ភ្នំពេញ៖ បើសង្កេតមើលនៅតាមដងមហាវិថីធំៗ និងផ្លូវតូចទល់មុខ ក្រសួង មន្ទីរ ក្រុមហ៊ុន សាលារៀន មន្ទីរពេទ្យ ទីផ្សារទំនិញ និងមុខផ្ទះប្រជាពលរដ្ឋទូទាំងក្នុងរាជធានីភ្នំពេញគេឃើញមាន សំរាមគរពាសវាលពាសកាល ព្រមទាំងជះក្លិនស្អុយអសោចន៍ធ្វើឲ្យបាត់បង់សោភ័ណ្ឌភាពខូចសុខភាពរស់នៅប្រចាំថ្ងៃ។
ជាក់ស្តែងនៅតាមបណ្តោយផ្លូវមហាវិថីមុន្នីវង្សកែងនិងផ្លូវ១០៩ ដែលនាំឱ្យមានការវាយតម្លៃថា បរិស្ថានក្នុងរាជធានីភ្នំពេញនេះមិនល្អសោះ។ ខណ្ឌ៧មករា មានដាក់សំរាមរាយប៉ាយយ៉ាងច្រើនពេញតែមុខផ្ទះ ព្រោះបុគ្គលិកក្រុមហ៊ុនស៊ិន ទ្រី ខកខានមិនបានមកប្រមូលទាន់ពេលវេលា បន្ទាប់ពីការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ អាណត្តិទី៥ កាលពីថ្ងៃទី ២៨ ខែកក្កដា ២០១៣។ បញ្ហាក្លិនស្អុយរលួយអសោចន៍ បានធ្វើឲ្យប៉ះពាល់អ្នកធ្វើដំណើរឆ្លងកាត់ ពិសេសភ្ញៀវជាតិនិងអន្តរជាតិនាំគ្នាឆ្ងល់ថា ហេតុអីបានបុគ្គលិករបស់ក្រុមហ៊ុន ស៊ិនទ្រី ខ្វះចំណាត់ការប្រមូលទាំងអស់នោះ បែរជាទុកឱ្យមានស្អុយរលួយប៉ើងហើរតាមខ្យល់យ៉ាងដូច្នោះទៅវិញ?
ប្រជាពលរដ្ឋបានត្អូញត្អែរប្រាប់អ្នកសារព័ត៌មានថា បុគ្គលិកប្រមូលសំរាមរបស់ស៊ិន ទ្រី មិនបានមកយកសំរាមប្រមាណជា ២ ទៅ ៣ថ្ងៃមកហើយ ក្រោមពីការបោះឆ្នោតបានបញ្ចប់ទូទាំងប្រទេស។
ប្រជាពលរដ្ឋរាជធានីភ្នំពេញ ក៏បន្តទៀតថា ពេលភ្ញៀងធ្លាក់កិ្លនសំរាមដែលទុកចោលច្រើននេះ បានជះក្លិនអសោចន៍យ៉ាងខ្លាំងស្ទើរតែមិនអាចទ្រាំបានម្តងៗ និងមួយទៀតវាបានបង្កឱ្យកូនចៅរបស់ពួកគាត់មានជំងឺរាក ក្តៅខ្លួន ឬក្អួត…ជាដើម។ល។
បញ្ហាទុកសំរាមចោលគរលើគ្នានៅតាមចិញ្ចើមផ្លូវ និងតាមទីសាធារណៈដូច្នេះ វាពិតជាធ្វើឲ្យប៉ះពាល់ដល់សោភ័ណ្ឌភាព បរិស្ថាន អនាម័យ និងសុខភាពជាចំបង។ជាពិសេសនៅជិតសួនច្បារដែលជាកន្លែងភ្ញៀវជាតិនិងអន្តរជាតិនាំគ្នាទៅដើរកម្សាន្តស្រូបយកខ្យល់អាកាសបរិសុទ្ធពីធម្មជាតិ ក្លិនស្អុយរលួយពីគំនរសំរាម នេះបានបំបាក់មុខមាត់ដល់អ្នកគ្រប់គ្រងរាជធានីគួរសមដែរហើយ។
ប្រជាពលដ្ឋមានសំណូមពរ និងអំពាវនាវយ៉ាងទទូចដល់អាជ្ញាធរជាមន្ត្រីដែលពាក់ព័ន្ធ ជាពិសេសនោះគឺ សាលារាជធានីភ្នំពេញ ព្រមទាំងក្រុមហ៊ុនប្រមូលសំរាម ស៊ិន ទ្រី ផ្តាច់មុខនៅក្នុងរាជធានីភ្នំពេញតែម្តង សូមជួយចាត់វិធានការប្រមូលសំរាមទាំងអស់ឲ្យបានតឹងរឹង លើការសំរាមដែលនៅពេញផ្លូវសាធារណ តូច-ធំ ទីប្រជុំជន ទីផ្សារទំនិញ និងមុខផ្ទះដើម្បីទប់ស្កាត់ការចោលសំរាមកើនចំនួនជាងនេះទៅទៀត។
ដើម្បីលើកស្ទួយកតិ្តយសមុខមាត់អ្នកគ្រប់គ្រងរាជធានីផង ជាពិសេសប្រទេសជាតិទូទាំងមូលតែម្តងដែលពិភពលោកទទួលស្គាល់ថាជាព្រះរាជណាចក្រអច្ឆរិយៈ៕ ដោយៈ មករាតូច