កណ្តាល៖ នារីក្រមុំដ៏ស្រស់ស្អាតម្នាក់ត្រូវបានគេសម្លាប់ ហើយយកសាកសពទៅចងកព្យួរនៅ ក្នុងផ្ទះ ដែលមានចាក់សោពីខាងក្រៅ ហើយជនដៃដល់បានយកម៉ូតូសង់សេរី ២០១៣ មួយគ្រឿង និង ទូរស័ព្ទដៃស៊េរីទំនើបមួយគ្រឿងទៀតទៅបាត់។
ករណីជនដៃដល់ធ្វើសកម្មភាពមិនមានប្រភពណាជាក់លាក់ទេ ប៉ុន្តែហេតុការណ៍ដែលគេប្រទះឃើញ សាកសពនារីរងគ្រោះ ស្លាប់នៅក្នុងផ្ទះនោះ គឺបានកើតឡើងនៅវេលាម៉ោង ៦ និង ២០នាទី ព្រឹកថ្ងៃទី ២៦ កក្កដា ឆ្នាំ២០១៣ នៅផ្ទះនារីរងគ្រោះស្ថិតក្នុងភូមិព្រែកតាពៅសង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាលគ្រាដែលមានធុំក្លិនស្អុយ។
សមត្ថកិច្ចប៉ូលីសបានឱ្យដឹងថា នារីរងគ្រោះឈ្មោះ សែម សុនីដា អាយុ ២៣ឆ្នាំ មានទីលំនៅភូមិឃុំ កើត ហេតុខាងលើ។ ប៉ូលិសបានបន្តទៀតថា សាកសពនារីរងគ្រោះ បានស្លាប់រយៈពេលជាងមួយសប្តាហ៍ទៅ ហើយពី ព្រោះសាកសពបានស្អុយរលួយដែលមិនអាចសនិ្នដា្ឋនបានថា នារីរងគ្រោះស្លាប់ដោយសារជនដៃដល់ សម្លាប់ដោយប្រើកាំបិទចុងស្រួចចាក់ឬក៏វាយនឹង ដំបងឬប្រើអាវុធអ្វីនោះទេ។
ប៉ូលីសបានបញ្ជាក់ថា នៅមុនម៉ោង ៦ និង២០នាទីនៃថ្ងៃភ្ញាក់ផ្អើលស្ត្រីម្នាក់ដែលត្រូវជា អ៊ុំ ស្រី បង្កើតនារីរងគ្រោះបានមកពីភ្នំពេញ ដើម្បីមកយកឯកសាររៀបចំទៅបោះឆ្នោត ហើយពេលដែលចាក់សោទ្វារចូលទៅខាងក្នុងក៏ប្រទះឃើញសាកសពនារីរងគ្រោះ ឡើងហើមស្អុយទៅហើយ ទើបធ្វើឱ្យមានការភ្ញាក់ផ្អើលតែម្តង។
បើតាមប្រភពព័ត៌មានពីម្តាយនារីរងគ្រោះឈ្មោះ អ៊ិន សុខុម អាយុ ៤៧ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុប៉ុន្តែស្នាក់នៅឯខេត្តសៀមរាប ដើម្បីប្រកបមុខរបររកស៊ី បានឱ្យដឹងថា នារីរងគ្រោះត្រូវជាកូនបានសុំម្តាយមកភ្នំពេញវិញ ដើម្បីរកការងារធ្វើនិងបានយកម៉ូតូសង់ស៊េរី ២០១៣ មួយគ្រឿង និងមានទូរស័ព្ទដៃទំនើបផងនោះមកជាមួយឥឡូវបានបាត់ទៅហើយ។
ចំណែកសាក្សីថា អ្នកជិតខាងក៏បានបញ្ជាក់ផងដែរថា គេតែងតែបានឃើញនារីរងគ្រោះជិះម៉ូតូសង់ស៊េរី ២០១៣ ជារៀងរាល់ថ្ងៃ ឥឡូវម៉ូតូត្រូវបានបាត់ពីផ្ទះហើយផ្ទះត្រូវចាក់សោទ្វារពីខាងក្រៅទៀត។ សាក្សី បានសង្ស័យថា នារីរងគ្រោះត្រូវបានអ្នកស្និទ្ធស្នាលជាមួយសម្លាប់រួចយកម៉ូតូ និងទូរស័ព្ទដៃទំនើបទៅ បាត់។ប្រភពពីសមត្ថកិច្ចប៉ូលីសបានបញ្ជាក់ថា ករណីខាងលើគឺជាករណីលួចរួចសម្លាប់ហើយ យកក្រមាចងក ដើម្បីបង្វែងដានពីករណីឃាតកម្មទៅជាករណីធ្វើអត្តឃាត៕
ដោយៈ ដាំ ជា