ប៉ោយប៉ែត៖ សង្ស័យដែលជាមុខសញ្ញាចោរលួច និងឆក់កាបូប ថ្មោងថ្មីត្រូវសមត្ថកិច្ច កងរាជអាវុធ ហត្ថក្រុង ប៉ោយប៉ែត ធ្វើការឃាត់ខ្លួនបានភ្លាមៗបន្ទាប់ពីពួកគេ ធ្វើសកម្មភាពចាប់ ជនរងគ្រោះម្នាក់ ដែលទើប ឆ្លងដែន មកពីធ្វើការងារស៊ីឈ្នួលអោយគេនៅ ក្នុងប្រទេសថៃ កាលពីវេលាម៉ោង៨.០០នាទីយប់ថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០១៣ នៅចំណុច ភូមិ ក្បាលកោះ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោក ហម ម៉ុត មេបញ្ជាការកងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត បានថ្លែងអោយដឹងថា ជនសង្ស័យ ដែលកម្លាំងលោក ឃាត់ខ្លួន គឺយោងតាមពាក្យបណ្តឹង របស់ជនរងគ្រោះ និងយោងតាមបទបញ្ជា របស់ នាយឧមត្តមសេនីយ៏ទោ រ័ត្ន ស្រ៊ាង មេបញ្ញាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ។
លោក មេបញ្ជាការបន្តថា មុនពេលកើតហេតុ ជនរងគ្រោះមានឈ្មោះ ម៉ន អ៊ុក ភេទប្រុសអាយុ ២៧ ឆ្នាំ មានស្រុកកំណើតនៅភូមិតាតុបពីរ ឃុំ មោង ស្រុកមោងឬស្សី ខេត្តបាត់ដំបង បានត្រឡប់មកពី ប្រទេសថៃ ក៏ត្រូវ ជនសង្ស័យពីរនាក់ មានឈ្មោះ ទេព ថារ័ត្ន ភេទប្រុស អាយុ ៣៣ឆ្នាំ រស់នៅក្នុងភូមិក្បាលកោះ សង្កាត់ប៉ោយប៉ែត និងទីឈ្មោះ លី លឿន ភេទប្រុសអាយុ ២២ឆ្នាំ រស់នៅភូមិ ផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។
ជនសង្ស័យទាំងពីរ ខាងលើបាននាំជនរងគ្រោះ ដោយបញ្ឆោតអោយទៅផ្ទះ របស់ឈ្មោះ ទេព ថារ័ត្ន ហើយធ្វើ សកម្មភាពចាប់ជនរងគ្រោះ ជំរិតតែម្តង គឺពួកគេបានសំឡុតគំរាមគំហែងជនរងគ្រោះ និង ឆែកឆេរ លើខ្លួន យកបានលុយចំនួន១០.០០០(មួយម៉ឺនបាត) ប្រាក់ថៃ និងទូរស័ព្ទម៉ាកចិនមួយគ្រឿងផងដែរ ។ក្រោយពីកើតហេតុ ជនរងគ្រោះ បានរត់ទៅប្តឹងសមត្ថកិច្ចកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ភ្លាមៗ នោះដែរ គឺរំលងបានប្រហែលពីរម៉ោងប៉ុណ្ណោះ ជនសង្ស័យ ត្រូវសមត្ថកិច្ច ក្របួចជាប់ទាំងពីរនាក់ បញ្ជូនមក ទីបញ្ជាការដើម្បីសួរនាំ។
ឆ្លើយសារភាពចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំងពីរនាក់ បានសារភាពថាខ្លួន ពិតជាបាន ប្រព្រឹត្ត ដូចការរៀបរាប់ខាងលើ ពិតប្រាកដមែន យោងតាមចម្លើយ សារភាពពួកគេត្រូវសមត្ថកិច្ច ចោទប្រកាន់ពីបទ (លួចមានស្ថានទំងន់ទោស)ហើយកសាងសំណុំរឿងបញ្ជូនទៅកាន់ទីបញ្ជាការ រងរាជអាវុធហត្ថខេត្តបន្ទាយ មានជ័យ ដើម្បីចាតការបន្តចំណែក វត្ថុតាងលុយ និងទូរស័ព្ទសមត្ថកិច្ច បានប្រគល់ជូនម្ចាស់ដើមវិញ៕ ដោយៈ ខៀវ បូរី