បន្ទាយមានជ័យ៖ ថ្នាក់ដឹកនាំនិងមន្រ្តីក្រុមការងារថ្នាក់កណ្ដាល, ថ្នាក់ខេត្ត ថ្នាក់ក្រុងនិងមូលដ្ឋាន ព្រមទាំងបេក្ខជនអ្នកតំណាងរាស្រ្តមណ្ឌលបន្ទាយមានជ័យ បានជួបជុំគ្នានៅស្នាក់ការគណបក្សសង្កាត់អូរអំបិលក្រុងសិរីសោភ័ណ រៀបចំសែនក្រុងពាលី និងសូត្រជ័យន្តោដើម្បីជូនអោយគណបក្សប្រជាជនកម្ពុជា ឈ្នះភ្លូកទឹកភ្លូកដីការបោះឆ្នោតជ្រើសរើសអ្នកតំណាងរាស្រ្តថ្ងៃទី២៨ កក្កដា ២០១៣ ខាងមុខ ។
ពិធីខាងកិច្ចសាសនានិងជំនឿនោះ ដឹកនាំធ្វើដោយអាចារ្យព្រាហ្មណ៍និងមានលោកប៉ាល់ សំអឿន បេក្ខជនអ្នកតំណាងរាស្រ្តមណ្ឌលបន្ទាយមានជ័យ, លោក យឺន សុផល, លោក យ៉ាន វ៉ាន់យ៉ុង ប្រធាននិងសមាជិកក្រុមការងារថ្នាក់កណ្ដាលចុះជួយ, លោក លី សារី ប្រធានក្រុមការងារថ្នាក់ខេត្តគណបក្សប្រជាជនកម្ពុជា និងមន្រ្តីក្រុមការគ្រប់ថ្នាក់ចុះជួយសង្កាត់អូរអំបិលនិងមន្រ្តីបក្សមូលដ្ឋាន។ ដាក់គ្រឿងរណ្ដាប់ដង្វាយ មួកនិងអាវមានរូបសញ្ញាគណបក្សប្រជាជន ។
ពិធីសែនក្រុងពាលីបានអញ្ជើញអស់ពួកទេវតា ទេពនិករ ឥស៊ី វត្ថុស័ក្តិសិទ្ធ អ្នកតា រក្សាទឹកដី ភូមិករ៍ព្រះធរណី ព្រៃភ្នំ អូរ បឹងស្ទឹងទន្លេសមុទ្រ… ពិសេសនៅសង្កាត់អូរអំបិល, នៅខេត្តបន្ទាយមានជ័យនិងនៅប្រទេសកម្ពុជាសូត្រធម៌ជ័យន្តោមកជួយប្រោះព្រំ បង្កក់ប្រសិទ្ធីនិងនាំអោយសមាជិកបក្សនិងពលរដ្ឋបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឈ្នះភ្លូកទឹកភ្លូកដីនាថ្ងៃបោះឆ្នោតថ្ងៃទី២៨ កក្កដា ២០១៣ ខាងមុខ ។
បន្ទាប់ពីពិធីបន់ស្រន់បួងគម្រប់៣ដងនិងសូត្រជ័យន្តោរួច លោក ឈុំ-ពេជ្រ ប្រធានគណបក្សប្រជាជនកម្ពុជាសង្កាត់អូរអំបិលលើកឡើងថា ដោយធ្វើការនិងវាយតម្លៃបឋមគឺសង្ឃឹមថាសម្លេងគាំទ្រគណបក្សប្រជាជនកម្ពុជាក្នុងសង្កាត់និងកើនឡើងជាង២០០ ទៀតលើការឈ្នះស្ទើរដាច់កាលពីលទ្ធផលបោះឆ្នោតជ្រើសរើសឃុំ-សង្កាត់ឆ្នាំ២០១២កន្លងមក។
លោក យឺន សុផល ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយសង្កាត់អូរអំបិលមានប្រសាសន៍ថា យើងបានធ្វើសកម្មភាពគ្រប់យ៉ាងហើយសម្រាប់គណបក្សតែបានធ្វើពិធីសុំម្ចាស់ទឹកម្ចាស់ដីដោយសែនក្រុងពាលី សូត្រជ័យន្តោនេះ ដើម្បីអោយគណបក្សប្រជាជនកម្ពុជាឈ្នះបន្ថែមភ្លូកទឹកភ្លូកដី ។
លោក ប៉ាល់ សំអឿន បេក្ខជនអ្នកតំណាងរាស្រ្តមណ្ឌលបន្ទាយមានជ័យមកពីគណបក្សប្រជាជនកម្ពុជាមានប្រសាសន៍ថា: ដោយសារគោលនយោបាយដោយការដឹកនាំរបស់ សម្ដេចទាំងបីគឺសម្ដេចធម្មពោធិសាល ជា ស៊ីម, សម្ដេចចក្រី ហេង សំរិន, សម្ដេចតេជោហ៊ុនសែន ដោយមន្រ្តីនិងសមាជិកបក្សត្រឹមត្រូវនិងធ្វើសកម្មភាពដើម្បីជាតិប្រទេសនិងប្រជាជនបានល្អរហូតមកធ្វើអោយការគាំទ្របក្សកើនឡើងជាលំដាប់ ។
លោក ប៉ាល់ សំអឿន បន្តថា មហាសន្និបាតគណៈកម្មាធិការកណ្ដាលនិងគណបក្សប្រជាជនកម្ពុជានឹងឈ្នះបាន៥លើ៦អាសនៈក្នុងការបោះឆ្នោតអណត្តិទី៥រើសអ្នកតំណាងរាស្រ្តនេះ ៕
ដោយ នី នឿន