ភ្នំពេញ៖ បន្ទាប់ពីការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តអាណត្តិទី៥ បានរយៈពេលតែពីរថ្ងៃសោះ ស្រាប់តែលេចឮថា មានការផ្លាស់ប្តូរមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាមេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ឯក យ៉ា គឹមអ៊ី ដោយដាក់ជំនួសមកវិញនូវ លោកឧត្តមសេនីយ៍ឯក វង្ស ពិសេន មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស នេះបើយោងប្រភពព័ត៌មានច្បាស់ការណ៍ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៣។
មានមតិមួយចំនួនជុំវិញករណីនេះខ្សឹបគ្នាថា ការផ្លាស់ប្តូរតំណែងលោកមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បណ្តាលពីកើតមានអំពើហិង្សប៉ះទង្គិចរវាងអ្នកតវ៉ាបោះឆ្នោត និងព្រះសង្ឃវាយកម្ទេចដុតរថយន្តប៉េអឹម ២គ្រឿង សង្កាត់ស្ទឹងមានជ័យ កាលពីថ្ងៃទី២៨ កក្កដា រីឯមតិមួយចំនួនទៀតបានលើកឡើងថា បណ្តាលលោក យ៉ា គីមអ៊ី មានសុខភាពទ្រុឌទ្រោមមិនអាចបំពេញការងារនៅចំពោះមុខបាន ដូច្នេះសុំសម្រាកបណ្តោះអាសន្នសិន។
ប៉ុន្តែទោះបីយ៉ាងណាក្តី គ្មានមន្រ្តីស្ថាប័នរូបណាម្នាក់ចេញមុខអះអាងពីរឿងផ្លាស់ប្តូរតំណែងរបស់មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញឡើយ៕ ដោយៈ សេរីមករា