ភ្នំពេញ៖ បុរស២នាក់ ត្រូវរងរបួសធ្ងន់ស្រាល ក្នុងខណៈដែលពួកគេជិះម៉ូតូធុនធំចំនួន ១ គ្រឿង ក្នុងល្បឿនលឿន ហើយជ្រុលទៅបុកចំចំហៀងរថយន្តកាមរីបាឡែនមួយគ្រឿងយ៉ាងពេញទំហឹង កាលពីវេលាម៉ោង ២៤ និង ១០ នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០១៣ នៅចំណុចស្តុបបូកគោ ផ្លូវព្រះមុនី វង្ស កែងផ្លូវម៉ៅសេទុង ក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន។
ទាក់ទិននឹងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះសាក្សីនៅកន្លែងកើតហេតុបាននិយាយរៀបរាប់ប្រាប់ សមត្ថកិច្ចថា មុនពេលកើតហេតុមានបុរស២ នាក់ បានជិះម៉ូតូ១ គ្រឿងម៉ាក កាណាសាគី ពណ៌ខ្មៅ គ្មានស្លាក លេខ ឌុបគ្នា ធ្វើដំណើរតាមបណ្តោយផ្លូវម៉ៅសេទុង ក្នុងទិសដៅពីកើតទៅលិច ដោយពួកគេបានជិះម៉ូតូក្នុង ល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចស្តុបបូកគោ ស្រាប់តែមានរថយន្តកាមរីបាឡែន ពណ៌ទឹកប្រាក់ ១គ្រឿងមិនចាំស្លាកលេខ បានបើកបរក្នុងទិសដៅពីជើងទៅត្បូង តាមបណ្តោយផ្លូវព្រះមុនីវង្ស ឆ្លងកាត់ពីមុខ ម៉ូតូធុនធំខាងលើ ទើបបណ្តាលឲ្យបុរស ២ នាក់ដែលកំពុងបោះពួយម៉ូតូយ៉ាងលឿនចាប់ហ្វ្រាំងមិនទាន់ ជ្រុលបុកចំចំហៀងគូទរថយន្តកាមរីបាឡែនយ៉ាងពេញទំហឹងលាន់ដូចរន្ទះ បណ្តាលឲ្យម្ចាស់ម៉ូតូធុនធំផ្លោងរំលងរថយន្ត បោកក្បាលបែករងរបួសធ្ងន់ម្នាក់ ស្រាលម្នាក់ ចំណែកម៉ូតូបោកផ្ទប់នឹងគូទរថយន្តត្រូវខូចខាតផ្នែកខាងមុខទាំង ស្រុង ហើយចំណែករថយន្តកាមរីបាឡែន ក្រោយកើតហេតុមិនបានឈប់នៅដើម្បីដោះស្រាយនោះទេ គឺបាន បន្ថែមល្បឿនបើករត់គេចខ្លួនបាត់ស្រមោលភ្លាមៗតែម្តង។
គួរបញ្ជាក់ថាបន្ទាប់ពីកើតហេតុអ្នករងរបួសធ្ងន់ត្រូវបានមិត្តភ័ក្ររបស់គេលើកដាក់លើម៉ូតូឌុបយកទៅ សង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ចំណែកម៉ូតូរបស់ពួកគេត្រូវបានសមត្ថកិច្ចមូលដ្ឋានសហការជាមួយ នគរបាល ចរាចរខណ្ឌចំការមនចុះមកវាស់វែងអូសយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌចំការមនរង់ចាំទំនាក់ ទំនងទៅក្រុមគ្រួសាររបស់ពួកគេឲ្យមកទទួលយកទៅវិញ។ ហើយសមត្ថកិច្ចនៅមិនទាន់ស្គាល់អត្តសញ្ញាណ អ្នករបួសទាំង ២ នាក់នេះនៅឡើយទេ គ្រាន់តែសមត្ថកិច្ចនិយាយថា ហេតុការណ៍នេះបង្កឡើងដោយសារម្ចាស់ ម៉ូតូបើកបរក្នុងល្បឿនលឿនទើបជ្រុលបុកចំគូទរថយន្តកាមរីបាឡែន៕ ដោយៈ ទុយ បញ្ញា