ភ្នំពេញ៖លោកឧបនាយករដ្ឋមន្ត្រី ស ខេងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងជាប្រធានគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍ សម្រាប់ការបោះឆ្នោតបានធ្វើលិខិតមួយច្បាប់ ជូនលោក សម រង្ស៊ីប្រធានគណបក្សសង្គ្រោះជាតិដែលលិខិតនោះចុះថ្ងៃទី៣១ ខែកក្កដាឆ្នាំ២០១៣ ឲ្យលោកសមរង្ស៊ី ធ្វើការតវ៉ាបោះឆ្នោតឲ្យស្របតាមច្បាប់បាតុកម្ម ហើយត្រូវធ្វើនៅទីលានប្រជាធិបតេយ្យនៅជិតវត្តភ្នំ។
លោក ស ខេងបានលើកឡើងថា ដើម្បីបន្តថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់និងសុវត្ថិភាពសង្គម នៃព្រះរាជាណាចក្រកម្ពុជាយើងឲ្យស្ថិតក្នុងស្ថានភាពល្អប្រសើរ ដែលជាលក្ខខណ្ឌចាំបាច់សំដៅធានាបាននូវនិរន្តរភាព ជីវភាពសង្គមសេចក្តីសុខក្សេមក្សាន្តរបស់ប្រជាពលរដ្ឋនិងដំណើរការវិវត្តរីកចំរើនរបស់ប្រទេសជាតិជៀសវាងបាននូវការប្រទូសរ៉ាយ ឬអសន្តិសុខណាមួយជាយថាហេតុនាំឲ្យមានហានិភ័យដល់ប្រទេសជាតិយើង គណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សូមសំណូមពរឯកឧត្តម ដូចតទៅ៖
១-យើងខ្ញុំទទួលស្គាល់ថាការទាមទារតវ៉ានានា ទាក់ទងនឹងដំណើរការនៃការរៀបចំការបោះឆ្នោតគឺជាសិទ្ធិរបស់គណបក្សនយោបាយ ប៉ុន្តែស្នើសុំឯកឧត្តមចាត់ចែងឲ្យបានស្របទៅតាមច្បាប់ជាធរមានពិសេសច្បាប់ស្តីពីការធ្វើបាតុកម្មដោយសន្តិវិធី។ក្នុងករណីដែលមានការចាំបាច់បំផុតនោះ ការប្រមូលផ្តុំប្រជាពលរដ្ឋគួរត្រូវបានរៀបចំឡើងនៅទីលានប្រជាធិបតេយ្យ។
២-ស្នើឯកឧត្តមចាត់តាំងមន្ត្រីបង្គោល ដែលទទួលការងារសន្តិសុខ សណ្តាប់ធ្នាប់ផ្ញើឈ្មោះ និងអាសយដ្ឋានទាក់ទងមកគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការ បោះឆ្នោតសំដៅងាយស្រួលក្នុងការទំនាក់ទំនងសហការគ្នាបានល្អដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពពេលមានការជួបជុំឬប្រមូលផ្តុំប្រជាពលរដ្ឋ។
លោក ស ខេងបានគូសបញ្ជាក់ថា យើងខ្ញុំ សូមសម្តែងនូវក្តីសង្ឃឹមយ៉ាងមុតមាំថា ឯកឧត្តមប្រធាន នឹងយោគយល់ ព្រមទាំងបង្កលក្ខណៈសហការល្អដើម្បីឲ្យគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍ សម្រាប់ការបោះឆ្នោតបំពេញបេសកកម្មជាប្រវត្តិសាស្ត្រ របស់ជាតិ បានប្រកបទៅដោយជោគជ័យដើម្បីជាឧត្តមប្រយោជន៍ និងសេចក្តីថ្លៃថ្នូរបស់ជាតិយើង”។
លោក ស ខេង បានលើកឡើងទៀតថា គិតមកដល់ពេលនេះការរៀបចំដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៥នៃរដ្ឋសភា ទោះបីជាការរារាំងរំខានដល់ការប្រព្រឹត្តចប់ចុងចប់ដើមប្រកបដោយបរិយាកាសសន្តិសុខ និងសណ្តាប់ធ្នាប់ល្អប្រសើរពុំមានឧបសគ្គអ្វីកើតឡើងធំដុំធ្វើឲ្យជះឥទ្ធិពលមិនល្អដល់ការបោះឆ្នោតឡើយរាប់តាំងពីមុនពេលបើកយុទ្ធនាការឃោសនាបោះឆ្នោត ក្នុងពេលឃោសនាបោះឆ្នោតថ្ងៃស្ងាត់ស្ងៀម និងថ្ងៃបោះឆ្នោតទី២៨ ខែកក្កដា ឆ្នាំ២០១៣ផង។
លិខិតនោះបន្តថា ការកត់សម្គាល់គួរជាទីមោទនភាពរបស់ជាតិនោះគឺគ្រប់កម្មវិធីទាំងអស់រាប់ទាំងការជួបប្រជុំសមាជិកគណបក្សនយោបាយឬការដង្ហែក្បួនឃោសនាតូចធំត្រូវបានប្រព្រឹត្តទៅតាមកម្មវិធីគ្រោងទុក ប្រកបដោយសុវត្ថិភាពគ្មានអំពើឃាដកម្មនយោបាយ និងហិង្សានយោបាយដែលនាំឲ្យបាត់បង់អាយុជីវិតមនុស្សគ្រោះថ្នាក់និងមហន្តរាយនានាដល់សង្គមជាតិលើកលែងតែមានប៉ះទង្គិចតិចតួចក្នុងពេលក្បួនដង្ហែការឃោសនាជួបគ្នាប៉ុណ្ណោះប៉ុន្តែករណីទាំងនោះក៏ត្រូវបានអាជ្ញាធរមានសមត្ថកិច្ចនិងភ្នាក់ងារសន្តិសុខបោះឆ្នោតធ្វើការសម្របសម្រួលបានទាន់ពេលវេលា។
លោក សខេង ក៏បានលើកឡើងថាទោះបីលទ្ធផលនៃការបោះឆ្នោតត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតប្រកាសជាបឋមក្តី ក៏សហគមន៍អន្តរជាតិមួយចំនួន រួមមានសហរដ្ឋអាមេរិក សហភាពអឺរ៉ុប ចិន កូរ៉េ ថៃ ហុងគ្រី បង់ក្លាដេសអង្គការសន្និសីទអន្តរជាតិនៃគណបក្សនយោបាយអាស៊ីអង្គការចលនាប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិអាស៊ីប៉ាស៊ីហ្វិកដែលហៅកាត់ថា ICAPP CAPDI បានធ្វើសេចក្តីថ្លែងការណ៍បញ្ជាក់ថាការបោះឆ្នោតបានដំណើរការទៅដោយសេរី យុត្តិធម៌ និងសន្តិសុខល្អ។
មិនទាន់មានការឆ្លើយតបបែបណាពីលោកសមរង្ស៊ី ចំពោះលិខិតរបស់លោកឧបនាយករដ្ឋមន្ត្រី ស ខេង នៅឡើយទេ៕