ភ្នំពេញៈ ខណៈពេលដែលទីផ្សារសិល្បៈចម្រៀងកំពុងទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងលើស្រទាប់មហាជនពិសេសមិត្តយុវវ័យនោះ នៅពេលនេះ ផលិតកម្មដ៏ថ្មីសន្លាងមួយដែលមានឈ្មោះថា រីឡូតម៉្ញូស៊ិក(Reload Music) ត្រូវបានបង្កើតឡើងដោយមានវត្តមានដ៏ភ្ញាក់ផ្អើលរបស់អតីតតារាចម្រៀងប្រចាំផលិតកម្ម ស្ប៉ាក លោក សានរ័ត្នបញ្ញាស័ក នៅក្នុងផលិតកម្មនោះ។
នៅក្នុងថ្ងៃបើកសម្ពោធផលិតកម្ម រីឡូតម៉្ញូស៊ិក កាលពីថ្ងៃទី១០ ខែមិថុនា កន្លងទៅនេះ លោក សាន រ័ត្នបញ្ញាស័ក ដែលជាតារាចម្រៀងជើងចាស់ក៏បានចុះកុងត្រាជាផ្លូវការជាមួយនឹងផលិតកម្ម រីឡូតម៉្ញូស៊ិក ផងដែរក្នុងនាមជាតារាចម្រៀងរាមច្បង និងជាអ្នកដឹកនាំបង្ហាត់បង្ហាញដល់តារាចម្រៀងថ្មីវ័យក្មេងស្រករក្រោយផងដែរ។
តារាចម្រៀងដែលធ្លាប់ក្រសោបភាពល្បីល្បាញមួយរយៈខ្លីនៅផលិតកម្មស្ប៉ាក រូបនេះបានសម្តែងភាពសប្បាយរីករាយជាមួយនឹងការចុះកុងត្រាការងារថ្មីនេះ ហើយលោកសង្ឃឹមថា លោកនឹងអាចទទួលបានការគាំទ្រជាថ្មីម្តងទៀត។ លោកបាននិយាយថា៖«ខ្ញុំធ្លាប់ទទួលបានការគាំទ្រកាលពីច្រៀងនៅផលិតកម្ម ស្ប៉ាក ហើយខ្ញុំក៏បាត់មុខមួយរយៈ តែសម្រាប់ការងារថ្មីនៅពេលនេះ ខ្ញុំនឹងប្រឹងប្រែងធ្វើឲ្យបានល្អដើម្បីប្រជាប្រិយភាពជាថ្មីម្តងទៀត»។
ក្រៅពីការងារជាតារាចម្រៀងរបស់ រីឡូតម៉្ញូស៊ិក លោក សាន រ័ត្នបញ្ញាស័ក ក៏មានតួនាទីមើលការខុសត្រូវលើការងារមួយចំនួនពិសេសតារាចម្រៀងស្រករក្រោយរបស់ផលិតកម្មនោះផងដែរ។
ដូច្នេះក្នុងការងារនេះ លោក សាន រ័ត្នបញ្ញាស័ក ក៏មានតួនាទីជាអ្នកប្រកាសរើសតារាចម្រៀងបន្ថែមនៅក្នុងផលិតកម្មនេះផងដែរ។ លោកបានបញ្ជាក់ថា នៅពេលខាងមុខនេះ ផលិតកម្មរបស់យើងនឹងជ្រើសរើសតារាចម្រៀងបន្ថែមដូច្នេះបើយុវវ័យទាំងប្រុសស្រីដែលមានទេពកោសល្យសិល្បៈ និងមានសំឡេងល្អ ពួកគេអាចនឹងដាក់ពាក្យចូលប្រឡងបាននៅក្នុងកម្មវិធី«តារាឯកកម្ពុជា» របស់ផលិតកម្មថ្មីយើងបាន។
លោក អ៊ិន មាន ចាងហ្វាងផលិតកម្មរីឡូតម៉្ញូស៊ិក បានឲ្យដឹងថា ការបង្កើតផលិតកម្ម រីឡូតម៉្ញូស៊ិក នេះក្នុងគោលបំណងចូលរួមចំណែកអភិវឌ្ឍន៍វិស័យសិល្បៈ ឆ្លើយតបទៅតាមតម្រូវការរបស់យុវវ័យសម័យថ្មី។ លោកបានបន្តថា នៅពេលខាងមុខដ៏ខ្លី រីឡូតម៉្ញូស៊ិក នឹងចុះកុងត្រាជាមួយនឹងតារាចម្រៀងល្បីៗជាច្រើនដួងបន្ថែមទៀត ហើយផលិតកម្មគ្រោងនឹងបញ្ចេញបទចម្រៀងរបស់ខ្លួនជាលើកដំបូងនៅក្នុងអំឡុងពាក់កណ្តាលខែមិថុនានេះ ប៉ុន្តែជំហានដំបូងបទចម្រៀងអាល់ប៊ុមទី១ នឹងមិនដាក់លក់លើទីផ្សារទេ តែប្រិយមិត្តទាំងអស់អាចស្តាប់បាននៅក្នុងគេហទំព័រ www.khmerload.com ឬ www.happycambodia.com និងហ្វេសប៊ុករបស់ Reload Music ។
គួរបញ្ជាក់ផងដែរថា ផលិតកម្ម រីឡូតម៉្ញូស៊ិក ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនធំៗចំនួន៣ គឺ Manich Media (ក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្មនិងជំនាញទីផ្សារនៅលើប្រព័ន្ធអ៊ីនធឺណិត) គេហទំព័រ www.khmerload.com (គេហទំព័រចំណាត់ថ្នាក់លេខមួយនៅកម្ពុជា)និងភោជនីយដ្ឋានអាហារសមុទ្រអន្តរជាតិFish & Co ៕