ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជានៅថ្ងៃទី ២៦ កក្កដា ម្សិលមិញនេះបានបង្ហាញនូវកម្លាំង សមាជិក សមាជិកាដ៏រឹងមាំរបស់ខ្លួនប្រមាណជាង ៥,៦៥ លាននាក់នៅទូទាំងខេត្តក្រុង រាជធានីក្នុងថ្ងៃយុទ្ធនាការ ឃោសនារកសំឡេងឆ្នោតធំចុងក្រោយ ហើយក្នុងការបង្ហាញអ្នកគាំទ្រដ៏ធំធេងនេះក៏មានវត្តមានសម្តេច ជា ស៊ីម និងសម្តេច ហេង សំរិននៅក្នុងចំណោមសមាជិក សមាជិកាដ៏ច្រើនលើសលុបនោះផងដែរ។
សម្តេច ជា ស៊ីម ប្រធានគណបក្សប្រជាជនកម្ពុជាបានបង្ហាញមុខឃោសនាធំនៅរាជធានីដឹកនាំក្បូន ឃោសនាដែលមានអ្នកចូលរួមរាប់សែននាក់អមដោយម៉ូតូ និងរថយន្តច្រើនរយគ្រឿងទៀតផង។រីឯសម្តេច ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនបានមានវត្តមានឃោសនាថ្ងៃ ចុងក្រោយ នៅលើទឹកដីខេត្តកំពង់ចាម ដោយមានអ្នកចូលរួមហែក្បួនច្រើនម៉ឺននាក់ផងដែរ។
ការឃោសនារបស់គណបក្សប្រជាជននាថ្ងៃចុងក្រោយនេះត្រូវបានប្រជាពលរដ្ឋនៅទូទាំងប្រទេសធ្វើ ការអបអរយ៉ាងខ្លាំងដោយឈរអម សងខាងផ្លូវ និងមានផ្តល់នំចំណីទឹកសុទ្ធជូនដល់សមាជិក សមាជិកា របស់គណបក្សប្រជាជនផងដែរ។
អ្នករាយការណ៍ ព័ត៌មានអរិយធម៌ប្រចាំរាជធានីភ្នំពេញ និង បណ្តាខេត្តនានា បានរាយការណ៍អំពីចំនួនដ៏សែនច្រើន របស់អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា នៅទូទាំ ២៤ ខេត្តក្រុង។
អ្នកយកព័ត៌មាន របស់អរិយធម៌បានរាយការណ៍ថា នៅខេត្តកណ្តាលអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាច្រើនម៉ឺននាក់ បានចូលរួមឃោសនា។ របាយការណ៍ពីខេត្តបាត់ដំបងវិញ លោក ស ខេង បានដឹកនាំមនុស្ស ៤,៥ ម៉ឺននាក់ដើម្បីរកសម្លេងគាំទ្រការបោះឆ្នោតនៅថ្ងៃអាទិត្យ។ ក្នុងទឹកដីខេត្ត បន្ទាយមានជ័យ ឯណោះវិញ គណបក្សកាន់អំណាចបានប្រមូលមនុស្សចំនួន រហូតដល់ ៦,៥ ម៉ឺននាក់ ដើម្បីឃោសនានៅថ្ងៃចុងក្រោយ។
រីឯខេត្តព្រៃវែងគណបក្សប្រជាជនកម្ពុជាហែក្បួនមានអ្នកចូលរួមជាង ៣ម៉ឺននាក់ផងដែរ យើងត្រឡប់មកកាន់ ខេត្តស្វាយរៀងវិញម្តង។ គេឃើញមនុស្សប្រមាណជាង ២ ម៉ឺននាក់កំពុងតែពាក់អាវគណបក្សប្រជាជនកម្ពុជា ហើយធ្វើការឃោសនាផ្តាច់ព្រ័ត្រ។
ចំណែកខេត្តតាកែវគណបក្សប្រជាជន បានហែក្បួនធំថ្ងៃចុងក្រោយដោយមានអ្នកចូលរួមជិត ៤ម៉ឺននាក់ ដឹកនាំដោយលោក សុខ អាន។ សូម្បីតែនៅប៉ៃលិន ក៏មានមនុស្សយ៉ាងតិច ១,៥ ម៉ឺននាក់បានចូលរួមធ្វើការឃោសនាអោយគណបក្សប្រជាជនកម្ពុជាដែរ។
អ្នកយកព័ត៌មាន របស់អរិយធម៌ក៏បានរាយការណ៍ថានៅខេត្តផ្សេងៗពីនេះទៀត ក៏គណបក្សប្រជាជន
កម្ពុជាប ង្ហាញសាច់ដុំដ៏រឹងមាំរបស់ខ្លួន សម្រាប់ផ្តួលគូប្រកួតនយោបាយនៅក្នុងការបោះឆ្នោត ថ្ងៃអាទិត្យនេះដែរ។
មុននឹងចេញដំណើរនៃក្បួនយុទ្ធនាការរកការគាំទ្រជាលើកចុងក្រោយរបស់ខ្លួននាព្រឹកថ្ងៃប្រមុខដឹកនាំ
គណបក្សប្រជាជនកម្ពុជាសម្តេច ជា ស៊ីម សម្តេច ហេង សំរិន បានថ្លែងការណ៍ដាច់ដោយឡែក ពីគ្នាទៅកាន់សមាជិក សមាជិកា ដែលមានខ្លឹមសារជាអាទិ៍ថា «គណបក្សប្រជាជន កម្ពុជា សូមសំដែងការ គោរព និងអំណរគុណ ដ៏ជ្រាលជ្រៅបំផុតជូនជនរួមជាតិ នៅគ្រប់ទិសទីគ្រប់ស្រទាប់ គ្រប់ មជ្ឈដ្ឋាននានាក្នុងសង្គម ជាពិសេសស្រទាប់យុវជនយ៉ាងច្រើនកុះករបំផុត ដែលបានគាំទ្រកម្មវិធីនយោបាយ របស់ គណបក្សប្រជាជនកម្ពុជា ដើម្បីកសាង និងការពារមាតុភូមិឆ្នាំ២០១៣-២០១៨ ហើយបានចូលរួមយ៉ាង សកម្មក្នុងយុទ្ធនាការឃោសនារបស់គណបក្សប្រកបដោយវិចារណញ្ញាណដ៏ថ្លៃថ្លា និងភាពថ្លៃថ្នូរ រក្សាខ្ជាប់នូវភាព នឹងន៎ អត់ធ្មត់ចំពោះពាក្យសំដីភូតកុហក វាយប្រហារ មូលបង្កាច់ ការពិតយ៉ាង អសុរោះបំផុត និងអំពើអុចអាល ញុះញង់បង្កហេតុពីសំណាក់ឃោសនិក និងសកម្មជន នៃគណបក្សខ្លះមកលើគណបក្សប្រជាជនកម្ពុជា»។
ប្រមុខដឹកនាំគណបក្សប្រជាជនបន្តថា «ទោះបីជាមានការជេរប្រមាថ និងប៉ុនប៉ងបំបែកបំបាក់ចំណងទាក់ទងរវាងបក្សនិង ប្រជាជនពីសំណាក់គណបក្សនយោបាយខ្លះយ៉ាងណាក្តី ក៏ពួកគេមិនអាចសម្រេច បាននូវបំណងប្រាថ្នាឡើយ។ ផ្ទុយទៅវិញកាន់តែធ្វើឲ្យប្រជាជនបានឃើញច្បាស់នូវតួនាទី ជាប្រវត្តិ សាស្រ្តរបស់គណបក្សប្រជាជនកម្ពុជាក្នុងការបម្រើប្រទេសជាតិរយៈពេលជិត ៣៥ឆ្នាំកន្លងមក»។ «មកដល់ពេលនេះ ជនរួមជាតិពិតជាបានធ្វើការសម្រេចចិត្ត រួចហើយ ក្នុងការជ្រើសរើស យកគណបក្ស ណាមួយ ឲ្យបន្តដឹកនាំប្រទេសសម្រាប់រយៈពេល៥ឆ្នាំបន្តទៀត។ នេះគឺ គណបក្ស ដែលបានផ្សារភ្ជាប់បម្រើប្រជាជននៅគ្រប់កាលៈទេសៈ ដែលបាននាំមកនូវសមិទ្ធផលយ៉ាងធំធេងក្នុង រយៈពេលជិត៣៥ឆ្នាំមកនេះ ជាគណបក្ស ដែលមានកម្មវិធីនយោបាយត្រឹមត្រូវ និងសមត្ថភាព ដឹកនាំជ័យជម្នះ ដោយ ជោគជ័យ នូវរាល់ឧបសគ្គ និងការលំបាកទាំងឡាយរបស់ជាតិ ជាគណបក្ស ដែលហ៊ានគិត ហ៊ានធ្វើ និង ហ៊ានទទួលខុសត្រូវ មិនមែនជាគណបក្ស ដែលចេះត្រឹមតែនិយាយការកុហកបោកប្រាស់ សន្យាខ្យល់ មិនចេះចប់នោះ ឡើយ»។
សម្តេច ហេង សំរិន ក៏បានអំពាវនាវសូមឲ្យប្រជាពលរដ្ឋទាំងអស់ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត អញ្ជើញទៅ បោះឆ្នោតឲ្យបានគ្រប់ៗគ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូប ទេវតាបាចផ្កាមានលំដាប់ លេខរៀងទី៤ នៅលើសន្លឹកឆ្នោតកុំបីខាននៅថ្ងៃអាទិត្យទី២៨ ខែកក្កដា ឆ្នាំ២០១៣ ខាងមុខនេះ។
បន្ទាប់ពីអាននូវសេចក្តីថ្លែងការណ៍រួចរាល់ហើយនោះ ក្បួនឃោសនា ដែលកកកុញទៅដោយប្រជា ពលរដ្ឋទាំងយុវ ជនជំនាន់មុន និងជំនាន់ក្រោយ អមដោយម៉ូតូ រថយន្តយ៉ាងច្រើនអនេក បានដង្ហែនៅ ក្នុងទីរួមខេត្ត និងបាញ់ឆ្ពោះ ទៅបណ្តាស្រុកនានាទូទាំងខេត្ត។
សូមបញ្ជាក់ថា ខេត្តកំពង់ចាមជាខេត្តមានអាសនៈសភាចំនួន ១៨ ដែលជាកន្លែងមួយ ដែលគ្រប់គណ បក្សនយោ បាយទាំងអស់ បានផ្តោតការយកចិត្តទុកដាក់ជាខ្លាំង។ នៅព្រឹកថ្ងៃទី២៦ ដែលជាថ្ងៃ ចុង ក្រោយនៃយុទ្ធនាការ ឃោសនារកសំឡេងឆ្នោតនេះ គណបក្សសង្រ្គោះជាតិ ដែលដឹកនាំដោយ លោក សម រង្ស៊ី និង លោក កឹម សុខា ក៏បានផ្តើមក្បួនឃោសនារបស់ខ្លួននៅទីនោះផងដែរ បន្ទាប់មក ដង្ហែឆ្ពោះមករាជធានីភ្នំពេញ។
របាយការណ៍មួយបានបង្ហាញថា គណបក្សប្រជាជនមានសមាជិករហូតដល់ជាង ៥,៦៥ លាននាក់នៅទូទាំងប្រទេសកម្ពុជា គិតត្រឹមខែមីនា ឆ្នាំ២០១៣។ ចំនួននេះគឺច្រើនជាង ៥០ ភាគរយ នៃអ្នកចុះឈ្មោះបោះឆ្នោតទាំងអស់ដែលមានចំនួន ៩,៦៧ លាននាក់។
ហេតុ ដូច្នេះហើយ បានជាមានការទស្សន៍ទាយជាទូទៅដោយអ្នកវិភាគ នៅក្នុងប្រទេស ក៏ដូចជា សារ ព័ត៌មានអន្តរជាតិថា គណបក្សប្រជាជនកម្ពុជា នឹងឈ្នះការបោះឆ្នោតឆ្នាំ២០១៣ នេះទៀត ទោះបីជាគេមិនទាន់ប្រាកដនៅឡើយថា តើគណបក្សនេះ នឹងបានទទួលអាសនៈច្រើនប៉ុណ្ណា នៅក្នុងចំណោមអាសនៈទាំង ១២៣ នៅក្នុងរដ្ឋសភា៕
ដោយ៖ ហង្ស ទេព