ភ្នំពេញ ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង ក្នុងខណៈដែលប្រជាពលរដ្ឋបានប្រទះឃើញ បុរសម្នាក់ ជាជនជាតិបរទេសស្រវឹងស្រាជោគខ្លួនបានបាត់បង់ស្មារតី សម្រេចដេកច្រងាងនៅលើចិញ្ចើមផ្លូវមុខមណ្ឌលសុខភាព មជ្ឈវិជ្ជាសង្គម ផ្លូវលេខ ១២៨ ក្នុងសង្កាត់មិត្តភាព ខណ្ឌ៧ មករា កាលពីវេលាម៉ោង ១២និង ០០ នាទីយប់ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០១៣ ។
បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋរស់នៅជិតចំណុចកើតហេតុ ដែលបានឃើញហេតុ ការណ៍នេះ បានឲ្យដឹងថា មុនពេលកើតមានការភ្ញាក់ផ្អើលបុរសជនជាតិបរទេស ម្នាក់បានដើរទាំងទប់ខ្លួនស្ទើរ មិននឹង ទ្រេតទៅ ទ្រេតមក រហូតដើរមកដល់ ចំណុច កើតហេតុខាងលើ ស្រាប់តែជនជាតិបរទេសរូបនោះបាន សម្រេចផ្តួលខ្លួនដេកលើ ចិញ្ចើមផ្លូវហាក់បីដូចជា មនុស្សត្រូវថ្នាំសណ្តំរបស់គេ ធ្វើឲ្យប្រជាពលរដ្ឋនៅជិត នោះ នាំគ្នារោមមើល ហើយមានការភិតភ័យក៏រាយការណ៍ទៅនគរប៉ុស្តិ៍មូលដ្ឋានឲ្យ ចុះ មកពិនិត្យដើម្បីចង់ដឹង ពីមូលហេតុច្បាស់ ។ ពេលនគរបាលចុះមកដល់កន្លែងកើតហេតុនឹងបានធ្វើការត្រួតពិនិត្យមើល ទើបដឹងថា បុរសជនជាតិបរទេសនេះស្រវឹងស្រាខ្លាំងពេក រហូតធ្វើឲ្យបាត់បង់ស្មារតីមិនអាចបន្ត ដំណើរទៅមុខទើប ប្រាសខ្លួនដេកលក់នៅចំណុចកើតហេតុនេះតែម្តងទៅ ដោយមិន មានពាក់ព័ន្ធករណីបទល្មើសព្រហ្មទណ្ឌអ្វី ដូចជាការគិតរបស់ប្រជាពលរដ្ឋនោះទេ។
សមត្ថកិច្ចបានបញ្ជាក់ថា បន្ទាប់ពីកើតមានហេតុការណ៍ភ្ញាក់ផ្អើលសមត្ថកិច្ច ក៏បាន ទំនាក់ទំនង ទៅរថយន្តសាមុយមកដឹកបុរសជនជាតិខាងលើនេះ យកទៅសង្គ្រោះ នៅមន្ទីរពេទ្យភ្លាមៗ ព្រោះដោយសាររូបគេមិនអាចនិយាយស្តីបានហើយមិនដឹងថា ទំនាក់ទំនងទៅក្រុមគ្រួសាររបស់គេយ៉ាងណា ដូច្នេះមានតែហៅរថយន្តសាមុយមក ដឹកយកទៅមន្ទីរពេទ្យសិន ៕