ទឹកធ្លាក់ច្រកល្អៀងគឺជារមណីយដ្ឋានដ៏ស្រស់ត្រកាលមួយរបស់ទឹកដី ខេត្តពោធិ៍សាត់ ដែលមានទឹកធ្លាក់កំពស់៧ម៉ែត្រ ហ៊ុំព័ទ្ធដោយ ធម្មជាតិព្រៃភ្នំចំរុះពណ៌យ៉ាងស្រស់បំព្រង ជាពិសេសមានទឹកជ្រោះហូរត្រដុះតាមបណ្តោយផ្ទាំងថ្មដារហូតដល់ចម្ងាយ ៣០០០ម៉ែត្រ ជាមួយល្បាក់ទឹកធ្លាក់ដ៏ត្រជាក់ដែលអាចឲ្យអ្នកទេសចរហែលលេង ឬក៏ រំអិលខ្លួនលើផ្ទាំងដ៏រលោងដែលមានខ្សែទឹកហូរបត់បែនថ្លាឈ្លេងដូចរមណីយដ្ឋានទេពនិមិ្មត។
រមណីយដ្ឋាននេះ ទីតាំងស្ថិតនៅកណ្តាលទ្រូងព្រៃ នៃទឹកដីឃុំឈើតុំ ស្រុកក្រគរ ដែលមានចំងាយ ៧៣គីឡូម៉ែត្រពីទីរួមខេត្តពោធិ៍សាត់ ។ ភ្ញៀវទេសចរ មាន បំណងចង់ទៅកំសាន្តនៅរមណីយដ្ឋានទឹកធ្លាក់នេះចាំបាច់ត្រូវធ្វើដំណើរ តាមផ្លូវជាតិលេខ៥ លុះមកដល់ផ្សារក្រគរ ត្រូវបត់ចូលតាមផ្លូវក្រួសក្រហមទៅកាន់ឃុំឈើតុំហើយត្រូវបន្តដំណើរពីឃុំឈើតុំ ចូលទៅដល់តំបន់ទឹកធ្លាក់ច្រកល្អៀងដែលចម្ងាយប្រមាណ ៧គីឡូម៉ែត្រទៀតទើបដល់។ ពីទីរួមខេត្តពោធិ៍សាត់ មកទីនេះប្រើរយៈពេល១ម៉ោងកន្លះបើធ្វើដំណើរតាមរថយន្ត ហើយបើធ្វើដំណើរតាមជិះម៉ូតូវិញ យើងត្រូវចំណាយពេល ២ម៉ោងទើបទៅដល់តំបន់រមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀង ។
នៅពេលលោកអ្នកបានធ្វើដំណើរមកដល់ទឹកធ្លាក់ច្រកល្អៀង ហើយនោះ លោកអ្នកប្រាកដជាបានធូរស្បើយក្នុងកាយសប្បាយនឹងការចោលខ្សែនេត្រា រំពៃគយគន់សំរស់ធម្មជាតិនៅជុំវិញទីនេះ យ៉ាជក់ចិត្តដោយលោកអ្នកនឹងបានឃើញទឹកហូរធ្លាក់ពីលើភ្នំបោកបាច នឹងផ្ទាំងថ្មដាបែកផ្ទៃគង្គាសសំពោងធ្លាក់ជាដំណាក់ៗហូរចាក់ប្រដេញតាមចន្លោះថ្មដ៏រលោង ។ នៅទីនេះក៏មានដើមរុក្ខជាតិធំតូចដុះប៉ប្រះប្រជ្រៀតគ្នាទោរទន់ទៅ រកផ្ទៃទឹកហូរចោលជាម្លប់ដ៏ត្រឈឹងត្រឈៃលាយឡំដោយសំឡេងសត្វរៃ និងបក្សាបក្សីបង្កើតបានជាបរិយាកាសបែបធម្មជាតិដ៏មនោរម្យមួយធ្វើ ឲ្យអ្នកទេសចរទូទៅមិនអាចបំភ្លេចបានឡើយ។
រមណីយដ្ឋានតំបន់ទឹកធ្លាក់ច្រកល្អៀង គឺសុទ្ធតែកើតឡើងពីអំណោយផលធម្មជាតិទាំងអស់ និងមានជាយូរលង់ណាស់ មកហើយ ។
លោក ឈួន ឆុំ ដែលជាប្រជាពលរដ្ឋរស់នៅទីនោះប្រាប់ឲ្យដឹង ថា៖ កាលពីមុន ច្រកល្អៀងមិនមែនជារមណីយដ្ឋាន ឬក៏ជាកន្លែងសំរាប់គោរពបូជាអ្វីនោះទេ គឺគ្រាន់តែជា តំបន់ធម្មជាតិដ៏ស្រស់ស្អាតកប់នៅកណ្តាលព្រៃជ្រៅជាទីជំរកសត្វ ចំរុះរស់នៅ ក្រោយពេលប្រទេសជាតិទទួលបានសន្តិភាពពេញទូទាំងប្រទេស វិស័យទេសចរណ៍ក៏ចាប់មានការរីកចំរើនហើយអ្នកទេសចរជាតិ និងអន្តរជាតិពួកគាត់ចូលចិត្តដើរកំសាន្តតាមតំបន់ធម្មជាតិ ដូច្នេះហើយទើបមន្ទីរទេសចរណ៍ខេត្តសហការជាមួយអាជ្ញាធរដែនដីរៀបចំ តំបន់នេះ ឡើងឲ្យក្លាយជារមណីយដ្ឋានធម្មជាតិមួយសំរាប់ភ្ញៀវជាតិ និងអន្តរជាតិចូលមកកំសាន្ត ។ ជារៀងរាល់ថ្ងៃនៅតំបន់ទឹកធ្លាក់ច្រកល្អៀងតែងតែមានភ្ញៀវទេសចរក៏ដូច ជា ប្រជាពលរដ្ឋក្នុងតំបន់ទៅលេងងូតទឹកកំសាន្ត ដើម្បីបន្ធូរភាពតប់ប្រមល់ជាហូរហែ។
ទឹកធ្លាក់ច្រកល្អៀងបច្ចុប្បន្នបាននឹងកំពុងតែក្លាយទៅជាកន្លែង រមណីយដ្ឋានទេសចរមួយដ៏ពេញនិយមរបស់ខេត្ត ហើយសង្ឃឹមថា ថ្ងៃអនាគតបន្ទាប់ពីខាងមន្ទីរទេសចរណ៍ខេត្តធ្វើការអភិរក្ស និងកែលំអឲ្យកាន់តែទាក់ទាញ នោះតំបន់នេះនឹងទទួលបានកំណើនភ្ញៀវទេសចរច្រើនជាក់ជាមិនខាន ពិសេសប្រជាពលរដ្ឋរស់នៅក្បែរតំបន់នេះអាចមានមុខរបររកស៊ីតាមរយៈ វិស័យទេសចរណ៍នេះបានកាន់តែប្រសើរផងដែរ។
នៅរមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀងក្នុងថ្ងៃធម្មតា និងថ្ងៃចុងសប្តាហ៍មិនមានបំរើសេវាកម្មលក់ដូរម្ហូបអាហារនោះទេគឺ មានតែនៅថ្ងៃបុណ្យទានធំៗតែប៉ុណ្ណោះដូចជា ថ្ងៃអាទិត្យបុណ្យចូលឆ្នាំបុណ្យភ្ជុំបិណ្ឌ ឬបុណ្យអន្តរជាតិជាដើម ។
ដូច្នេះហើយចាំបាច់ណាស់សំរាប់ភ្ញៀវទេសចរដែលមកលេងកំសាន្តទីនេះ គឺត្រូវតែដាក់មកជាមួយនូវម្ហូបអាហារ ដើម្បីបរិភោគក្រោមបរិយាកាសជួបជុំដ៏សែនមនោរម្យ និងស្តាប់សូរស័ព្ទសត្វយំយ៉ាងរីករាយបំបាត់នូវទុក្ខកង្វល់៕
ដោយ ឆែម ឆដា