ភ្នំពេញ ៖ របាំងថ្មចែកទ្រូងផ្លូវកន្លែង ចំនួន ៧ កង់ ស្ថិតនៅតាមបណ្តោយផ្លូវម៉ៅសេទុង កែងផ្លូវលេខ ១៦៣ ត្រង់ស្តុបបូកគោ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន ត្រូវបាក់បែកខ្ទេចខ្ទី ខណៈបុរសជនជាតិចិនម្នាក់ស្រវឹង ស្រាបើកហើយបើករថយន្តស៊េរីទំនើបបុករះយ៉ាងពេញទំហឹងកាលពីវេលាម៉ោង ២០ និង៥០ នាទីយប់ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០១៣ ។
យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុបុរសម្នាក់ជាជនជាតិ ចិនវ័យជាង ៤០ ឆ្នាំ ស្ថិតក្នុងសភាពស្រវឹងស្រាជោគខ្លួនងើបស្ទើរមិនរួច បានបើកបររថយន្តឡង់គ្រីស័រ មួយគ្រឿងពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2H-9699 ឌុបស្រីស្នេហ៍ចំនួន ២ នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវម៉ៅសេទុង ក្នុងទិសដៅពីកើតទៅលិច ដោយបានបើកបរយ៉ាងលឿនខណៈមកដល់ចំណុចខាងលើស្រាប់តែ រថយន្តឡិចស៊ីស នេះបានរេចង្កូតទៅបុករះរបាំងថ្មចែកទ្រូងផ្លូវយ៉ាងពេញទំហឹង បណ្តាលឲ្យបាក់បែកខ្ទេចខ្ទី រាយប៉ាយពេញផ្លូវ ចំណែករថយន្តគរពីលើរបាំងថ្មចែកទ្រូងផ្លូវទៅមុខលែងរួច ។ ហើយក្រោយពីមានហេតុ ការណ៍នេះសមត្ថកិច្ចកងរាជអាវុធហត្ថខណ្ឌចំការមនបានចុះមកអន្តរាគមន៍ឃាត់បានអ្នកបើកបរភ្លាមៗ ប៉ុន្តែ ដោយជនជាតិចិននេះស្រវឹងស្រាខ្លាំងពេកនិយាយមិនស្តាប់គ្នា សមត្ថកិច្ចបានសម្រេចប្រគល់ឲ្យក្រុមគ្រួសារ យកទៅផ្ទះវិញ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន និងនគរបាលចរាចរខណ្ឌចំការមន បានសហការជាមួយនគរបាលជំនាញធ្វើការវាស់វែងអូសយកទៅរក្សាទុកនៅការិយាល័យជើងគោករាជធានី ភ្នំពេញរង់ចាំដោះស្រាយតាមនីតិវិធីច្បាប់។ បញ្ហាចរាចរណ៍នេះបង្កឡើងដោយសារអ្នកបើកបររថយន្តឡង់គ្រីស័រ ជាជនជាតិចិនស្រវឹងស្រា ហើយជាពិសេសរូបគេបានបើករថយន្តក្នុងល្បឿនទៀតទើបបណ្តាលឲ្យរេចង្កូតបុក របាំងថ្មចែកទ្រូងផ្លូវបែបនេះតែម្តងទៅ៕ ដោយៈ ទុយ បញ្ញា