ឧត្តរមានជ័យ៖ យ៉ាងហោចណាស់មនុស្ស៣នាក់ដែលជាឪពុកនិងកូនប្រុសស្រីបានស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងរួមទាំងសត្វក្របីមួយក្បាល ខណៈដែលពួកគាត់បានចូលទៅអារឈើកាប់ឈើក្នុងព្រៃដើម្បីយកមកធ្វើផ្ទះ ដោយបររទេះដឹកឈើជាន់ចំមីនតោនដែលនៅសេសសល់ពីសម័យសង្គ្រាមកប់ទុកក្នុងដីជាយូរឆ្នាំមកហើយនោះបណ្តាលឲ្យផ្ទុះឡើងកក្រើកដីតែម្តង។
ហេតុការណ៍នេះបានកើតឡើងវេលាម៉ោងជាង ១រសៀលថ្ងៃទី៣០ ខែកក្កដាឆ្នាំ២០១៣នៅក្នុងព្រៃចំងាយមួយគីឡូម៉ែត្រពីចំណុចខាងត្បូងទួលកៅបីនៃបន្ទាយយោធាខ្មែរក្រហមចាស់ ក្នុងភូមិទំនប់អភិវឌ្ឍន៍ ឃុំអូរស្វាយស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។តាមរបាយការណ៍ពីលោក កែវ តាន់អធិការនគរបាលស្រុកត្រពាំងប្រាសាទគេបានអោយដឹងថាប្រជាពលរដ្ឋខ្មែរដែលបាត់បង់ជីវិតទាំងមួយគ្រួសារបីនាក់ឪពុកនិងកូន មានឈ្មោះ អែល បុល ភេទប្រុស អាយុ៤៥ឆ្នាំ ជាឪពុកនិងកូនពីរនាក់ឈ្មោះទី១.ប៉ែន ប្លយ ភេទប្រុស អាយុ១៣ឆ្នាំ និងទី២ឈ្មោះ ប៉ែន ម៉ី ភេទស្រី អាយុ១២ឆ្នាំ អ្នកទាំង
បីនាក់រស់នៅភូមិឃុំខាងលើ។សាកសពទាំងបីនាក់នេះត្រូវអំបែងគ្រាប់សុសសាច់ និងដាច់ដៃដាច់ជើងជាច្រើនបំណែក ។
លោកអធិការបានបន្តថាយោងតាមការអះអាងពីប្រជាពលរដ្ឋបានអោយដឹងថាដំបូងគ្រួសារជនរងគ្រោះបីនាក់ឪពុកនិងកូនបាននាំគ្នាចេញទៅអារឈើកាប់ឈើក្នុងព្រៃដើម្បីយកមកធ្វើផ្ទះ។ ពេលអារឈើបានហើយ ក៏លើកឈើដាក់លើរទេះក្របីដឹកយកមកផ្ទះហើយនៅពេលបររទេះដល់ផ្លូវចាស់ដូចសព្វដងបានចំងាយប្រហែល១៥ម៉ែត្រពីទីតាំង
អារឈើដោយកង់រទេះនោះបានជាន់ប៉ះទៅលើមីនតោនដែលគេកប់ទុកក្នុងដីជាយូរឆ្នាំតាំងពីសម័យសង្គ្រាមនៅត្រង់ផ្លូវចាស់ហើយដោយសារមានភ្លៀងខ្លាំងធ្វើអោយដីសើមជ្រាយទើបកងរទេះស្រុតចំមីនតោនផ្ទុះឡើងតែម្តងបណ្ដាលអោយស្លាប់ទាំងបីនាក់ឪពុកនិងកូននៅនឹងកន្លែងកើតហេតុតែម្តង រីឯរទេះឈើត្រូវខ្ទេចទាំងស្រុងនៅសល់តែកង់ខ្ទាតប៉ើងទៅក្នុងព្រៃនិងក្របីមួយក្បាលបានស្លាប់រីឯក្របីមួយក្បាលទៀតត្រូវរបួសបានរត់បាត់។
ក្រោយពេលកើតហេតុ អាជ្ញាធរមានសមត្ថកិច្ចបានចុះទៅពិនិត្យ នៅកន្លែងកើតហេតុភ្លាមៗនិងបានបញ្ជាក់ថា ជនរងគ្រោះ៣នាក់ឪពុកនិងកូនរួមទាំងក្របីមួយក្បាលពិតជាបានស្លាប់ដោយសារផ្ទុះមីនតោនដែលកប់ក្នុងដីសល់ពីសម័យសង្គ្រាម ។ ក្រោយពីពិនិត្យរួចសមត្ថកិច្ចបានឲ្យគ្រួសារសព និងអ្នកភូមិយកសពទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ ជ័យមានរិទ្ធ