ភ្នំពេញ ៖ ម៉ូតូ ២ គ្រឿង បើកបុកគ្នា យ៉ាងពេញទំហឹងបណ្តាលឲ្យមនុស្សចំនួន ២នាក់ រងរបួសធ្ងន់ស្រាល កាលពីវេលាម៉ោង ១៩ និង ២០ នាទីយប់ថ្ងៃទី៣០ ខែកក្កដាឆ្នាំ ២០១៣ ស្ថិតនៅមុខមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត តាមបណ្តោយផ្លូវលេខ ២៧១ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន ។
សាក្សីដែលបានឃើញហេតុការណ៍ខាងលើនេះបានឲ្យដឹងថា មុនពេលកើតហេតុ មានបុរសម្នាក់ បានជិះម៉ូតូ ១ គ្រឿងម៉ាកគុបជ្រុងពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ឃ.២១៧១ ភព ១ ធ្វើដំណើរតាម បណ្តោយផ្លូវលេខ ២៧១ ក្នុងទិសដៅពីជើងទៅត្បូង ដោយបានជិះយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុ មានបុរសម្នាក់ទៀតបាន ជិះម៉ូតូ វ៉េវ ១ គ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1c 8438 ដែលកំពុងធ្វើដំណើរក្នុងទិសដៅបញ្រ្ចាសគ្នា បានជ្រុលបុកគ្នាយ៉ាងពេញទំហឹង បណ្តាលឲ្យម៉ូតូទាំង ២ គ្រឿងត្រូវរងការខូចខាត ស្ទើរទាំងស្រុង ចំណែកបុរស ២ នាក់ ជាម្ចាស់ម៉ូតូទាំង ២ គ្រឿងត្រូវរងរបួសធ្ងន់ស្រាល បានរថយន្តសាមុយមក ដឹកយកទៅសង្គ្រោះ នៅមន្ទីរ ពេទ្យមិត្តភាពខ្មែរសូវៀត ។
សមត្ថកិច្ចមូលដ្ឋានដែលចុះមកដល់ចំណុចកើតហេតុបានឲ្យដឹងថាម៉ូតូទាំង ២ គ្រឿង ត្រូវបានសមត្ថកិច្ចជំនាញចុះមកវាស់វែងអូសយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ខណ្ឌចំការមន រង់ចាំដោះស្រាយតាមផ្លូវ ច្បាប់។ គ្រោះថ្នាក់ខាងលើនេះបង្កឡើង ដោយសារម្ចាស់ម៉ូតូវ៉េវស្រវឹងស្រា ជិះម៉ូតូបញ្រ្ចាសទិសលឿនពេក ទើប បណ្តាលឲ្យ ជ្រុលបុកចំក្បាលម៉ូតូគុបជ្រុងពេញទំហឹងតែម្តងទៅ៕
ដោយ៖ទុយ បញ្ញា