ភ្នំពេញ៖ យុវតីម្នាក់ បានរងរបួសធ្ងន់ ដោយ បាក់ឆ្អឹងស្មា ពីក្រោយ ដោយសារតែ សមាជិក គណបក្ស សង្គ្រោះជាតិ វាយនឹងក្តារបន្ទះ ព្រោះគ្រាន់តែឆ្លើយពាក្យថា «មិនដូរ» នៅពេលដែល សមាជិក គណ បក្សសង្រ្គោះជាតិបានស្រែកសួរថា «ដូរ ឬមិនដូរ»?ខណៈដែលរូបនាង និងមិត្តភក្តិ កំពុងជិះម៉ូតូ នៅពីក្រោយក្បួនដង្ហែ គណបក្ស ប្រឆាំងផ្កាប់មុខមួយនេះ។
ហេតុការណ៍សមាជិក គណបក្សប្រឆាំង វាយយុវតីបណ្តាល ឲ្យរងរបួសធ្ងន់ខាងលើនេះ បានកើតឡើង កាល ពីព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៣ នៅក្បែរសួនច្បារផ្សារពោធិ៍ចិនតុង តាមបណ្តោយ ផ្លូវសហ ព័ន្ធរុស្ស៊ី។ ដោយមើលឃើញ នូវការវាយដំស្រ្តីទន់ខ្សោយ ពីសំណាក់ ក្រុមសមាជិក គណបក្សសង្គ្រោះ ជាតិ ខាងលើនេះ លោកស្រី ជុំ សាមីន កែប ជុតិមា ប្រធាន សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និង អភិវឌ្ឍន៍ រាជធានីភ្នំពេញ និងត្រូវជាភរិយា លោក កែប ជុតិមា ប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៣ និងក្រុមការងារ បានចុះទៅសួរសុខទុក្ខដល់ គេហដ្ឋាន ព្រមទាំងធានា ក្នុងការព្យាបាលជំងឺ និងការឧបត្ថម្ភ ផងដែរ។ ទង្វើនេះ គួរត្រូវបាន មហាជន ពិចារណាឲ្យ បានដិតដល់ចំពោះ សមាជិក សមាជិកា និងក្រុមយុវជន គណបក្ស សង្គ្រោះជាតិ ជំនាន់ ក្រោយ ។ តើយើងអាចទុកចិត្តយុវជនរបៀបហ្នឹងជាទំពាំងស្នងឫស្សីបានអត់?
នៅចំពោះមុខ លោកស្រី ជុំ សាមីន កែប ជុតិមា និងក្រុមការងារ ខាងលើនេះ យុវតី ឃុត អមរា កញ្ញា អាយុ១៥ ឆ្នាំរស់នៅភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រៀនថ្នាក់ទី៩ វិទ្យាល័យ ឥន្រ្ទទេវី បាន រៀបរាប់ថា នៅវេលាម៉ោង ប្រមាណ១១ ព្រឹក ថ្ងៃទី២៣ ខែកក្កដា ខ្លួន និងមិត្តភក្តិបាន ធ្វើដំណើរតាម ផ្លូវសហពន្ធ័រុស្សី ពីក្រោយក្បួនរបស់គណបក្សសង្រ្គោះជាតិ ។
យុវតី ឃុត អមរា កញ្ញា បានបន្តដោយក្តីឈឺចាប់ថា ខណៈការធ្វើដំណើរមក ជិតផ្សារពោធិ៍ចិនតុង ដែល មានការ កកស្ទះចរាចរណ៍ផងនោះ មានបុរសម្នាក់ នៅលើក្បាល មានចងកន្សែង អក្សរសង្រ្គោះជាតិ ហើយនៅដៃមានកាន់ដុំថ្ម បានមកសួរនាងខ្ញុំថា ដូរឬមិនដូរ? ពេលនោះនាងខ្ញុំឆ្លើយថា «មិនដូរ» ។ គ្រាន់ តែឮនូវការ ឆ្លើយពាក្យបែបនេះ បុរសនោះបាន ទម្លាក់ដុំថ្ម ចោលរួចក៏ទៅរើស បន្ទះក្តារ នៅជិតនោះ មកវាយខ្ញុំពីក្រោយមួយទំហឹង បណ្តាលឲ្យរងរបួសចំស្មា។ មិត្តភក្តិខ្ញុំ ភ័យក៏បានជិះម៉ូតូ ដឹកខ្ញុំត្រឡប់ ក្រោយ ខ្លាចគេតាមវាយ ថែមទៀត ។
នាងបន្តថា «ខ្ញុំមិនមានពាក់អាវ ឬមួកគណបក្សប្រជាជនកម្ពុជាទេ តែមានបិទលេខ៤ នៅលើម៉ូតូ។ បុរសដែលបានវាយខ្ញុំ មើលទៅដូចជាមនុស្សមិន ប្រក្រតី »។ បន្ទាប់ពីបានស្តាប់ការរាប់រៀប នូវអំពើ ដ៏ថោកទាប របស់សមាជិក គណបក្ស ប្រឆាំងរួចមក លោកស្រី ជុំ សាមីន និងក្រុមការងារ បានសម្តែងនូវ ការអាណិតអាសូរ យ៉ាងពន់ពេក ដល់យុវតីរងគ្រោះ ដែលមិនបានដឹងអ្វី ហើយត្រូវគេវាយយ៉ាងដំណំ បែបនេះ ។
លោកស្រី ជុំ សាមីន បានជម្រុញឲ្យ អាណាព្យាបាល យកក្មេងរងគ្រោះ ទៅព្យាបាល នៅមន្ទីរពេទ្យ ឲ្យបានដិតដល់ ហើយលោកស្រី អះអាងថា ជាអ្នកជួយឧបត្ថម្ភ ការព្យាបាលទាំងអស់ ។ នៅក្នុងឱកាស សួរ សុខទុក្ខនេះដែរ លោកស្រី ជុំ សាមីន បានផ្តល់ថវិកា ផ្ទាល់ខ្លួន រួមជាមួយ លោក កែប ជុតិមា មួយ លានរៀល និងថវិកា សមាគម ពីររយដុល្លារផងដែរ ជូនដល់យុវតីរងគ្រោះ៕
ដោយ៖ ឈឹម មករា