ភ្នំពេញ ៖ យុវជនម្នាក់ជិះម៉ូតូក្នុងល្បឿនលឿន បានរេចង្កូតទៅបុករបាំងស្លាកសញ្ញាហាមចត បណ្តាលឲ្យ ដួលបោកក្បាលរងរបួសធ្ងន់ធ្ងរ ស្ថិតនៅចំណុចស្ថានីយប្រេងឥន្ធនៈ ជិតស្ពានអាកាស៧មករា ក្នុងភូមិបឹងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ កាលពីវេលាម៉ោង ២២ និង ៥០ នាទីយប់ថ្ងៃ ទី ២៥ ខែកក្កដា ឆ្នាំ២០១៣ ។
សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតមានគ្រោះថ្នាក់នេះ គឺមានយុវជនម្នាក់វ័យជាង ២០ ឆ្នាំ បានជិះម៉ូតូមួយគ្រឿង ម៉ាកស្តូពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1BH-7666 បើកបរតាមបណ្តោយផ្លូវ សហព័ន្ធរុស្ស៊ី បត់ចូលផ្លូវលេខ ២៧១ ដោយយុវជនខាងលើនេះបានជិះក្នុងល្បឿនលឿនពេកទើបបណ្តាល ឲ្យរេចង្កូតទៅបុករបាំងដែក ដែលដាក់ស្លាកហាមចត នៅជាប់ស្ថានីយប្រេងឥន្ធនៈ កាល់តិច បណ្តាលឲ្យម៉ូតូ ដួលប្រាវ ចំណែកយុវជនជាអ្នកបើកបររងរបួសធ្ងន់ធ្ងរ ហើយត្រូវបានរថយន្តសាមុយមកដឹកយកទៅ សង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ៕
ដោយ៖ ទុយ បញ្ញា