ភ្នំពេញ៖ បន្ទាប់ពីការ បោះឆ្នោត បានរយៈពេល១ថ្ងៃគណបក្សសង្គ្រោះជាតិ (CNRP) នៅថ្ងៃទី២៩ ខែ កក្កដា ឆ្នាំ២០១៣នេះបានចេញសេចក្តីថ្លែង ការណ៍មួយ ដោយមិនទទួល យកលទ្ធផល នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៥នេះទេ ប៉ុន្តែ ព្រមទទួលយកអាសនៈនិងបានទាមទារឲ្យបង្កើតគណៈកម្មការចម្រុះមួយ ដើម្បីស៊ើប អង្កេតនិងធ្វើរបាយការណ៍ពីភាពមិនប្រក្រតី ដែលបក្សប្រឆាំង បានលើកឡើងក្នុងថ្ងៃបោះឆ្នោត។
សេចក្តីថ្លែងការណ៍ ចុះថ្ងៃទី២៩ ខែកក្កដាឆ្នាំ២០១៣ គណបក្សសង្គ្រោះជាតិ បង្ហាញថា “គណបក្សសង្គ្រោះជាតិមិនអាចទទួលយកបានទេនូវលទ្ធផល នៃការបោះឆ្នោតជ្រើស តាំងតំណាងរាស្ត្រនីតិកាលទី៥ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ដែលប្រកាសដោយគណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោត គជប នៅពេលនេះពីព្រោះគណបក្សសង្គ្រោះជាតិបានរកឃើញនូវភាពមិនប្រក្រតី ជាច្រើន”។
ក្នុងសេចក្តីថ្លែងការណ៍របស់គណបក្សសង្គ្រោះជាតិគឺមិនបានលើកឡើងពីភាពមិន ប្រក្រតីអ្វីខ្លះ ដែលគណបក្សប្រឆាំងចាត់ទុកថា កើតមានធ្ងន់ធ្ងរនៅថ្ងៃបោះឆ្នោតនោះ ឡើយ។
ប៉ុន្តែបើតាមសេចក្តីរាយការណ៍ជាបន្តបន្ទាប់បញ្ហាដែលកើតមាននៅថ្ងៃបោះឆ្នោតកាលពីថ្ងៃអាទិត្យ រួមមាន៖ ការរារាំងជនជាតិវៀតណាម មិនឲ្យបោះឆ្នោតការបាត់ឈ្មោះអ្នក បោះឆ្នោត និងទឹកខ្មៅជ្រលក់ម្រាមដៃ លុបលាងជ្រះជាដើម។
សេចក្តីប្រកាសដដែល បន្តថា “គណបក្សសង្គ្រោះជាតិទាមទារឲ្យបង្កើតគណៈកម្មការចម្រុះមួយជាបន្ទាន់ដើម្បីធ្វើការស៊ើបអង្កេត និងធ្វើរបាយការណ៍ពីភាពមិនប្រក្រតីទាំងនោះ។គណៈកម្មការចម្រុះនេះអាចមានសមាសភាពចូលរួមពីគណបក្សសង្គ្រោះជាតិគណបក្សប្រជាជនកម្ពុជា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតតំណាងអង្គការសហប្រជាជាតិ តំណាងអង្គការសង្គមស៊ីវិលជាតិ-អន្តរជាតិដែលធ្វើការងារពាក់ព័ន្ធនឹងការបោះឆ្នោត។ គណៈកម្មការចម្រុះនេះត្រូវធ្វើការស៊ើបអង្កេត និងផ្តល់របាយការណ៍ចុងក្រោយ មិនឲ្យហួសថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៣ឡើយ”។
ក្នុងសន្និសីទកាសែតកាលពីម៉ោង ១០ ព្រឹក នៅទីស្នាក់ការគណបក្សសង្គ្រោះជាតិ នៅចាក់អង្រែលើតាមផ្លូវជាតិលេខ២ លោក សមរង្ស៊ី និងលោក កឹមសុខា បានប្រកាសរួមគ្នាជាថ្មីបដិសេធនូវលទ្ធផលបណ្តោះអាសន្ន ដែលប្រកាសដោយគជប និងគណ បក្សប្រជាជនកម្ពុជា។តែលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ បានអះអាងថា គណបក្សប្រឆាំងមិនបោះបង់ចោលអាសនៈរបស់ខ្លួនឡើយ។
ចំណែកលោកសមរង្ស៊ី បានប្រកាសថា លោកនឹងធ្វើលិខិតមួយ ដាក់ទៅកាន់រដ្ឋាភិបាលដើម្បីឲ្យបង្កើតគណៈកម្មការចម្រុះមួយដើម្បីស៊ើបអង្កេតករណីមិនប្រក្រតីនៅថ្ងៃបោះឆ្នោត។ លោកថានេះមិនមែនជាការតថ្លៃ ដើម្បីបានតំណែងក្នុងរដ្ឋាភិបាលទេ។
យ៉ាងណាក៏ដោយ ចំពោះសេចក្តីប្រកាសរបស់គណបក្សប្រឆាំងយ៉ាងដូច្នេះត្រូវបានលោក ទេព នីថា អគ្គលេខាធិការ គជបចាត់ទុកជាសិទ្ធិរបស់គណបក្សប្រឆាំង តែលោកអះអាងថា គជបនៅតែបន្តដំណើរការរៀបចំការបោះឆ្នោត ដោយពេលនេះ គ.ជ.បកំពុងមមាញឹកក្នុងការបូកសរុបលទ្ធផលបោះឆ្នោត។
លោក ទេព នីថា បានបន្តថា “តាមធម្មតា កាលណាយើងមានបញ្ហានៅកន្លែងណា យើងប្តឹងកន្លែងហ្នឹងទៅ”។លោក ទេព នីថា បានបន្តថា លទ្ធផលបោះឆ្នោតបណ្តោះអាសន្នគឺនៅពេលបូកសរុបនៅថ្នាក់ឃុំសង្កាត់ហើយត្រូវបញ្ជូនមកថ្នាក់ខេត្តរាជធានី ហើយបញ្ជូនមកកាន់គជប។ យ៉ាងយូរនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៣ គជបនឹងប្រកាសលទ្ធផលបណ្តោះអាសន្ន។ចំណែកលទ្ធផលបោះឆ្នោតផ្លូវការគឺក្រោយពីការប្រកាសលទ្ធផលបោះឆ្នោតបណ្តោះអាសន្ន ហើយបើអាចមានការប្តឹងជំទាស់ គឺរហូតដល់ក្រុមប្រឹក្សា ធម្មនុញ្ញនោះលទ្ធផលបោះឆ្នោតផ្លូវការ នឹងត្រូវប្រកាសនៅខែកញ្ញា ឆ្នាំ២០១៣។
ចំណែកឯគណបក្សប្រជាជនកម្ពុជាវិញ បានចេញសេចក្តីថ្លែងការណ៍ដោយទទួល ស្គាល់លទ្ធផលបឋមនៃការបោះឆ្នោតនេះ ។ សេចក្តីថ្លែងការណ៍របស់គណបក្ស ប្រជាជនបានបញ្ជាក់ថា យោងតាមលទ្ធផលបឋម នៃការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្តនីតិកាលទី៥ នៅទូទាំងប្រទេសបានបង្ហាញយ៉ាងច្បាស់ថា គណបក្ស ប្រជាជនកម្ពុជាទទួលបានជ័យជំនះភាគច្រើនដាច់ខាតក្នុងរដ្ឋសភានីតិកាលថ្មី ដែលមានបរិមាណគ្រប់គ្រាន់ក្នុងការរៀបចំរាជរដ្ឋាភិបាលសម្រាប់នីតិកាលថ្មីនេះ។
គណបក្សប្រជាជនកម្ពុជាសូមសម្តែងនូវអំណរគុណដ៏ជ្រាលជ្រៅបំផុតជូនជនរួមជាតិ ទាំងអស់ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាឲ្យដឹកនាំ ប្រទេសរយៈ ពេល៥ឆ្នាំបន្តទៀត។
គណបក្សប្រជាជនកម្ពុជា សូមអំពាវនាវដល់ជនរួមជាតិទាំងអស់សូមបន្តរក្សាភាព ស្ងប់ស្ងៀមនឹងនចូលរួមថែររក្សាសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គមឲ្យបានប្រសើរ ដើម្បីបង្កលក្ខណៈឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បន្តដំណើរការ របស់ ខ្លួនរហូតបានបញ្ចប់ជាស្ថាពរ។
គណបក្សប្រជាជនកម្ពុជាសូមបញ្ជាក់ នូវជំហរដ៏ម៉ឺងម៉ាត់ក្នុងការការពារផលប្រយោជន៍ ដ៏ឧត្តុង្គឧត្តមរបស់ជាតិ និងប្រជាជននៅគ្រប់ស្ថានភាព និងគ្រប់កាលៈទេសៈ ។
គួរបញ្ជាក់ថា នៅល្ងាចថ្ងៃអាទិត្យនេះដែរ លោកសម រង្ស៊ីក្នុងនាមប្រធានគណបក្សសង្រ្គោះជាតិបានចេញសេចក្តីថ្លែងការណ៍មួយប្រកាសថាគណបក្សរបស់លោកជាអ្នកទទួលជោគជ័យក្នុងការបោះឆ្នោតតំណាងរាស្រ្តថ្ងៃអាទិត្យនេះ។ សេចក្តីថ្លែងការណ៍នេះបានសរសេរថា“ថ្ងៃនេះគឺជាទិវាជាប្រវត្តិសាស្រ្តដែលគណបក្សសង្រ្គោះជាតិបានឈ្នះការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៥ឆ្នាំ២០១៣”។ ក៏ប៉ុន្តែភ្លាមៗក្រោយមក លោកសម រង្ស៊ីក៏បានលុបចោលសេចក្តីថ្លែងការណ៍នេះចេញវិញដោយចេញសេចក្តី ថ្លែងការណ៍ថ្មីមួយប្រកាសត្រឹមតែអបអរសាទរ “ទិវាប្រវត្តិសាស្រ្ត ដែលប្រជាពលរដ្ឋខ្មែរបានអញ្ជើញចូលរួមយ៉ាងឱឡារិក ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត”៕