ភ្នំពេញ៖ សភាព្រហ្មទណ្ឌ នៃ តុលាការកំពូល នៅព្រឹក ពុធថ្ងៃទី ២៤ ខែ កក្កដា ២០១៣ នេះ បានបើកសវនាការជំនុំជំ្រះ លើបណ្តឹងសារទុក្ខរបស់អតីតមេអង្គរក្សសម្តេច ជា ស៊ីម ប្រធាន ព្រឹទ្ធសភាគឺលោកផ្កាយ៣ ឈឿន ចាន់ថន ហៅម៉ៅ ក្រោមបទចោទប្រកាន់ចំនួន៩បទល្មើស។
ប្រធានចៅក្រមប្រឹក្សានៃតុលាការកំពូលបានឲ្យដឹងថា លោកឈឿន ចាន់ថន អាយុ ៤២ឆ្នាំអតីតមេអង្គរក្សសម្តេច ជាស៊ីម ប្រធានព្រឹទ្ធសភា និង ជានាយរងសេនាធិការ ចម្រុះ នៃកងយុទ្ធពលខេមរៈភូមិន្ទ ត្រូវបានចោទប្រកាន់ពីតុលាការស៊ីវិល (សាលា ដំបូងរាជធានីភ្នំពេញ)ចំនួន៤បទល្មើស និង តុលាការយោធាចំនួន៥បទល្មើស។ និងត្រូវ បានកាត់ទោសឲ្យជាប់ពន្ធនាគារ ចំនួន៣៦ ឆ្នាំ។
លោកបានបញ្ជាក់ថា នៅតុលាកាស៊ីវិល លោកឈឿន ចាន់ថន ត្រូវបាទចោទប្រកាន់ ចំនួន៤ករណីរួមមាន៖ ការរក្សាអាវុធនិងគ្រាប់រំសេវដោយមិនមានការ អនុញ្ញាត ការចេញប័ណ្ណប្រើប្រាស់អាវុធនិងគ្រាប់រំសេវទៅឲ្យអ្នកដែលមិនមែនជាសមត្ថកិច្ច ការក្លែងឯកសារសាធារណៈនិងការប្រើប្រាស់ឯកសារសាធារណៈក្លែងក្លាយ ក្នុងរឿង ក្តីតុលាការស៊ីវិលនេះលោក ត្រូវបាន តុលាការផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ១០ឆ្នាំនិង ពិន័យជាប្រាក់៥លានរៀល (ប្រមាណ១២៥០ដុល្លារ)។ ចំណែកឯ នៅតុលាការ យោធាលោកឈឿនចាន់ថន ត្រូវបានចោទ ប្រកាន់ចំនួន៥ករណី រួមមាន ៖ ការរំលោភសេចក្តីទុកចិត្តការបំផ្លាញដោយចេតនា និងការគេង បន្លំដោយ ទុច្ចរិតការ ចែកចាយអាវុធខុសច្បាប់ការបំផ្លិចបំផ្លាញ សម្ភារៈសម្រាប់បម្រើការប្រយុទ្ធនិង ការខ្វះស្មារតីទទួលខុសត្រូវក្នុងការដឹកនាំគ្រប់គ្រងអង្គភាព តាមបញ្ញត្តិមាត្រា ៦០១មាត្រា៤៤៧ មាត្រា៣៩៣នៃ ក្រមព្រហ្មទណ្ឌឆ្នាំ២០១០មាត្រា២០ច្បាប់ស្តី ពីការគ្រប់គ្រងអាវុធគ្រឿងផ្ទុះនិងគ្រាប់រំសេវ ឆ្នាំ និង មាត្រា៩នៃក្រឹត្យច្បាប់លេខ ០៤ឆ្នាំ១៩៨១។ ជាមួយនឹងការចោទប្រកាន់ទាំងនេះតុលាការយោធាបានកាត់ឲ្យ លោក ជាប់ពន្ធនាគារ២៦ឆ្នាំ និងពិន័យជាប្រាក់៣លានដុល្លារ។
ក្នុងពេលសវនាការកាលពីព្រឹកមិញនេះ លោក ឈឿន ចាន់ថន បានបដិសេធរាល់ការចោទប្រកាន់ចំពោះរូបគាត់ហើយអះអាងថា ការចោទប្រកាន់ខាងលើគឺ ជារឿង ប្រឌិត ដើម្បីទម្លាក់កំហុស និង ចាប់ ខ្លួនគាត់។
លោក ឈឿន ចាន់ថន បាននិយាយថាសេចក្តីសំរេចរបស់ដំបូងសាលារាជធានីភ្នំពេញ តុលាការយោធា និងសាលាឧទ្ទរណ៍ចំពោះរូបគាត់គឺមិនត្រឹមត្រូវទេនិងមានភាព អយុត្តិធម៌ណាស់សម្រាប់រូបគាត់។ គាត់មិនអាចទទួលយកបានឡើយ។ គាត់បានសំណូមពរឲ្យតុលាការ ជួយរកយុត្តិធម៌សម្រាប់រូបគាត់ និង ដោះលែង គាត់ឲ្យមានសេរីភាពវិញ។
គួរបញ្ជាក់ថា លោក ឈឿន ចាន់ថន ត្រូវបានតុលាការកាត់ទោសឲ្យជាប់ទោស សរុបចំនួន៣៦ ឆ្នាំនិងពិន័យជាប្រាក់សរុបជាង៣លាន នៅឆ្នាំ២០១២។ គាត់ត្រូវ បានចាប់ខ្លួន ដោយមន្រ្តីកងរាជអាវុហត្ថ កាលពីថ្ងៃទី១៣ សីហា ឆ្នាំ២០១១ ជាមួយ នឹងអង្គរក្សរបស់លោក បីនាក់ផ្សេងទៀត នៅឯលំនៅដ្ឋានប្រណិតរបស់លោក នៅសង្កាត់បឹងកេងកង៣ខណ្ឌចំការមនរាជធានីភ្នំពេញ។ បន្ទាប់ពីការចាប់ខ្លួន ប៉ូលិស រឹបអូសបានអាវុធ និងគ្រាប់រំសេវជាច្រើនដែលរួមមាន កាំភ្លើងអូកាណូលី៥១ ដើម កាំភ្លើងយន្ត១ដើមជាមួយគ្រាប់១៤០០គ្រាប់ និងសម្លៀកបំពាក់យោធាជា ច្រើន សំរាប់និងសម្ភារៈយោធាពាក់ព័ន្ធមួយចំនួនទៀត ៕
ដោយ៖ រកាជ័យ