ភ្នំពេញ ៖ រថយន្តពីរ ២ គ្រឿង ត្រូវរងនៅការខូចខាតយ៉ាងដំណំ ក្នុងខណៈដែល បុរស ម្នាក់ស្រវឹងស្រាជោគខ្លួន បានបើកបររថយន្តមួយគ្រឿងម៉ាកគារ របស់ក្រុមហ៊ុនស្រាបៀរ ANCHER ក្នុងល្បឿនលឿនរេចង្កូតបុកគូទ រថយន្តឡិចស៊ីស RX 300 ដែលចតស្ងៀម នៅផ្លូវផ្ទះបណ្តាលឲ្យរងការខូចខាត។ គ្រោះថ្នាក់នេះត្រូវបាននគរបាលមូលដ្ឋាន បញ្ជាក់ថា កើតឡើងកាលពីវេលាម៉ោង ១និង ០០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ២០១៣ ស្ថិតនៅចំណុចមុខផ្ទះលេខ ១៥៣ ក្នុងភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌមានជ័យ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា រថយន្តបង្កហេតុម៉ាកគារ ពណ៌ក្រហម បិទស្លាកឡូហ្គោ ស្រាបៀរ ANCHER ពាក់ស្លាកលេខ បណ្តោះអាសន្ន ៨៣៤៦ បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយតាង៉ូវ ចុះពីផ្លូវជាតិលេខ១ បានប្រហែលជាង ៣០០ ម៉ែត្រ ដោយបានបើកយ៉ាងលឿនផងនោះ ស្រាប់តែរេចង្កូត រថយន្តឡើងខឿនជ្រុលទៅ បុកចំគូទរថយន្តឡិចស៊ីស RX 300 ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2L-4802 ដែលកំពុងចតស្ងៀមនៅលើចិញ្ចើមផ្លូវ បណ្តាលឲ្យគូទរថយន្តឡិចស៊ីស ត្រូវរងការ ខូចខាតទាំងស្រុង ចំណែក រថយន្តបង្កហេតុវិញនោះត្រូវខូចខាតផ្នែកហើយខាងមុខ ហើយព្យាយាមបើករត់គេចខ្លួនពីចំណុចកើតហេតុ បានជាង ២០០ ម៉ែត្រទើបរថយន្ត បន្តដំណើរទៅមុខលែងរួចក៏ត្រូវសមត្ថកិច្ចឃាត់បានតែម្តង។
គួរបញ្ជាក់ថា ក្នុងហេតុការណ៍នេះបណ្តាលឲ្យបុរសជាអ្នកបើកបររថយន្តបង្កហេតុត្រូវរង របួសបែកក្បាលហូរឈាមស្រោចខ្លួន ដោយបោកក្បាលនឹងកញ្ជក់រថយន្តរបស់ ខ្លួនឯងនៅផ្នែកខាងមុខ ។ បន្ទាប់ពីកើតហេតុ រថយន្តទាំង ២ គ្រឿងត្រូវបាននគរបាល មូលដ្ឋានសហការជាមួយនគរបាលចរាចរខណ្ឌមានជ័យ ចុះមកអន្តរាគមន៍ធ្វើការ វាស់វែងអូសយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ រង់ចាំដោះស្រាយ តាមផ្លូវច្បាប់ ។ គ្រោះថ្នាក់ខាងលើនេះសមត្ថកិច្ចបានឲ្យដឹងទៀតថាបង្កឡើង ដោយសារអ្នកបើកបររថយន្តបង្កហេតុស្ថិតក្នុង សភាពស្រវឹងស្រាខ្លាំងពេក ហើយបើករថយន្តលឿនទៀតទើបបណ្តាលឲ្យរេចង្កូតបុករថយន្តឡិចស៊ីសទាំង កំរោលតែម្តងទៅ៕
ទុយ ម៉ែន