ទឹកធ្លាក់តាតៃ ជារមណីយដ្ឋានទេសចរណ៍ធម្មជាតិ ស្ថិតនៅចម្ងាយ២០គីឡូម៉ែត្រ ពីទីរួមខេត្តកោះកុង ធ្វើដំណើរតាមផ្លូវជាតិលេខ៤៨ ក្នុងភូមិតាតៃ ឃុំតាតៃ ស្រុកស្មាច់មាន ជ័យ។ រមណីយដ្ឋានមួយនេះ ទើបតែរៀបចំបានប៉ុន្មានឆ្នាំប៉ុណ្ណោះ អាចទាក់ទាញភ្ញៀវទេសចរទៅកម្សាន្តបានយ៉ាងច្រើនកុះករ។
ហេតុដែលនាំឲ្យរមណីយដ្ឋានទឹកធ្លាក់តាតៃ អាចទាក់ទាញភ្ញៀវទេសចរបានយ៉ាងច្រើនកុះករនោះ ក៏ព្រោះតែរមណីយដ្ឋាននេះមានទឹកថ្លាក់២ជាន់ ថ្លាដូចកញ្ចក់ ដោយជាន់ទី១មានកម្ពស់ពី៥ទៅ៦ម៉ែត្រ និងជាន់ទី២មានកម្ពស់១២ទៅ១៥ម៉ែត្រ ហើយហូរធ្លាក់តាមជម្រាលថ្ម ទើបធ្លាក់លើរាងកាយទេសចរ ដែលងូតកម្សាន្ត។ សព្វថ្ងៃ ទឹកធ្លាក់តាតៃត្រូវបានអាជ្ញាធរប្រចាំតំបន់ខិតខំរៀបចំ ឲ្យក្លាយជារមណីយដ្ឋានគំរូរបស់ខេត្តកោះកុង ដើម្បីទទួលស្វាគមន៍ទេសចរជាតិ និងអន្តរជាតិ។ លើសពីនេះទៅទៀត រមណីយដ្ឋានទឹកធ្លាក់តាតៃ មានបឹងមួយឈ្មោះថា បឹងកាឡូ នៅទីនោះមានទូកសម្រាប់ភ្ញៀវទេសចរជួលស្នាក់នៅ ប្រកបដោយភាពអណ្តែតអណ្តូងលើផ្ទៃទឹក និងមានបម្រើសេវាកម្មម្ហូបអាហារយ៉ាងសម្បូរបែប រួមទាំងការជិះទូកទស្សនាទិដ្ឋភាពជីវចម្រុះផ្សេងៗទៀត យ៉ាងត្រេកត្រអាល។
ទេសចរគ្រប់រូប ពេលបានទៅដល់ទឹកធ្លាក់តាតៃហើយ ហាក់មិនចង់វិលវិញឡើយ ពោលគឺចង់នៅស្រូបយកខ្យល់បរិសុទ្ធពីធម្មជាតិដ៏កម្រនៅលើបឹងកាឡូ និងគយគន់ព្រៃព្រឹក្សាដ៏ខៀវស្រងាត់ ដុះជាជូរអមសងខាងបណ្តោយបឹង។
អំណោយពីធម្មជាតិទាំងនេះ ធ្វើឲ្យរមណីយដ្ឋានទឹកធ្លាក់តាតៃ មានសម្រស់ដ៏ត្រកាល និងជាទីទាក់ទាញ៕