ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ផ្ទះ​ទទួល​ទិញ​នៅ​ផល​ចោរកម្ម​ពី​ឡាន​ដឹក​ប្រេងឥន្ធនៈ​តេ​លា​មួយកន្លែង កំពុង​លួច​សំ​ង៉​ទិញ​យ៉ាង​រំភើយ​  ||     ចាប់​ឡាន​ដឹកឈើ​ប្រណិត​មួយគ្រឿង មិនបាន​មួយ​ដង្ហើមចង្រិត​លែង​វិញ​បាត់​  ||     ធ្លាយ​រឿង​អំពើពុករលួយ ជួសជុល​និង​លាប់ថ្នាំ​តិចតួច នៅ​អគារ​ធំ ផ្នែក​ខ្លះ​នៃ​ជា​ន់ទី២និង​ទី៣ មន្ទីរពេទ្យ​លោកសង្ឃ ចំណាយលុយ​រដ្ឋ ជិត១លាន​ដុល្លា (៣ ១២០លាន​រៀល) សង្ស័យ​ប្រធាន​ពេទ្យ លោក តាន់ សុគន្ធ ចំណេញ​គ្រប់ទឹក?​  ||     មេព្រៃ​ខេត្តក្រចេះ មើលមិនឃើញ​ក្រុម​រកស៊ី​ដឹកឈើ​ប្រណីត​តាម​រថយន្ត​យី​ឌុប សាំ​យ៉ុង ម៉ូតូ​ជាច្រើន​គ្រឿង ដែល​ដឹក​តាម​ដងផ្លូវ​ជា​រៀងរាល់ថ្ងៃ សង្ស័យ​ត្រូវ​ថ្នាំ​សណ្ដំ​ឈ្មួញ​  ||     បែកធ្លាយ​លុយ៥ម៉ឺន​ដុល្លា​សម្រាប់​រត់ការ​ដាក់​ឆ្នុក​បំផ្លាញ​ម​ឆ្ឆា​ជាតិ ជូន​ដល់​អង្គភាព​ពាក់​ព័​ន្ឋ​ខេត្តកំពង់ធំ?​  ||   

» ប្រវត្តិសាស្រ្ត » ព្រះរាជ​ជីវប្រវត្តិ​ ភាគទី5 : ​មហាក្សត្រ​វ័យក្មេង​និង​ល្បែង​ស្នេហា​(​តពីលេខមុន​)

ព្រះរាជ​ជីវប្រវត្តិ​ ភាគទី5 : ​មហាក្សត្រ​វ័យក្មេង​និង​ល្បែង​ស្នេហា​(​តពីលេខមុន​)

​    ​ស្នេហា​រវាង​ព្រះមហាក្សត្រ​ជាមួយ​ម្ចាស់​ក្សត្រិយ នរោត្តម នរ​លក្ខណ៍ នេះ ក៏មាន​មជ្ឈដ្ឋាន​នៅ រាជធានី​ភ្នំពេញ មួយចំនួន​បាន​ចោទប្រកាន់ថា ព្រះមហាក្សត្រ​បាន​លួច​មហេសី​ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ វ៉ា​គ្រី​វណ្ណ ទៅវិញ ហើយ​ក៏មាន​បញ្ញវ័ន្ត​ខ្លះ​មិន​ញញើត​នឹង​ប្រៀបប្រដូច​ព្រះអង្គ​ទៅនឹង​ស្តេច ដា​វីដ លួច ស្នេហា​ជាមួយនឹង​នាង បេ​ត​សា​បេ ជា​ភរិយា​របស់ អុ​យ រី ដែលជា​រឿង​មួយ​ក្នុង​គម្ពីរ​ប៊ី​ប​នោះទេ​។​
​    ​ការពិត​ម្ចាស់​ក្សត្រិយ នរ​លក្ខណ៍ និង​ព្រះមហាក្សត្រ ធ្លាប់​ស្គាល់គ្នា​តាំងពី​វ័យ​កុមារ​មកម្ល៉េះ ព្រោះ​ព្រះ​មាតា​ទាំងពីរ គឺជា​បងប្អូន​បង្កើត​នឹង​គ្នា​។ នៅពេលដែល​ទ្រង់​ស៊ីសុវត្ថិ វ៉ា​គ្រី​វណ្ណ តាម​សុំ​ស្នេហ៍ និង​សុំ​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​ម្ចាស់​ក្សត្រិយ នរ​លក្ខណ៍​នោះ គឺ​ព្រះមហាក្សត្រ ជា​អ្នក​ជួយ​និយាយ ជាមួយនឹង​មាតា​របស់​ព្រះ​នាង ដើម្បី​ឲ្យ​បាន​គ្នា​ជា​គូ​ស្វាមីភរិយា​។ មុន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​ព្រះ នាង នរ​លក្ខណ៍ ទ្រង់ វ៉ា​គ្រី​វណ្ណ បាន​ឆ្លងកាត់​រឿង​ស្នេហា​ច្រើនណាស់ ហើយ​ក្រោយ​រៀប​អា​ពា​ហ៍ ពិពាហ៍ មក​ក៏​នៅតែមាន​ស្នេហា​ផ្សេងៗ​ទៀត​។​
​    ​ព្រះមហាក្សត្រ​និង​ទ្រង់ វ៉ា​គ្រី​វណ្ណ គឺជា​មិត្តភក្តិ​ជិតស្និទ្ធ​នឹង​គ្នា ហើយ​បើទោះបី​ព្រះអង្គ​យក​ព្រះ នាង នរ​លក្ខណ៍ ជា​មហេសី ហើយក៏​ដោយ ក៏​មិត្តភាព​នេះ​នៅតែ​ដូច​មុន​ដដែល​។ នៅក្នុង​ទសវត្សរ៍​ឆ្នាំ ១៩៥០ ព្រះមហាក្សត្រ បានតែងតាំង​ទ្រង់ វ៉ា​គ្រី​វណ្ណ ជា​នាយក​ពិធីការ ព្រះបរមរាជវាំង ហើយ​ទ្រង់​បាន ដង្ហែ​ព្រះមហាក្សត្រ​ទៅ​ប្រទេស​បារាំង​និង​ប្រទេស​ផ្សេងៗ​ទៀត​ជា​បន្តបន្ទាប់​។​
​    ​ចំពោះ​ការតែងតាំង​នេះ ត្រូវបាន​មជ្ឈដ្ឋាន​ខ្លះ​និយាយ​មួលបង្កាច់​ថា ទ្រង់ វ៉ា​គ្រី​វណ្ណ បានប្រគល់ ភរិយា​ថ្វាយ​ព្រះមហាក្សត្រ ដើម្បី​ដូរ​យកបុណ្យ​ស័ក្តិ លុយកាក់​ទៅវិញ​។ តែ​ការពិត​ទ្រង់​ជា​ព្រះអង្គម្ចាស់ មួយអង្គ ប្រកបដោយ​កិត្តិយស​ខ្ពង់ខ្ពស់ និង​មានទ្រព្យ​សម្បត្តិ​សម្បូរហូរហៀរ​រួចទៅហើយ​។​
​    ​នៅក្នុង​ខែសីហា​ឆ្នាំ​១៩៥៩ ទ្រង់ វ៉ា​គ្រី​វណ្ណ ត្រូវ​សុគត ដោយសារ​ការដាក់​គ្រាប់បែក​ក្នុង​ប្រអប់ អំណោយ​មួយ ដែល​គេ​ផ្ញើមក​ថ្វាយ​ព្រះមហាក្សត្រ​និង​ព្រះ​មាតា​ព្រះបិតា​របស់​ព្រះអង្គ​។ ទ្រង់ វ៉ា​គ្រី​វណ្ណ ជា​អ្នកបើក​ប្រអប់​អំណោយ​អនាមិក​នោះ ក៏​ផ្ទុះឡើង​បណ្តាល​ឲ្យ​ទ្រង់​និង​មន្ត្រី​បរមរាជវាំង​២​នាក់​ទៀត ត្រូវស្លាប់​។ នេះ​គឺជា​ការប៉ុនប៉ង​ធ្វើឃាត​ព្រះមហាក្សត្រ ដោយ​គេ​សង្ស័យថា​បណ្តាលមកពី​ជំហរ​ប្រកាន់​នយោបាយ​អព្យាក្រឹតរ​បស់​ព្រះអង្គ ខណៈដែល​ជម្លោះ​រវាង​ប្លុក​កុ​ម្មុយ​និ​ស្ត​និង​ប្លុក​សេរី ជ្រាប​ចូលដល់​ទឹកដី​កម្ពុជា​។​
​    ​ទំនាក់ទំនង​ស្នេហា​រវាង​ព្រះមហាក្សត្រ​និង​ព្រះ​នាង នរ​លក្ខណ៍​បាន​រសាយ​ទៅវិញ នៅ​ដើមឆ្នាំ ១៩៦០ ដោយសារតែ​ការ​ប្រចណ្ឌ​ខ្លាំង​ឡើងៗ រវាង​ព្រះមហាក្សត្រ និង​អ្នក​ម្នាង ម៉ូ​និក ជា​គូស្នេហ៍​ថ្មី របស់​ព្រះអង្គ រហូតដល់​ចុងក្រោយ​ព្រះ​នាង​សម្រេចចិត្ត​ទៅ​រស់​នៅឯ​ប្រទេស​បារាំង​តែ​អង្គឯង ដោយ​ពុំ មាន​បុត្រាបុត្រី​មួយអង្គ​ឡើយ​។​
​    ​ក្នុង​គោលបំណង​លើក​កិត្តិយស​ព្រះមហាក្សត្រ​វ័យក្មេង នៅក្នុង​មជ្ឈដ្ឋាន​មន្ត្រីជាន់ខ្ពស់​បារាំង នៅ​កម្ពុជា និង​នៅ​ឥណ្ឌូចិន លោក​ហ្ស័​ក ហ្គោ​ជេ ទេសាភិបាល​ជាន់ខ្ពស់​បារាំង ដែល​ទើប​មក​គ្រប់គ្រង ប្រទេស​កម្ពុជា បានរៀបចំ​ផែនការ​មួយ​មាន​៣​ចំណុច​គឺ ទី​១ រៀបចំ​មហា​ដំណើរ​មួយ​របស់​ព្រះ មហាក្សត្រ នៅ​ជុំវិញ​ប្រទេស រាប់បញ្ចូល​ទាំង​តំបន់ភ្នំ​ដងរែក ដែល​កម្រ​មាន​មនុស្ស​ទៅដល់​។ បន្ទាប់មក ត្រូវ​ឆ្លងកាត់​ប្រទេស​វៀតណាម​ពី​ភាគខាងត្បូង (​កូសាំងស៊ីន អណ្ណាម តុងកឹង​) ហើយ​ឆ្លង​ចូលមក​ប្រទេស​ឡាវ ពី​ខាងត្បូង​មក​ខាងជើង (​សៀង​ក្ខា​ង ហ្លួងព្រះបាង វៀង​ច័ន្ទ ប៉ាក់ សេ​) រួច​ត្រឡប់​ចូល ប្រទេស​កម្ពុជា​វិញ ដោយ​ឆ្លងកាត់​ខេត្តស្ទឹងត្រែង​។ ទី​២ ការកែទម្រង់​បែប​ទំនើប​មួយចំនួនធំ​ទៀត រួម មាន រ៉ូ​មាំ​ង​ភាវូបនីយកម្ម​អក្សរសាស្ត្រ​ខ្មែរ ការប្រកាស​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ប្រតិទិន​សុរិយគតិ ដោយ​កំណត់​ឲ្យ​ចូលឆ្នាំ​ខ្មែរ​នៅ​ថ្ងៃទី​១​ខែមករា​វិញ​។ ទី​៣ គម្រោង​រៀប​អាពាហ៍ពិពាហ៍​ព្រះមហាក្សត្រ នរោត្តម​សីហនុ ជាមួយ​យុវតី​ជា​កូន គហបតី ខ្មែរ​ម្នាក់ ដែលមាន​ការអប់រំ​ដ៏​ប្រសើរ​និង​មានពូជ​ពង្ស​វង្ស ត្រកូល​ដ៏​ខ្ពង់ខ្ពស់ ដើម្បី​ឲ្យ​ក្លាយជា​មហេសី​ពេញ​ច្បាប់​នៃ​ព្រះមហាក្សត្រ​កម្ពុជា​។​
​    ​គម្រោង​អាពាហ៍ពិពាហ៍​នេះ គឺ​យក​គំរូ​តាម​អាពាហ៍ពិពាហ៍​របស់​ព្រះមហាក្សត្រ​បៅ​ដាយ នៃ ប្រទេស​វៀតណាម ជាមួយ​យុវតី ណាំ​ផួ​ង ដែលជា​កូនស្រី​ដ៏​ស្រស់ប្រិមប្រិយ​នៃ​ត្រកូល​អភិជន​ម្នាក់ នៅ​កូសាំងស៊ីន ដែល​បារាំង​យល់ថា ស័ក្តិ​សមជា​មហាក្សត្រិយ​ទំនើប​ទាន់សម័យ​។​
​    ​ចំពោះ​គម្រោង​ទី​៣​នេះ លោក​ហ្ស័​ក ហ្គោ​ជេ ទេសាភិបាល​ជាន់ខ្ពស់​បារាំង​បានជ្រើសរើស​យក កញ្ញា ជួន ជឿ​ម ជា​ចៅស្រី​របស់​អ​តី​តៈ​ចៅ​ហ្វា​វាំង​ជួន ដែល​អ​តី​តៈ​ទេសាភិបាល​ជាន់ខ្ពស់​បារាំង​ឈ្មោះ ធី​បូ​ដូ ត្រូវ​ប្តូរ​ចេញ​នោះ​យល់ថា ចៅ​ហ្វា​វាំង​ជួន​នេះ បានធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​មកលើ​ព្រះមហាក្សត្រ​ខ្មែរ​អស់ ៣​ជំនាន់​មកហើយ​នោះ ដើម្បី​រៀប​អភិសេក​ជាមួយ​ព្រះមហាក្សត្រ ដោយ​មិន​ទទួលស្គាល់​អ្នក​ម្នាង ផាត់ កា​ញ៉ុ​ល និង​ម្ចាស់​ក្សត្រិយ ស៊ីសុវត្ថិ​ពង្ស​សាន្ត​មុនី ឡើយ​។ តែ​ព្រះមហាក្សត្រ​ទ្រង់​ឈ្វេង​យល់ថា កញ្ញា ជួន ជឿ​ម មិនមាន​រូប​ស​ម្ជ​ស្ស​ស្រស់ស្អាត​គួរ​ជាទី​ទាក់ទាញ​ព្រះទ័យ​ទេ ប៉ុន្តែ​នាង​មានការ​សិក្សា​ចេះដឹង ជ្រៅជ្រះ និង​ជា​មេផ្ទះ​ដ៏​ចំណាន​ម្នាក់​ដូច​ម្ចាស់​ក្សត្រិយ ណាំ ផួ​ង ជា​មហេសី របស់​ព្រះ​ចៅ បៅ​ដាយ​ដែរ​។ ជាមួយគ្នា​នោះ មជ្ឈដ្ឋាន​ខ្លះ​បាន​ចាប់អារម្មណ៍​ថ្ងៃខែ​ឆ្នាំ​កំណើត​របស់​កញ្ញា​ជួន ជឿ​ម ដែល​កើត​នៅ​ថ្ងៃទី ៣១​ខែតុលា​ឆ្នាំ​១៩២២ ដូច​ព្រះមហាក្សត្រ​ដែរ ខុសគ្នា​តែ​ម៉ោង​ប៉ុណ្ណោះ​។​
​    ​គម្រោង​រៀប​អាពាហ៍ពិពាហ៍​នេះ​បានទទួល​ការគាំទ្រ​និង​អបអរសាទរ​យ៉ាងខ្លាំង ពី​មជ្ឈដ្ឋាន​មន្ត្រី បារាំង និង​ខ្មែរ​មួយចំនួនធំ​។ ប៉ុន្តែ​ព្រះបិតា​សុរា​ម្រឹត មិនមាន​យោបល់​អ្វី​ក្រៅពី​មានបន្ទូល​យ៉ាងខ្លី​ថា គ្មាន យោបល់​។ ឯ​ព្រះ​មាតា​កុសុមៈ​វិញ គ្មានអ្វី​ក្រៅពី​លើកឡើងថា ព្រះមហាក្សត្រ​ជា​បុត្រ​របស់​ទ្រង់​ត្រូវ​គង់ នៅ​លីវ​រហូត​នោះឡើយ​។
​    ​ការពិត​ព្រះមហាក្សត្រ ក៏​ធ្លាប់​ស្គាល់​កញ្ញា​ជួន ជឿ​ម នេះដែរ​។ ព្រះអង្គ​សម្គាល់​ឃើញថា កញ្ញា ជួន ជឿ​ម មានគុណ​សម្បត្តិ​និង​អត្តចរិត​គួរ​ឲ្យ​ស្រឡាញ់​រាប់អាន និង​គួរ​ឲ្យ​គោរព​។ ប៉ុន្តែ​រូប​សម្រស់​របស់ នាង​មិន​ទាក់ទាញ​ព្រះទ័យ​ព្រះអង្គ​បន្តិច​ទាល់តែសោះ​។ ព្រះអង្គ​ឈ្វេង​យល់ថា បើ​ព្រះអង្គ​រៀប អាពាហ៍ពិពាហ៍​ជាមួយ​នាង​នោះ ព្រះអង្គ​ប្រាកដជា​ក្លាយទៅជា​ស្វាមី​ដ៏​សែន​អាក្រក់​ម្នាក់​ជាមិនខាន ព្រោះ​ព្រះអង្គ​នឹង​ទៅរក​ការ​ត្រេកត្រអាល​ជាមួយ​ស្រី​ផ្សេងទៀត​យ៉ាងពិត​ប្រាកដ ហើយ​បើ​ព្រះមហាក្សត្រ មិន​ស្មោះត្រង់​ភូតកុហក​បោកប្រាស់ មហាក្សត្រិយានី​ខ្លួនឯង​បែបនេះ នឹងត្រូវ​រង​ការទិតៀន​ជាង ព្រះមហាក្សត្រ​ដែល​នៅ​លីវ ដើរ​ក្រេប​លំអង​បុ​ប្ជា​ពីមួយ​ទៅមួយ​ទៀត​។​
​    ​ព្រះ​មាតា កុសុមៈ ដែល​មិន​ចង់​ឲ្យ​បុត្រា​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​កញ្ញា​ជួន ជឿ​ម នោះ បាន ខិតខំ​ព្យាយាម​ពន្យល់​ដោយ​ភាពឈ្លាសវៃ​របស់​ទ្រង់ ចំពោះ​លោក​ទេសាភិបាល​ជាន់ខ្ពស់ ហ្ស័​ក ហ្គោ​ជេ និង​ភរិយា​របស់លោក​ថា ជាការ​ត្រឹមត្រូវ ហើយ​ដែល​លោក​ទេសាភិបាល​ជាន់ខ្ពស់ ចង់​ឲ្យ​ព្រះមហាក្សត្រ រៀប​អាពាហ៍ពិពាហ៍​ជាមួយ​កញ្ញា​ជួន ជឿ​ម ជា​យុវតី​ដ៏​ថ្លៃថ្នូរ​គួរ​ឲ្យ​គោរព ប៉ុន្តែ​ព្រះមហាក្សត្រ​មិន ស្រឡាញ់​នាង​ទេ​។ ការបដិសេធ​នេះ​បានធ្វើ​ឲ្យ​លោក ហ្គោ​ជេ មានការ​អាក់អន់ស្រពន់ចិត្ត​បន្តិច​ដែរ​។​
​    ​គ្រួសារ​ត្រកូល ជួន នេះ កាលពី​ឆ្នាំ​១៩៤១ គឺ​ពេល​ព្រះមហាក្សត្រ​ព្រះមុនីវង្ស សោយ​ទិវង្គត ទៅ ព្រះ​បិតុលា​(​ឪពុកមា​) ព្រះមហាក្សត្រ​គឺ​ព្រះអង្គម្ចាស់​ស៊ីសុវត្ថិ មុនី​រ៉េត ដែលជា​រាជទាយាទ​ត្រូវ​ឡើង ស្នងរាជ្យ​បន្ត​នោះ បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​កញ្ញា​ដ៏​ស្រស់ប្រិមប្រិយ គួរ​ឲ្យ​ចូលចិត្ត​ម្នាក់​គឺ ប៉ុក វ៉ា​ណេ​ហៅ​រ៉ូ​ហ្សេ​ត​ប៉ុក ត្រូវជា​បងប្អូនជីដូន​មួយ​របស់​កញ្ញា​ជួន ជឿ​ម នេះដែរ​។ ប៉ុន្តែ​បារាំង​មិនបាន​ជ្រើស រើស​ទ្រង់ មុនី​រ៉េត ទេ បែរជា​ជ្រើសរើស​សម្តេចព្រះ​សីហនុ​ឲ្យ​ឡើង​គ្រងរាជ្យ​បន្ត​ពី​ព្រះ​អ​យ្យិ​កោ មុនី​វង្ស ទៅវិញ​។
​    ​កញ្ញា ជួន ជឿ​ម នេះ គឺជា​ក្តីសង្ឃឹម​ចុងក្រោយ​របស់​គ្រួសារ​ត្រកូល ជួន ដែល​ប្រកបដោយ មហិច្ឆតា​នេះ​។ ការ​ប្រកែក​មិន​ព្រម​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​កញ្ញា ជួន ជឿ​ម នេះ គឺជា​ការប្រមាថ​ដ៏ ធ្ងន់ធ្ងរ​មួយ​សំរាប់​គ្រួសារ​នេះ​។ ក្រោយមក​បងប្អូន​កញ្ញា ជួន ជឿ​ម បាន​ចូលរួម​ជាមួយ សឺ​ង ង៉ុ​កថា​ញ់ ហើយ​បន្ទាប់មកទៀត គ្រួសារ​ត្រកូល ជួន ដែលមាន​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភ​បំផុត​នេះ បានក្លាយ​ទៅជា មេដឹកនាំ​កុ​ម្មុយ​និ​ស្ត​ខ្មែរក្រហម ប្រឆាំងនឹង​របបរាជានិយម ប្រឆាំងនឹង​វណ្ណៈ​សក្តិភូមិ វណ្ណៈ​គហបតី ទៅវិញ​។​
​    ​ប៉ុក ដឺ​កុមារ ជា​ក្មួយប្រុស​របស់​អ្នកស្រី ប៉ុក វ៉ា​ណេ​ហៅ​រ៉ូ​ហ្សេ​ត​ប៉ុក ជា​មហេសី​របស់​ព្រះអង្គម្ចាស់ មុនី​រ៉េត គឺជា​អ្នកការទូត​ក្មេងខ្ចី​ដ៏​មាន​អនាគត​ម្នាក់ ក្នុង​របប​សង្គមរាស្ត្រនិយម​នោះ បែរជា​ទៅ​ចូលរួម​ជា មួយ​ចលនា​តស៊ូ​របស់​ខ្មែរក្រហម ដើម្បី​ប្រឆាំងនឹង​ការដឹកនាំ​របស់​សម្តេច​នរោត្តម​សីហនុ នៅក្នុង ទសវត្សរ៍​ឆ្នាំ​១៩៦០​ទៅវិញ​។​
​    ​ចំណែក​ជួន ជឿន ជួន មុំ និង​ជួន ប្រសិទ្ធិ ជា​ប្អូនប្រុស​បង្កើត​របស់​កញ្ញា ជួន ជឿ​ម​នោះ ក្រោយ មក​បាន​ក្លាយជា​មេដឹកនាំ​របប​កុ​ម្មុយ​និ​ស្ត​កម្ពុជា​ប្រជាធិបតេយ្យ​របស់​ប៉ុល ពត ដែល​នេះ​ត្រូវបាន មជ្ឈដ្ឋាន​ខ្លះ​យល់ថា បណ្តាលមកពី​រឿង​ព្រះមហាក្សត្រ​មិន​ព្រម​រៀប​អាពាហ៍ពិពាហ៍​ជាមួយនឹង​បងស្រី ពួកគេ​ហ្នឹងឯង​។ ប៉ុន្តែ​ទោះបី​យ៉ាងណាក៏ដោយ ក៏​កញ្ញា​ជួន ជឿ​ម បាន​រៀបការ​លោក​ឈាន វ៉​ម ជា នាយករដ្ឋមន្ត្រី ក្នុងសម័យ​សង្គមរាស្ត្រនិយម​ដែរ​។​
​    ​ក្នុងចំណោម​បងប្អូន​កញ្ញា ជួន ជឿ​ម មានតែ ជួន ជុំ ម្នាក់​ប៉ុណ្ណោះ ដែល​មិន​ចូលរួម​ជាមួយ ចលនា​តស៊ូ​របស់​ពួក​ខ្មែរក្រហម​។ ជួន ជុំ បានរស់នៅ​ក្នុង​របប​សាធារណរដ្ឋ​ខ្មែរ រហូតដល់​ថ្ងៃទី​១៧​ខែ មេសា​ឆ្នាំ​១៩៧៥ ពេល​កងទ័ព​ខ្មែរក្រហម ចូលដល់​ទីក្រុង​ភ្នំពេញ ជួន ជុំ ក៏ត្រូវ​ជម្លៀស​ចេញទៅរ​ស់​នៅ តំបន់​ជនបទ​ព្រៃភ្នំ ដូច​ប្រជាជន​ទីក្រុង​ភ្នំពេញ​ផ្សេងៗ​ទៀត​ដែរ រហូតដល់​ឆ្នាំ​១៩៧៨ ទើប ជួន ជឿន ជួន មុំ និង ជួន ប្រសិទ្ធិ ស្រាវជ្រាវ​រកឃើញ ហើយ​នាំយកមក​រស់នៅ​ទីក្រុង​ភ្នំពេញ​វិញ ដោយ​ឲ្យ​ទទួលខុសត្រូវ​ផ្នែក​ខាង​ហិរញ្ញវត្ថុ​។​
​    ​ក្រោយ​របប​កម្ពុជា​ប្រជាធិបតេយ្យ ត្រូវ​ដួលរលំ​នៅ​ថ្ងៃទី​៧​មករា​១៩៧៩ ជួន ជុំ ត្រូវបានតែងតាំង ជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ ដែល​កំពុង​តស៊ូ​នៅក្នុង​ព្រៃ​។ ឯ ជួន មុំ ជា រដ្ឋមន្ត្រី​វិទ្យាសាស្ត្រ ជួន ជឿន ជា​រដ្ឋមន្ត្រី​សុខាភិបាល និង ជួន ប្រសិទ្ធិ ជា​ឯកអគ្គរដ្ឋទូត​កម្ពុជា​ប្រជា​ធិ​ប តេ​យ្យ​ប្រចាំ​នៅ​អង្គការសហប្រជាជាតិ​។ ចំណែកឯ ឈាន វ៉​ម ជា​ស្វាមី​អ្នកស្រី ជួន ជឿ​ម បានក្លាយ​ទៅ ជា​អនុប្រធាន​រណសិរ្ស​រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ ដែលមាន​លោកតា​សឺ​ន សាន ជា​ប្រធាន​៕

Copyright © 2010-2017 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya