ខេត្តកំពង់ឆ្នាំង៖យុវជនជាបេក្ខភាពរបស់គណបក្សប្រជាជន មកពីស្រុកក្រុងទាំង៨របស់ខេត្ត កំពង់ឆ្នាំង ចំនួន២៨នាក់ នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៤នេះបានមកចូលរួមក្នុងពិធីបោះឆ្នោតជ្រើសរើសយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង សំរាប់ចូលរួមកម្មវិធីបណ្តុះបណ្តាលសកម្មជនយុវជនប្រចាំតំបន់។កម្មវិធីនេះបានធ្វើឡើងនៅក្នុងសាលប្រជុំ គណបក្សប្រជាជនកម្ពុជា ក្រោមអធិបតីភាពលោក កែ ប៊ុនខៀង អនុប្រធានគណៈឃោសនាអប់រំនៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ព្រមទាំងយុវជនជាសមាជឹកបក្សជាង៦០នាក់បានចូលរួម។
លោក ម៉ាត់ ម៉ូត អនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង បានថ្លែងនៅក្នុងពិធីនេះថា៖ខេត្តកំពង់ឆ្នាំងមានគណៈកម្មាធិការគណបក្សខេត្ត គណៈកម្មាធិការគណបក្សក្រុង ស្រុកចំនួន៨ គណៈកម្មាធិការគណបក្សតាមមន្ទីរអង្គភាព ឃុំ សង្កាត់ចំនួន៧៩ គណៈកម្មាធិការសាខាបក្សចំនួន៥៥៣ និងសាខាបក្សចំនួន២៧០។
តាមការអនុវត្តន៍ជាក់ស្តែងកន្លងមក សមាជិកគណបក្ស ក៍ដូចជាមហាជន ប្រជាជននៅក្នុងខេត្តមានជំនឿជឿជាក់គាំទ្រគណបក្សដោយឥតងាករេ ធ្វើអោយលទ្ធផលនៃការបោះឆ្នោតជ្រើរើសឃុំ សង្កាត់ អាណត្តិទី៣ និងជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៥ ក៏ដូចជាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក អាណត្តិទី២កន្លងមករបស់ខេត្តកំពង់ឆ្នាំងទទួលបានលទ្ធផលល្អ ដោយគណបក្សប្រជាជន នៅតែជាគណបក្សនាំមុខគេ និងនៅតែជាតំណាងដ៍ពិតប្រាកដរបស់ប្រជាជនក្នុងខេត្តទាំងមូល។ប្រការ ដែលចាំបាច់ និងមិនអាចខ្វះបាននោះគឺគណបក្សត្រូវកសាង និងពង្រឹងឃោសនឹករបស់ខ្លួនជាពិសេស ឃោសនឹកវ័យក្មេងបន្តវេន ក្នុងសកម្មេជនយុវជន ដែលក្នុងថ្ងៃនេះ យើងត្រូវធ្វើពិធីបោះឆ្នោតជ្រើសរើសសកម្មជនយុវជនគណបក្សចាំតំបន់។
លោក កែ ប៊ុនខៀង អនុប្រធានគណៈឃោសនាអប់រំនៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានធ្វើការសំណេះសំណាលនិងពន្យល់ណែនាំអំពីនីតិវិធីបោះឆ្នោតជ្រើសរើសសកម្មេជនយុវជនគណបក្សប្រចាំតំបន់ តាមស្មារតីលិខិតណែរនាំលេខ១១៤ ស.ជ.ខ.គ.ក ចុះថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៤របស់ខុទ្ទកាល័យគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា។ក្នុងនោះដែរលោកបានណែនាំអំពីនីតិវិធីនៃការបោះឆ្នោតមាន៣ចំណុចគឺ៖ ទី១.ការបង្ហាញខ្លួនរបស់បេក្ខជនដែលឈរឈ្មោះអោយអង្គបោះឆ្នោត ដែលត្រូវបង្ហាញពីកំរិតវប្បធម៌ និងសកម្មភាពការងារផ្សេងៗកន្លងមក,ទី២. ឆ្លើយនឹងសំនួររបស់អង្គបោះឆ្នោត,ទី៣.ណែនាំពីការបោះឆ្នោត។
អ្នករៀបចំការបោះឆ្នោតបាននិយាយអោយដឹងថា៖ពិធីបោះឆ្នោតនេះបេក្ខជនដែលត្រូវឈរឈ្មោះ តាមបណ្តាក្រុងស្រុកទាំង៨ ត្រូវឈរឈ្មោះចំនួន៣នាក់ក្នុង មួយស្រុកៗ ក្រោយពីការណែរនាំខ្លួន និងឆ្លើយសំណួររបស់អង្គបោះឆ្នោតរួចមក ការបោះឆ្នោតក្នុងស្រុកៗតំរូវយកតែបេក្ខជន១រូបប៉ុណ្ណោះ។សំរាប់ ចូលរួមកម្មវិធីបណ្តុះបណ្តាលសកម្មជនយុវជនប្រចាំតំបន់។
ពិធីបោះឆ្នោតបានដំណើរការទៅយ៉ាងរលូនតាមកម្មវិធីដែលបានគ្រោងទុក និងទទួលបានលទ្ធផលជាផ្លែផ្កា និងតម្លាភាពគួរជាទីមោទនៈ ធ្វើអោយសមាជឹកសមាជិការនៅក្នុងអង្គបោះឆ្នោតទាំងអស់ ស្វាគមន៍ និងគាំទ្រលទ្ធផលនៃការបោះឆ្នោត៕ សុខហ៊ាន
» ព័ត៌មានជាតិ » បោះឆ្នោតជ្រើសរើសយុវជនគណបក្សប្រជាជនកម្ពុជា ដើម្បីបណ្តុះបណ្តាលជាសកម្មជនយុវជនប្រចាំតំបន់