ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||     រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||     ល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនបង្ក្រាប​  ||   

» សិល្បៈ-កម្សាន្ត » នាយកុយ ទម្លាយ​រឿង​ប៉ះទង្គិច​នឹង​ខេមរៈ សេរីមន្ត

នាយកុយ ទម្លាយ​រឿង​ប៉ះទង្គិច​នឹង​ខេមរៈ សេរីមន្ត

ភ្នំពេញៈ ក្រោយ​ទទួល​រងគ្រោះ​ថ្នាក់​ចរាចរណ៍​ដ៏​សាហាវ​បណ្តាល​ឲ្យ​មនុស្ស​មួយ​ចំនួន​ស្លាប់​ភ្លាម​នោះ មក​ទល់​នឹង​ពេល​នេះ តារាចម្រៀង ខេមរៈ សេរីមន្ត នាយ កុយ យាយ ណាង និង​ជន​រងគ្រោះ​ដទៃ​ទៀត​នៅ​មិន​ទាន់​ទទួល​បាន​យុត្តិធម៌​នៅ​ឡើយ សូម្បី​ប្រាក់​មួយ​សេន។ ក្រោយ​ស្ងប់ស្ងាត់​បែរ​ជា​មន្ត្រី​ប៉ូលិស បាន​ធ្វើការ​ស្រាវជ្រាវ និង​បញ្ជាក់​ឲ្យ​ដឹង​ថា រថយន្ត សេរីមន្ត មាន​ប្រើ​ភ្លើង ឡាស៊ែរ​ដែល​អាច​ជា​បច្ច័យ​មួយ​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​នេះ។ ការ​ស៊ើបអង្កេត​របស់​ប៉ូលិស​ដោយ​ឯកតោ​ភាគី​នោះ ធ្វើ​ឲ្យ ខេមរៈ សេរីមន្ត និង​ក្រុម​សិល្បករ​ជា​ជន​រងគ្រោះ គ្រោង​នឹង​ធ្វើ​សន្និសីទ​សារព័ត៌មាន​ជា​ថ្មី​ដើម្បី​បញ្ជាក់​រឿង​នេះ​កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ ទី​១០ ខែ មិថុនា កន្លង​ទៅ​នេះ តែ​បែរ​កម្មវិធី​នោះ​ត្រូវ​លើក​ពេល​ភ្លាម​ៗ​ដោយ​លេច​ចេញ​ព័ត៌មាន​ថា នាយ កុយ និង ខេមរៈ សេរីមន្ត មាន​រឿង​មិន​ចុះ​សម្រុង​នឹង​គ្នា។

ការ​លើក​ពេល​ភ្លាម​ៗ​នេះ កំពុង​ស្ថិត​នៅ​ក្នុង​ការ​សង្ស័យ​ថា តើ​ក្រុមហ៊ុន SK មាន​ការ​ភិតភ័យ​ក៏​សង​ប្រាក់​វិញ ដើម្បី​បញ្ចប់​ការ​ធ្វើ​សន្និសីទ​នេះ ឬ​ក៏​ភាគី ខេមរៈ សេរីមន្ត នាយកុយ និង​យាយ​ណាង​ត្រូវ​បាន​តុលាការ និង​សមត្ថកិច្ច​សុំ​ផ្អាក​សិន ដើម្បី​ដោះស្រាយ​? តែ​យ៉ាង​ណា​បែរ​ជា​មាន​ការ​បែកធ្លាយ​ថា ការ​ផ្អាក​ធ្វើ​សន្និសីទ​នេះ ដោយសារ​តែ​តារាចម្រៀង ខេមរៈ សេរីមន្ត និង​នាយ កុយ បាន​ប៉ះទង្គិច​ផ្លូវ​ចិត្ត​ជាមួយ​គ្នា​ទៅ​វិញ​។

ចំពោះ​បញ្ហា​នេះ នាយ កុយ បាន​បញ្ជាក់​ថា ៖​«​មក​ទល់​នឹង​ពេល​នេះ ខ្ញុំ និង​ជន​រងគ្រោះ​ដទៃ​មិន​ទាន់​បាន​ប្រាក់​មួយសេន​ទេ មិន​ដឹង​ជា​គេ​គិត​យ៉ាង​ម៉េច គេ​ហាក់​ដូចជា​មើល​ងាយ​ជីវិត​មនុស្ស​ស្មើ​នឹង​សត្វឆ្កែ​ទៅ​ហើយ។ ដោយ​ឡែក​រឿង​ថា ខ្ញុំ​មាន​បញ្ហា​ជាមួយ​នឹង​សេរីមន្ត នោះ​គឺ​អត់​ទេ អត់​ទេ​ប្អូន មុន​នោះ​មាន​គម្រោង​ធ្វើ​សន្និសីទ​មែន តែ​ក្រោយ​មក​សេរីមន្ត បាន​ប្រាប់​ថា អត់​ធ្វើ​វិញ​ទេ ព្រោះ​ទុក​ពេល​ឲ្យ​មេធាវី​គេ​ធ្វើការ​បន្តិច​ទៀត​សិន​»។

ក្នុង​ជំនួប​ជាមួយ​នឹង​លោក ខេមរៈ​ភារុណ បងប្រុស​ខេមរៈ សេរីមន្ត នៅ​ខេត្ត​កំពង់ស្ពឺ ក្នុង​ពិធី​សម្ពោធ​ស្ទូឌីយ៉ូ​ថតភាពយន្ត​កម្ពុជា លោក​បាន​ឲ្យ​ដឹង​ថា មេធាវី​របស់​ខេមរៈ សេរីមន្ត​គ្រោង​នឹង​ឲ្យ​ធ្វើ​សន្និសីទ​សារព័ត៌មាន​នៅ​ព្រឹក​ថ្ងៃ​ចន្ទ ដើម្បី​បកស្រាយ​រឿង​មន្ត្រីប៉ូលិស ធ្វើការ​រក​ឃើញ​ភ្លើងឡាស៊ែរ​នៅ​ជាប់​នឹង​រថយន្ត​របស់​ប្អូន​លោក ដែល​គេ​ថា នោះ​ជា​មូលហេតុ​មួយ​អាច​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​នោះ​។ លោក​បាន​បន្ត​ថា ភ្លើងឡាស៊ែរ​នោះ​គឺ​នៅ​ក្រោម​កាង​រថយន្ត ដូច្នេះ​មិន​អាច​ចាំង​បាន​៥០​ម៉ែត្រ​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​នោះ​ទេ។ លោក​បាន​បញ្ជាក់ថា នោះ​ជា​ភាព​មិន​ប្រក្រតី​មួយ​។

លោក​បាន​បញ្ជាក់​ថា​៖​«បើ​តាម​ផ្លូវច្បាប់ មន្ត្រីប៉ូលិស​មិន​អាច​មាន​សិទ្ធិ​ទៅ​ដោះ​រើ​ផ្នែក​ណា​មួយ​នៃ​រថយន្ត​របស់​យើង​បាន​ទេ បើ​គ្មាន​ដីកា​ពី​តុលាការ ឬ​ក៏​ក្រុម​ការងារ​ចម្រុះ​នោះ។ ប៉ុន្តែ​ស្ងាត់​ៗ ស្រាប់​តែ​ប៉ូលិស​ទៅ​ដោះរើ​ភ្លើងស្តុប​រថយន្ត​របស់​យើង​ក្រហត​ៗ ហើយ​និយាយ​ថា នោះ​ជា​ភ្លើងឡាស៊ែរ​ដែល​អាច​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់»។

លោក​បាន​បន្ថែម​ថា​៖​«​ចំណុច​នេះ យើង​មិន​អាច​ទទួល​យក​បាន​ទេ តែ​យើង​មិន​អាច​និយាយ​ថា គេ​ធ្វើ​នោះ​ក្នុង​បំណង​អ្វី​ច្បាស់​ដែរ​តែ​ខ្ញុំ​គិត​ថា ទង្វើ​នោះ ប្រហែល​ជា​មាន​ឥទ្ធិពល​ពី​ខាង​ក្រុមហ៊ុន​បង្កគ្រោះ​ហើយ​មើល​ទៅ​»។

ដោយសារ​តែ​មិន​សប្បាយ​ចិត្ត​ជាមួយ​នឹង​មន្ត្រីប៉ូលិស​ក្រុមតារា​ដែល​រងគ្រោះ​ក្រុម​តារា​ដែល​រងគ្រោះ​នោះ​គ្រោង​នឹង​ធ្វើ​សន្និសីទ​សារព័ត៌មាន​បកស្រាយ​មួយ ប៉ុន្តែ​ភ្លាម​ៗ​ក៏​លុបចោល​ទៅ​វិញ។ ពាក់ព័ន្ធ​នឹង​ការ​លើក​ឡើង​ថា ការ​លុបចោល ដោយសារ​មាន​ការ​ប៉ះទង្គិច​គ្នា​រវាង​នាយ​កុយ និង សេរីមន្ត នោះ លោក ខេមរៈ សេរីមន្ត​មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​បាន​ទេ។ រីឯ​លោក ខេមរៈ ភារុណ ជា​អ្នក​នាំ​ពាក្យ​ក៏​បដិសេធ​មិន​បកស្រាយ ដោយ​លោក​ប្រាប់​ថា កំពុង​ជាប់​ប្រជុំ។

ចំណែក​ឯ លោក ជួង ជី ហៅ​នាយ​កុយ ដែល​អង្គុយ​ចាំ​ដំណោះស្រាយ​ដូច​កាប់​បំពង់​រង់ចាំ​ទឹកភ្លៀង​ក៏​បាន​សម្តែង​ការ​ឈឺ​ចិត្ត​ស្អិត​ទ្រូង​ដែរ​ចំពោះ​រឿង​អ្នក​បង្កគ្រោះ​មិន​ព្រម​ចេញ​ថ្លៃ​សំណង​ចំពោះ​កូន​ខ្លួន​ដែល​បាន​ស្លាប់​នោះ​។ លោក​និយាយ​នៅ​លើ​ឆាក​កម្មវិធី​ទូរទស្សន៍​ស៊ីធីអិន​ថា​៖​«​គួរ​ឲ្យ​ក្តៅក្រហាយ​ណាស់ កូន​ស្លាប់​ទាំង​មូល​នៅ​មិន​ទាន់​ដោះស្រាយ​ថា យ៉ាង​ម៉េច​សោះ​»។

លោក​បាន​ឲ្យ​ដឹង​ថា​៖​«​មក​ទល់​នឹង​ពេល​នេះ ជិត​ដល់​ពេល​បុណ្យ​១០០​ថ្ងៃ​របស់​កូន​ទៅ​ហើយ តែ​ក្រុមហ៊ុន​បង្កគ្រោះ​នៅ​តែ​ស្ងាត់ច្រៀប​នៅ​ឡើយ គេ​ហាក់​ដូចជា​ចង់​គេចវេះ​ពី​បញ្ហា​ដោយ​ទម្លាក់​បញ្ហា​ដាក់​គ្នា​ជាមួយ​នឹង​ក្រុមហ៊ុន​ធានារ៉ាប់រង​កាំមីនកូ»។

ដោយ​ឡែក​លោក​យាយ​ណយ សំណាង ដែល​សព្វ​ថ្ងៃ​នេះ​សុខភាព​លោក​យាយ​មិន​អំណោយ​ផល​ដោយសារ​មាន​ជំងឺ​លើសឈាម​ផង ខ្វះ​ជាតិស្ករ​ផង ហើយ​បេះដូង​កាន់​តែ​ខ្សោយ​ទៅ​ៗ​និង​ត្រូវ​ចិញ្ចឹម​ចៅ​កំព្រា​ចំនួន​៤​នាក់​នៅ​ក្រោម​ដំបូល​ផ្ទះ​ជួល​វិញ ក៏​កំពុង​ប្រឈម​នឹង​ជីវភាព​យ៉ាង​ធ្ងន់ធ្ងរ​ដែរ ក្រោយ​ពេល​កូនប្រុស​របស់​លោកយាយ​បាន​ស្លាប់​នៅ​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​នោះ ហើយ​មក​ទល់​នឹង​ពេល​នេះ​មិន​ទាន់​ទទួល​បាន​សំណង​សូម្បី​តែ​មួយ​សេន​នោះ​។

គួរ​រំឭក​ថា កាល​ពី​វេលា​ម៉ោង​៨ និង​៣០​នាទី​យប់​ថ្ងៃ​ទី​៧ មីនា ឆ្នាំ​២០១៣​កន្លង​ទៅ​ខេមរៈ សិរីមន្ត រួម​ជាមួយ​នឹង​ក្រុម​ការងារ​៨​នាក់ (​មាន​ក្មេង​ម្នាក់​) បាន​ធ្វើ​ដំណើរ​តាម​រថយន្ត​ម៉ាក Tundra ពណ៌ស​ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះសីហនុ ដើម្បី​ច្រៀង​នៅ​ក្នុង​ការ​ប្រគំតន្ត្រី​មួយ​ហើយ​ក៏​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​នៅ​លើ​ផ្លូវជាតិ​លេខ​៤ បណ្តាល​ឲ្យ​ក្រុម​ការងារ​របស់​លោក​ស្លាប់​៤​នាក់​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya