បន្ទាយមានជ័យ ៖ ទំនិញជាគ្រឿងឧបភោគបរិភោគនិងគ្រឿងភេសជ្ជៈចំនួន៤ប្រភេទខូចគុណភាព,ហួសកាលកំណត់ប្រើប្រាស់ និងគ្មានស្លាកសញ្ញាត្រឹមត្រូវចរចរណ៍នៅលើ ទីផ្សារក្នុងស្រុកថ្មពួករួមមានត្រីខកំប៉ុងចំនួន១៩៧កំប៉ុង ទឹកក្រូចចម្រុះ១៤៦ដបកំទេចមី៣៦២កញ្ចប់និងភេសជ្ជៈអូរ ឡាតេ១០កំប៉ុងដែលអាជីវករតាំងលក់ខុសពីគោលការណ៍ច្បាប់ត្រូវបាន សមត្ថកិច្ចចម្រុះដឹកនាំដោយលោក សានវិជ្ជាសារ៉ាវុធ អនុប្រធានកាំ កុងត្រូល សាខាខេត្តបន្ទាយមានជ័យ ចុះទៅត្រួតពិនិត្យនិងដកហូតទំនិញទាំងនោះយកមករក្សាទុកដើម្បី រង់ចាំដុតកំទេចចោល។
ការចុះត្រួតពិនិត្យទំនិញនៅ ស្រុកថ្មពួកខេត្តបន្ទាយមានជ័យ សមត្ថកិច្ចធ្វើឡើង កាលពី ព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៤ នៅផ្សារចំនួន២សរុបចំនួន៣៥តូបនិងផ្ទះប្រជា ពលរដ្ឋ លក់គ្រឿងទេសចំនួន១០ផ្ទះផងដែរ។
អនុប្រធានកាំកុងត្រូលសាខាខេត្តបន្ទាយមានជ័យ លោក សាន វិជ្ជាសារ៉ាវុធ បានប្រាប់ឱ្យដឹងថា ការចុះត្រួតពិនិត្យទំនិញនៅទីផ្សារស្រុកថ្មពួកសមត្ថកិច្ចជំនាញ អនុវត្តទៅតាមតួនាទីភារកិច្ចដើម្បីពង្រឹងអនុវត្តច្បាប់ទៅដល់ អាជីវករឱ្យពួកគាត់បានយល់ដឹងនិងចូលរួមបង្ការទប់ស្កាត់ចរាចរណ៍ ផលិតផលនិងទំនិញគ្មានសុវត្ថិភាពចៀសវាងប្រជាពលរដ្ឋទិញយកទៅបរិភោគ និងប្រើប្រាស់បណ្តាលឲ្យប៉ះពាល់សុខភាពហើយបង្កឲ្យកើតមានជម្ងឺ ផ្សេងៗជាហេតុធ្វើឱ្យខាតបង់ថវិការក្នុងគ្រួសារនិងថវិការជាតិ ជាដើម។
ក្នុងការចុះត្រួតពិនិត្យនិង ដកហូតទំនិញពីអាជីវករ ខាងលើសមត្ថកិច្ចធ្វើការ អប់រំនិង ឱ្យកិច្ចសន្យាបងប្អូនអាជីវករឱ្យពួកគាត់បញ្ឈប់ការដាក់តាំងលក់ ផលិតផលនិងទំនិញដែលគ្មានសុវត្ថិភាពបន្តទៀត ៕