ភ្នំពេញ៖ កន្លែងលក់សាច់ជ្រូក សាច់គោ ត្រី នៅក្នុងផ្សារដើមគ ដែលរកផ្លូវដើរចូលទៅទិញមិនបាននោះ ព្រោះប្រធានផ្សារឲ្យគេដាក់លក់នៅតាមផ្លូវជាប្លង់តូចៗយកលុយប្រចាំឆ្នាំ។ប្រភពបានឲ្យដឹងថា ចាប់តាំងពីលោកកែត ស៊ីវិនី បានធ្វើជាប្រធានផ្សារដើមគភ្លាម គឺគាត់ឲ្យអ្នកលក់សាច់ជ្រូក សាច់គោថ្មីចំនួន១២នាក់ ទៅលក់ប្រជ្រៀតគ្នាជាមួយអ្នកមានគ្រែរួចហើយ រកផ្លូវចូលទៅទិញមិនកើតទេ។ ប្រភពបន្តថា អ្នកលក់ដាក់ក្តាក្រាលលើផ្លូវចេញចូលទាំង១២នាក់នោះ គឺត្រូវបង់លុយជូនលោកប្រធានផ្សារក្នុង ម្នាក់៥៥០ដុល្លារក្នុង១ឆ្នាំ គឺលុយទាំងនោះប្រមូលនៅខែធ្នូជារៀងរាល់ឆ្នាំ។ ដូច្នេះលុយទាំង១២នាក់នោះ ក្នុង មួយឆ្នាំ លោកប្រធានយកច្រកហោប៉ៅឯកជនបាន៦៦០០ដុល្លារ ដោយគ្មានចែករំលែកទៅឲ្យនរណាទេ។
ប្រភពបន្តថា លុយទាំងនេះគឺសន្តិសុខជំនិតម្នាក់ឈ្មោះគឹម សាន្ត ដើរប្រមូល។ ប៉ុន្តែឆ្នាំ២០១៣នេះលោក ប្រធានផ្សារឲ្យមនុស្សជំនិតរបស់គាត់ទៅប្រមូលលុយទាំង១២គ្រែនោះ តាំងពីអំឡុងខែឧសភាមកម្ល៉េះ ថាយក ទៅជួយបក្ស។ប្រភពបន្ថែមថា នៅខាងកើតផ្សារក៏លោកឲ្យគេដាក់គ្រែ៤ទៀត គឺយកក្នុង១ឆ្នាំ១០០០ដុល្លារ។ លុយទាំងនេះ សន្តិសុខឈ្មោះឈឹម ណាង ជាអ្នកដើរប្រមូល។ ដូច្នេះលុយបន្ថែមតូបទំង២កន្លែងនេះ លោកប្រធានផ្សារ ប្រមូលបានលុយជាង១ម៉ឺនដុល្លារ យ៉ាងស្ងាត់ស្ងៀមបំផុត ហើយក៏ជាលុយគ្មានបញ្ជី គ្មានវិកយបត្រដែរ។ ទោះបី ជាគាត់ប្រមូលវេចខ្ចប់បានយ៉ាងច្រើនបែបនេះក្តីក៏មិនទាន់អស់ចិត្ត ឆ្លៀតទៅកាត់លុយសន្តិសុខក្នុង១ថ្ងៃ ៥០០០រៀលបន្ថែមទៀត ដើម្បីយកទៅឲ្យប្រពន្ធទិញម្ហូបញុំ។
ក្រុមសន្តិសុខបានរអ៊ូរទាំថា «ពួកគេខំដើរទាត់កញ្ច្រែងល្អី ខំចាប់ពីអ្នកលក់ល្មើសផ្សេងៗ បានលុយក្នុង១ថ្ងៃ ប្រហែលជាង១ម៉ឺនរៀល រួចត្រូវប្រធានកាត់យក៥០០០រៀលទៀត ពិតជាពិបាករស់ណាស់។ នេះគេមិនគិតពី ការយកលុយតាមស្តង់លក់អំពៅនៅក្រោយចេនឡាក្នុង១ឆ្នាំជាង៥០០០ដុល្លារផងទេ។ នៅមានលុយដោះដូរពី បេនឡានដីក្រហម ទៅជាកន្លែងលក់បន្លែ ត្រី សាច់ផងទៀតហើយនៅមានចំណូលគ្រប់ច្រកល្ហកច្រើនណាស់ ដូចជាលុយយាម លុយឆ័ត្រ លុយតាមស្តង់ប្រចាំថ្ងៃ លុយភាស៊ី អនាម័យ លុយទឹក លុយភ្លើង។ ដូច្នេះលោក កែត ស៊ីវិនី ស្រួលកើបលុយធ្វើជាអ្នកមានណាស់។ អ៊ីចឹងតើបានជានរណាៗក៏គេចង់ធ្វើជាប្រធានផ្សារដើមគដែរ ព្រោះបើកភ្នែកឡើងលុយហូរចូលភ្លែត។
ជុំវិញការលើកឡើងនេះ ការិយាល័យកាសែតអរិយធម៌មិនអាចសុំការពន្យល់ពីលោកប្រធានផ្សារបានទេ នៅ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣៕ ដោយ៖ តាបណ្ឌិត