដឹងថា ពេល លោក   អ៊ុំ វណ្ណា បាន​សាងសង់​ភូមិគ្រឹះ យ៉ាង​ស្កឹមស្កៃ​មួយ នៅជាប់​នឹង​មាត់ទន្លេ ក្រោយ​វត្ត​វាល​ស្បូវ ក្នុង​សង្កាត់​វាល​ស្បូវ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ដែល​មួយផ្នែកធំ នៃ​គ្រឿងសំណង់ និង​គ្រឿង​សង្ហា​រឹម នៅក្នុង​ភូមិគ្រឹះ​នោះ សុទ្ធតែ​ធ្វើឡើង​ពី ប្រភេទ​ឈើ​ប្រណីតៗ មានតម្លៃ​លំដាប់​សេដ្ឋី​រហូត​មន្ត្រី​ខ្លះ​ដាក់​រហស្សនាម​គាត់​ថា​ជា​សេដ្ឋី​ផ្លេកបន្ទោរ​ទៀតផង ។ តែ​អ្វីដែល​គួរ​ឲ្យ​សោកស្ដាយ​ឮថា លោក​មន្ត្រីប៉ូលិស សេដ្ឋកិច្ច​ស្ដេចត្រាញ់   អ៊ុំ វណ្ណា ដែល​សាងសង់​វីឡា នៅក្បែរ​មាត់ទន្លេ​នោះ ត្រូវ​ប្រជាពលរដ្ឋ រស់នៅ​ម្តុំ​វត្ត​វាល​ស្បូវ ( វត្ត​ពុទ្ធ​ស្ថាន​) បាននាំគ្នា​រិះគន់​យ៉ាងខ្លាំង​ទៅលើ​លោក (​អ៊ុំ វណ្ណា​) ដែល​បាន​ប្រើ​អំណាច​របស់ខ្លួន ទៅ​រំលោភ​យក​ផ្លូវ ចុះទៅ​ដងទឹក​ទន្លេ នៅក្បែរ​វីឡា​របស់គាត់ យក​ធ្វើជា​កម្មសិទ្ធិឯកជន ។​
​ពាក់ព័ន្ធ​ទៅនឹង​ការលើកឡើង​ទាំង​អ​ប្បាល​មាណ​ខាងលើនេះ អរិយធម៌​ព្យាយាម​ទំនាក់ទំនង​តាម​ទូរស័ព្ទ​ទៅ​លោក អ៊ុំ វណ្ណា ដើម្បី​សុំ​ការបំភ្លឺ​ដែរ តែ​មិនអាច​ទាក់ទង​បាន​៕
​ដោយ​៖ នាយ​ដន​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya