ភ្នំពេញ:លោក Jose Deveneciaប្រធាន CAPDI បាននិយាយប្រាប់អ្នកសារព័ត៌មានថា ការបោះឆ្នោតនៅប្រទេសកម្ពុជាកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ ធ្វើឡើងប្រកប ដោយឆន្ទៈ សេរីយុត្តិធម៌ ត្រឹមត្រូវ តម្លាភាព គ្មានអំពើហិង្សា កើតឡើងនោះទេពិតជាបញ្ជាក់ថា លទ្ធិប្រជាធិបតេយ្យនៅប្រទេសកម្ពុជា ត្រូវបានពង្រឹង។
ការអះអាងបែបនេះរបស់លោក Jose Deveneciaបានត្រូវធ្វើឡើងនៅព្រឹកថ្ងៃទី២៩ខែ កក្កដា ឆ្នាំ២០១៣ នៅសណ្ឋាគារភ្នំពេញក្នុងសន្និសីទសារព័ត៌មានមួយ ដែលរៀបចំឡើងរួមគ្នារវាងគណៈប្រតិភូអ្នកសង្កេតការណ៍អន្តរជាតិ (ICAPP) សន្និសីទអន្តរជាតិនៃគណ បក្សនយោបាយនៅអាស៊ីមកពីចលនាអ្នកប្រជាធិបតេយ្យនិយមកណ្ដាលអាស៊ី-ប៉ាស៊ីហ្វិក (CAPDI) និងមកពីកូរ៉េខាងត្បូង អាហ្សែរបៃហ្សង់ និងហុងគ្រី (ដែលបានចូលរួមសង្កេតការណ៍បោះឆ្នោតនៅកម្ពុជាក្នុងថ្ងៃទី២៨ខែកក្កដាឆ្នាំ២០១៣) ។
នៅក្នុងសន្និសីទកាសែតនេះ មានការចូលរួមពីលោកស្រី ស៊ីន ជុំបូរអនុប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.)ផងដែរ។ លោក Jose Deveneciaបានឲ្យដឹងថា “ការបោះឆ្នោតនៅកម្ពុជា ទទួលបានដោយជោគជ័យស្រប តាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ ដែលពលរដ្ឋខ្មែរបញ្ចេញឆន្ទៈសិទ្ធិសេរីភាពរបស់ខ្លួន”។
លោក Jose Deveneciaបានបញ្ជាក់ថា “អនាគតប្រទេសកម្ពុជានឹងមានភាពរុងរឿងប្រកបដោយភាពសុខដុមរម្យ៍នា ដែល CAPDI និង ICAPP គាំទ្រដំណើរការបោះឆ្នោត នៅប្រទេសកម្ពុជា ទទួលបានជោគជ័យ”។
ក្នុងនោះដែរ អ្នកអង្កេតការណ៍មកពីអាស៊ាន ដូចជាប្រទេសភូមា បានថ្លែងថា ចំពោះ ដំណើរការបោះឆ្នោតដ៏ល្អ នៅកម្ពុជានេះ នឹងអាចយកទៅអនុវត្តសំរាប់ការ រៀបចំការបោះឆ្នោតនៅក្នុងប្រទេសរបស់ខ្លួន៕