ភ្នំពេញ ៖ រថយន្តពីរគ្រឿង បើកបុកគ្នាយ៉ាងពេញទំហឹង បណ្តាលឲ្យរងការខូចខាត យ៉ាងដំណំ កាលពីវេលាម៉ោង ២២ នឹង ៤០ នាទីយប់ថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០១៣ នៅតាមបណ្តោយផ្លូវព្រះមុនីរ៉េត សង្កាត់វាលវង់ ខណ្ឌ ៧ មករា ។
យោងតាមសេចក្តីរាយការណ៍ពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលមានគ្រោះថ្នាក់ នេះមានបុរស ម្នាក់ស្រវឹងស្រាបានបើកបររថយន្តឡិចស៊ីស RX 300 ១គ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2X 4807 បើកបរក្នុងទិសដៅពីកើតទៅលិច តាម បណ្តោយ ផ្លូវព្រះមុនីរ៉េត ដោយបានបើកបរយ៉ាងលឿន ខណៈជិះដល់ ចំណុចកើតហេតុ ស្រាប់ តែរថយន្តឡិចស៊ីសនេះបានរេចង្កូតរថយន្តទៅបុកចំពីក្បាលរថយន្តហុងដាស្ព័រ ពណ៌ ទឹក ប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2U 2066 ដែលកំពុងបើកបរក្នុងទិសដៅពីលិច ទៅកើត បញ្រ្ចាសទិសគ្នាជាមួយ រថយន្តឡិចស៊ីស បណ្តាលឲ្យរថយន្តទាំង ២ គ្រឿង ត្រូវរងការខូចខាត ប៉ុន្តែមិនបណ្តាលឲ្យមនុស្សណាម្នាក់ ត្រូវរងរបួសធ្ងន់ធ្ងរ នោះទេ ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានសហការជាមួយនគរបាលចរាចរណ៍ខណ្ឌ៧ មករា ចុះវាស់វែង អូសយករថយន្តទាំង ២ គ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ខណ្ឌ ៧ មករា រង់ចាំដោះស្រាយ តាមផ្លូវច្បាប់ ។ សមត្ថកិច្ចនៅមិនទាន់អត្តសញ្ញាណ អ្នកបើកបររថយន្តបង្កហេតុទាំង ២ គ្រឿងនេះ ប៉ុន្តែសមត្ថកិច្ចបានបញ្ជាក់ថាគ្រោះ ថ្នាក់នេះបង្កឡើងដោយសារម្ចាស់រថយន្តឡិចស៊ីស ស្រវឹងស្រាជោគខ្លួន ហើយបើកបរលឿន ទើបរេចង្កូតជ្រុលបុករថយន្តហុងដាស្ព័រយ៉ាងពេញទំហឹងបែបនេះ ៕
ដោយ៖ ទុយ បញ្ញា