ភ្នំពេញ ៖ បុរសម្នាក់ ត្រូវរងរបួសធ្ងន់ធ្ងរ ក្នុងខណៈដែលរូបគេបានជិះម៉ូតូ ១ គ្រឿង ម៉ាកស្មាស់វី បុកគ្នាជាមួយ ម៉ូតូ១ គ្រឿងទៀត ម៉ាកសេ ១២៥ កាលពីវេលាម៉ោង ២០ និង ០១ នាទីយប់ថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០១៣ នៅតាមបណ្តោយផ្លូវព្រះនរោត្តម មុខក្រសួងមហាផ្ទៃ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលមានគ្រោះថ្នាក់ នេះ គឺសាក្សីបាន ឃើញបុរសម្នាក់វ័យជាង ២០ឆ្នាំ ជិះម៉ូតូ ១ គ្រឿងម៉ាកស្មាស់វី ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1P-6317 ធ្វើដំណើរតាមបណ្តោយផ្លូវព្រះនរោត្តម ក្នុងទិស ដៅពីជើងទៅត្បូងដោយបានជិះយ៉ាងលឿន រេចុះរេឡើង ពេញផ្លូវ ខណៈជិះមកដល់ ចំណុចកើតហេតុខាងលើនេះ ស្រាប់តែរេចង្កូតជ្រុលបុកចំគូទម៉ូតូសេ១២៥ ពណ៌ខ្មៅ ១ គ្រឿងដែលកំពុងជិះពីមុខយ៉ាងពេញទំហឹងបណ្តាលឲ្យម៉ូតូទាំង ២ គ្រឿង ត្រូវដួលគរ ពីលើគ្នា រងការខូចខាត ទាំងសងខាង ចំណែកម្ចាស់ម៉ូតូស្មាស់វី ត្រូវរងរបួសបែកក្បាល បែកមាត់ និងដៃស្ថិតក្នុងសភាពធ្ងន់ធ្ងរ ចំណែកម្ចាស់ម៉ូតូសេ ១២៥ បានលើម៉ូតូសេ ១២៥ ជិះរត់គេចខ្លួនបាត់ ។
បន្ទាប់ពីកើតហេតុអ្នករងរបួសត្រូវបានសមត្ថកិច្ចទំនាក់ទំនង ទៅរថយន្តសាមុយ មក ដឹកយកទៅសង្គ្រោះ នៅមន្ទីរពេទ្យភ្លាមៗ ចំណែកម៉ូតូស្មាស់វី ត្រូវបាននគរបាលប៉ុស្តិ៍ ទន្លេបាសាក់ចុះមកអន្តរាគមន៍ដល់ កន្លែងកើតហេតុអូសយកទៅរក្សាទុករង់ចាំ ក្រុមគ្រួសារមកទទួលយកទៅវិញ ៕
ដោយ៖ទុយ បញ្ញា