ភ្នំពេញ ៖ បុរស ២ នាក់ត្រូវរងរបួសធ្ងន់ធ្ងរ ក្នុងខណៈដែលពួកគាត់ជិះម៉ូតូ១គ្រឿងឌុបគ្នា ហើយត្រូវរថយន្តកាមរី ឆ្លាម ១ គ្រឿងបើកបុកយ៉ាងពេញទំហឹង កាលពីវេលាម៉ោង ២៣ និង ៣០ នាទីយប់ថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០១៣ ស្ថិតនៅចំណុចរង្វង់មូលទួលគោក ផ្លូវលេខ ២៨៩ ក្នុងសង្កាត់ទឹកល្អក់ទី ២ ខណ្ឌទួលគោក ។
សមត្ថកិច្ចនគរបាលមូលដ្ឋានដែលចុះមកអន្តរាគមន៍ដល់កន្លែង កើតហេតុខាងលើនេះ បានឲ្យដឹងថា ជនរងរបួសទាំង ២ នាក់មិនទាន់ស្គាល់អត្តសញ្ញាណនោះទេ ។ មុនពេល កើតហេតុ ពួកគេបានបានជិះម៉ូតូ ១ គ្រឿងម៉ាកស្មាស់វី ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត 1C-2072 ឌុបគ្នាក្នុងសភាពស្រវឹងស្រាជោក ធ្វើដំណើរតាម បណ្តោយផ្លូវលេខ ២៨៩ ក្នុងទិសដៅពីជើងទៅត្បូង បញ្ច្រាសទិសគ្នា។ លុះមកដល់ចំណុចរង្វង់មូលទួលគោក ស្រាប់តែមានរថយន្តកាមរីឆ្លាម ពណ៌ស្ករ មិនចាំស្លាកលេខមួយគ្រឿង ដែលកំពុង បើកបរបញ្ច្រាសទិសគ្នា បានជ្រុលបុកយ៉ាងពេញទំហឹង បណ្តាលឲ្យបុរស ២ នាក់ជា ម្ចាស់ម៉ូតូដួលបោកខ្លួនទៅថ្នល់រងរបួសបែកក្បាល បាក់ជើង ទាំង ២ នាក់ ចំណែកម៉ូតូ ស្មាស់វីត្រូវរងការខូចខាតស្ទើរទាំងស្រុង ហើយរថយន្តកាមរីឆ្លាម បានបើករត់គេចខ្លួន បាត់ស្រមោលឈឹង។
បន្ទាប់ពីមានគ្រោះថ្នាក់នេះអ្នករងរបួសត្រូវបានសមត្ថកិច្ច ចុះមកអន្តរាគមន៍ហៅរថយន្ត សាមុយមកដឹក យកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ចំណែកម៉ូតូត្រូវបានក្រុម គ្រួសារ មកទទួលយកទៅវិញ។សមត្ថកិច្ចបានបញ្ជាក់ ថាគ្រោះថ្នាក់ខាងលើបង្កឡើងដោយសារ អ្នកបើកម៉ូតូស្មាស់វីស្រវឹងស្រាជិះម៉ូតូលឿនបញ្រ្ចាសទិសជ្រុលទៅបុក ចំក្បាល រថយន្តកាមរីឆ្លាមយ៉ាងពេញទំហឹងតែម្តង៕
ដោយ៖ ទុយ បញ្ញា