ភ្នំពេញ៖ សេចក្តីប្រកាសព័ត៌មាន របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៣ បានបង្ហាញថា ស្ថានទូតសហរដ្ឋ អាមេរិកប្រចាំនៅកម្ពុជា បានបញ្ជូនអ្នកសង្កេតការណ៍របស់ខ្លួន ចំនួន ៥៦ នាក់ មកចូលរួមមើលដំណើរការបោះឆ្នោត និងរាប់សន្លឹកឆ្នោត នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ ដែលបានប្រព្រឹត្ត ឡើងនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣នេះ។
ជាមួយគ្នានេះដែរ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ក៏បានបញ្ជូនអ្នកសង្កេតការណ៍ចំនួន ៤នាក់ មកចូលរួមឃ្លាំ មើលដំណើរការបោះ ឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រនីតិកាលទី៥ នៅក្នុងប្រទេសកម្ពុជា ផងដែរ។
បេសកម្មជំនាញការបោះឆ្នោតរបស់ សហគមន៍អឺរ៉ុប ក៏បានបញ្ជូនអ្នកសង្កេត ការណ៍ ចំនួន ៣នាក់ មកឃ្លាំមើលដំណើរការ បោះឆ្នោតនេះដែរ។ អង្គការ NDI របស់សហរដ្ឋអាមេរិក បញ្ជូនអ្នកសង្កេតការណ៍១៥នាក់ ជាពិសេសជាងនេះទៀត CAPDI បញ្ជូនអ្នកសង្កេតការណ៍ ចំនួន១៧នាក់ និង ICAPP បញ្ជូនអ្នកសង្កេតការណ៍ចំនួន២០នាក់ ហើយប្រទេសកូរ៉េ បញ្ជូនអ្នក សង្កេតការណ៍ចំនួន១១នាក់។
ជាសរុប គជប បានប្រកាសថា មានអ្នកសង្កេតការណ៍ជាតិ អន្តរជាតិ អ្នកសង្កេត ការណ៍អាស៊ាន និងភ្ញៀវពិសេសអន្តរជាតិ សរុបចំនួន ៤០.៤៥៦ នាក់ ដើម្បីចូល រួមសង្កេតមើលដំណើរការបោះឆ្នោត។
ក្នុងចំណោមអ្នកសង្កេតការណ៍បោះឆ្នោតទាំងនេះ មានអ្នកសងេ្កតការណ៍ជាតិ មកពីអង្គការសមាគម ចំនួន ៣៣ សរុបចំនួន ២៥.៤៣១ នាក់។ អ្នកសង្កេតការណ៍ជាតិ មកពីគណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្សសរុបចំនួន ១៤.៧១១ នាក់។ អ្នកសង្កេតការណ៍អន្តរជាតិ មកពីអង្គការ និងស្ថានទូត ចំនួន ២៩ សរុបចំនួន ២៤៣ នាក់។ អ្នកសង្កេតការណ៍អាស៊ាន មកពី ៨ ប្រទេស សរុបចំនួន ២៣ នាក់ និងភ្ញៀវពិសេសអន្តរជាតិ សរុបចំនួន ៤៨ នាក់។
សេចក្តីប្រកាសក៏បានបង្ហាញថា គ.ជ.ប បានចេញប័ណ្ណសំគាល់ខ្លួនដល់ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិសរុបចំនួន ១.០៩៨ នាក់ មកពី១២២ អង្គភាព ក្នុងនោះអ្នក សារព័ត៌មានជាតិចំនួន៨៥០នាក់ មកពី៦៩អង្គភាព និង អ្នកសារព័ត៌មានអន្តរជាតិចំនួន ២៤៨នាក់ មកពី៥៣អង្គភាពដើម្បីចូលរួមយកព័ត៌មាន អំពីដំណើរការបោះឆ្នោត ជ្រើសតាំង តំណាងរាស្ត្រនីតិកាលទី៥ សម្រាប់ឆ្នាំ២០១៣៕