កណ្តាល ៖ សមាជិកគណបក្សសង្រ្គោះជាតិម្នាក់ត្រូវប៉ូលិសស្រុកកៀនស្វាយ ធ្វើការ ខាត់ខ្លួនបន្ទាប់ ពីបានយកមើមប៉ិកួៈមួយមើម ចោលសំដៅទៅលើស្លាកសញ្ញាគណបក្ស ប្រជាជនកម្ពុជា កាលពីវេលាម៉ោង ១១និង០០នាទីយប់ថ្ងៃទី២៧ខែកក្កដា ឆ្នាំ២០១៣ នៅចំណុចខាងមុខផ្ទះឈ្មោះ ឃឹម ស៊ីនឿន (ហៅមន) ស្ថិត ក្នុងភូមិឫស្សីស្រុក ឃុំ ឈើទាល ស្រុកកៀនស្វាយ ប៉ុន្តែមិនបណ្តាលឲ្យស្លាកសញ្ញាគណបក្ស ប្រជាជន កម្ពុជា ខូចខាតទេ ។
មន្រ្តីប៉ូលិសបានឲ្យដឹងថា សមាជិកបក្សសង្រ្គោះជាតិ ដែលបង្កហេតុឈ្មោះ ជ័រ ចាម ភេទប្រុស អាយុ២០ឆ្នាំ ស្រុកកំណើតនៅភូមិព្រែក ឃុត ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល បច្ចុប្បន្នស្នាក់នៅភូមិលេខ ២ឃុំត្រើយស្លា ស្រុកស្អាង មុខរបរកម្មករ ដើរឡានដឹកមើមប៉ិកួៈ ។
មន្រ្តីប៉ូលិសបានបន្តទៀតថា មុនពេលកើតហេតុជនបង្កបានជិះលើរថយន្តកូរ៉េ មួយ គ្រឿងប្រភេទ ២,៥តោនធ្វើដំណើរមកពីលក់ប៉ិកួៈនៅឯភ្នំពេញ ។ លុះមកដល់ចំណុច កើតហេតុខាងលើជនសង្ស័យបានយកមើមប៉ិកួៈមួយដុំចោលសំដៅទៅលើ ស្លាក សញ្ញា គណបក្សប្រជាជន ពេលនោះត្រូវបានសកម្មជនគណបក្សប្រជាជន និងម្ចាស់ ផ្ទះដែល ដាក់ស្លាកសញ្ញាគណបក្សប្រជាជនបានឃើញហើយបានប្តឹងមកសមត្ថកិច្ចឲ្យឃាត់ខ្លួនជនសង្ស័យ និងរថយន្តយកមកធ្វើការសាកសួរនៅប៉ុស្តិ៍រដ្ឋបាល ឃុំឈើទាល ។ ក្រោយពីបានធ្វើការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានយក មើមប៉ិកួៈចោលសំដៅទៅលើស្លាកសញ្ញាគណបក្សប្រជាជនកម្ពុជាមែន ដោយសារតែ ខ្លួនស្អប់គណបក្សប្រជាជន ។ ចំណែកសាក្សីឈ្មោះ ចក់ ចាន់ធឿន ភេទប្រុស អាយុ១៩ ឆ្នាំ រស់នៅភូមិលេខ២ ឃុំត្រើយស្លា ស្រុកស្អាង មុខរបរជាកម្មករដើរឡានលក់ ប៉ិកួៈដូចគ្នានោះដែរ ក៏បានឆ្លើយថា ឈ្មោះ ជ័រ ចាម ជាជនសង្ស័យនោះពិតជាបានយក មើមប៉ិកួៈចោលទៅលើស្លាកសញ្ញាគណបក្សប្រជាជនកម្ពុជាពិតប្រាកដមែន ។
ប៉ូលិសបានបញ្ជាក់ថា ជនសង្ស័យឈ្មោះ ជ័រ ចាម ជាមនុស្សមានសតិមិនល្អដូចជាមិន គ្រប់ទឹក ។ ចំណែកអ្នកស្រុកក៏បានបញ្ជាក់ផងដែរថា ជនសង្ស័យជាមនុស្សមិនគ្រប់ដប់ ។ ក្រោយពីបានសាកសួរហើយ ប៉ូលិសបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យឈ្មោះ ជ័រ ចាម ទៅតុលាការដើម្បីចាត់ការបន្ត ។ ចំណែករថយន្តនិងម្ចាស់រថយន្ត និងឈ្មោះ ចក់ ចាន់ធឿន ត្រូវបានប៉ូលិសធ្វើការដោះលែងឲ្យរួចខ្លួន ៕
ដោយ៖ ដាំជា