កំពង់ចាម ៖ លោក ខៀវ កាញារីទ្ធ ប្រធានក្រុមការងារចុះ ជួយស្រុកកោះសូទិន ខេត្ដ កំពង់ចាម និង លោកស្រី នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៣ បានបន្ត ជួបសំណេះ សំណាល ជាមួយ ប្រធាន អនុប្រធាន និងសមាជិក សមាជិកា គណបក្ស ប្រជាជន នៅឃុំមហាខ្ញូង ស្រុក កោះសូទិន ជាច្រើនរយនាក់មុនពេលការបោះឆ្នោត នឹងមកដល់នាប៉ុន្មានថ្ងៃខាងមុខនេះ ។
ចំពោះមុខ សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា លោក ខៀវ កាញារីទ្ធ បាន អំពាវនាវ ឱ្យសមាជិក ទាំងអស់ចូលរួមការបោះឆ្នោតគ្រប់ៗគ្នា នៅថ្ងៃអាទិត្យទី២៨ ខែកក្កដា ឆ្នាំ ២០១៣ ខាងមុខនេះ ដើម្បីឱ្យគណបក្សប្រជាជនទទួលបានជ័យជំនះ និងបន្ដគាំទ្រសម្ដេចតេជោ ធ្វើជា នាយករដ្ឋមន្ដ្រីសម្រាប់ អាណត្ដិទី៥ ។
លោក ខៀវ កាញារីទ្ធ ជាថ្មីម្ដងទៀត បានលើកឡើង ពីគុណបំណាច់ របស់ គណបក្ស ប្រជាជន ចាប់តាំងពី រំដោះប្រទេសជាតិ រួចផុតពី របបវាលពិឃាត រហូតដល់កសាង និងអភិវឌ្ឍន៍ ឱ្យមានការរីកចម្រើនលើគ្រប់វិស័យទូទាំងប្រទេសធ្វើឱ្យជីវភាព ប្រជា ពលរដ្ឋមានការរីកចម្រើន និងធូរធា ពីមួយឆ្នាំទៅមួយឆ្នាំ ។
គួរបញ្ជាក់ផងដែរថា នៅក្នុងនោះសម្រាប់ក្បួន ដង្ហែឃោសនា រកសំឡេង ឆ្នោត ខាង លើនេះ លោក ខៀវ កាញារីទ្ធ បានអំពាវនាវឱ្យសមាជិក សមាជិកា គណបក្ស ប្រជាជនទាំងអស់ មានភាពអត់ធ្មត់និងរក្សា សីលធម៌ ក្នុងនាមជាបក្ស ដែលមាន ភាពចាស់ទុំខាងផ្នែកនយោបាយ និងមានបទពិសោធន៍ ក្នុងការដឹកនាំប្រទេស ជាច្រើនឆ្នាំមកនេះ ៕
ដោយ៖ ស្រីផល