ភ្នំពេញ៖ របាំងដែកពុះទ្រូងផ្លូវ មួយកន្លែងស្ថិតនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ីទល់មុខក្រសួងការពារជាតិ ក្នុង សង្កាត់ស្រះចក ខណ្ឌដូនពេញ ត្រូវរងនៅការខូចខាតបាក់រៀបស្មើដី ខណៈដែលបុរសម្នាក់ស្រវឹងស្រាបើក រថយន្តកាមរីឆ្លាមមួយគ្រឿងដឹកក្រុមគ្រួសារចេញកម្មពិធីជប់លៀង ដោយបានបើកក្នុងល្បឿនលឿនរេចង្កូតបុក កាលពីវេលាម៉ោង២១ និង ១០ នាទីយប់ថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០១៣។យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសមិនស្គាល់អត្តសញ្ញាម្នាក់ វ័យជាង ៣០ ឆ្នាំ ស្ថិតក្នុងស្ថានភាពស្រវឹងស្រាជោគខ្លួនបានបើកបររថយន្តមួយគ្រឿង ម៉ាកកាមរីឆ្លាម ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2O-9915 បើកបរធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ីក្នុងទិសដៅពីកើតទៅលិច ដោយបានបើកបរក្នុងល្បឿនយ៉ាងលឿន រេចង្កូតរេចុះរេឡើងពេញផ្លូវតែម្តង ខណៈបើកបរមកដល់ចំណុច កើតហេតុខាងលើទំនងជាស្រវឹងស្រាជោគខ្លួនខ្លាំងពេក បានបើកលឿនគេច ម៉ូតូបណ្តាលឲ្យរេចង្កូតបុកចំរបាំងដែកចែកទ្រូងផ្លូវបាក់អស់ចំនួន៧ផ្ទាំង ហើយរថយន្តបង្កបានត្រូវរងការខូចខាត ផ្នែកខាងមុខស្ទើរទាំងស្រុង ហើយក្នុងហេតុការណ៍គ្រោះថ្នាក់នេះមិនបណ្តាលឲ្យមនុស្សណាម្នាក់ត្រូវរងរបួសធ្ងន់ធ្ងរនោះទេ។
គួរបញ្ជាក់ថាបន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋាននិង នគរបាលចរាចរខណ្ឌដូនពេញបានសហការ ជាមួយនគរបាលជំនាញចុះមកវាស់វែងអូសយករថយន្តបង្កហេតុនិងអ្នកបើកបរយកទៅកាន់ការិយាល័យ ចរាចរណ៍ជើងគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមផ្លូវច្បាប់។ សមត្ថកិច្ចបញ្ជាក់ថាគ្រោះថ្នាក់ខាងលើនេះ កើតចេញពីការស្រវឹងរបស់អ្នកបើកបរ ជាពិសេសគេស្រវឹងស្រាខ្លាំង នឹងបានបើករថយន្តលឿនទៀតផងទើប បណ្តាលឲ្យមានហេតុការណ៍នេះបំផ្លាញទ្រព្យសម្បត្តិផ្ទាល់ខ្លួននិងទ្រព្យសម្បត្តិសាធារណៈបែបនេះ៕ ដោយៈ ទុយ បញ្ញា