ភ្នំពេញ៖ អ្នកភូមិបឹងកក់ប្រមាណជាង៦០គ្រួសារទំនងជាអាចទទួលយកបានប្លង់កម្មសិទ្ធិដីធ្លីអភិវឌ្ឍនៅនឹងកន្លែងហើយ។សញ្ញានៃស្ថានភាពធូរស្រាល នេះ គឺបន្ទាប់ពីអភិបាលរាជធានីភ្នំពេញលោកប៉ា សុជាតិវង្សបានចុះជាក់ស្តែងដល់តំបន់បឹងកក់ផ្ទាល់កាលព្រឹកថ្ងៃទី២៣ កក្កដានេះ។មន្ត្រីអ្នកនាំពាក្យសាលាក្រុងភ្នំពេញអះអាងថា នឹងមានដំណោះស្រាយនាពេលខាងមុខនេះ។អភិបាលរាជធានីភ្នំពេញ លោក ប៉ាសុជាតិវង្ស បានដឹកនាំមន្ត្រីសាលារាជធានីភ្នំពេញជាច្រើននាក់បានចំណាយពេលជិតមួយព្រឹកចុះពិនិត្យតំបន់បឹងកក់ផ្ទាល់។នៅក្នុងដំណើរចុះត្រួតពិនិត្យនេះ លោកអភិបាលរាជធានីបានថ្លែងប្រាប់ប្រជាពលរដ្ឋដោយផ្ទាល់ថាសាលារាជធានីភ្នំពេញត្រូវការពិភាក្សាជាមួយក្រុមហ៊ុនអភិវឌ្ឍន៍បឹងកក់ និងអាជ្ញាធរសុរិយោដី ដើម្បីដោះស្រាយបញ្ហាដែលនៅសេសសល់ក្នុងតំបន់បឹងកក់នេះ។
លោក ឡុង ឌីម៉ង់អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានថ្លែងប្រាប់អ្នកសារព័ត៌មាននៅតំបន់បឹងកក់ក្រោយការចុះពិនិត្យថាការចុះត្រួតពិនិត្យរបស់អភិបាលក្រុងភ្នំពេញនេះគឺជាដំណាក់កាលឈានទៅមុខមួយទៀតហើយដើម្បីឈានទៅបញ្ចប់ទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃនៅក្នុងតំបន់បឹងកក់។ លោកឡុង ឌីម៉ង់ អះអាងថានៅមានប្រជាពលរដ្ឋប្រមាណជាង៦០គ្រួសារផ្សេងទៀតមកពីភូមិចំនួន៤ គឺភូមិ២២ ភូមិ៦ ភូមិ ២៤ និងភូមិ១ ដែលសាលាក្រុងកំពុងតែពិនិត្យដោះស្រាយ។
អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថាសាលារាជធានីភ្នំពេញកំពុងតែព្យាយាមដោះស្រាយបញ្ហានេះយ៉ាងយកចិត្តទុកដាក់ហើយប្រជាពលរដ្ឋបឹងកក់អាចនឹងទទួលបានប្លង់កម្មសិទ្ធិដីធ្លីរបស់ខ្លួននាពេលឆាប់ៗនេះដែរ ព្រោះលោកអភិបាលរាជធានីគឺចង់ដោះស្រាយបញ្ហានេះក្នុងពេលឆាប់ៗ។ តែទោះជាយ៉ាងណា លោកមិនបានបញ្ជាក់ពីពេលវេលាថា នឹងដោះស្រាយមុនការបោះឆ្នោតថ្ងៃទី២៨កក្កដាខាងមុខឬយ៉ាងណានោះទេ។
ចំពោះការចុះពិនិត្យតំបន់បឹងកក់របស់អភិបាលរាជធានីនៅថ្ងៃនេះសកម្មជនតវ៉ាដីធ្លីស្វិតស្វាញនៅបឹងកក់ម្នាក់លោកដួងគាបាននិយាយដោយសង្ឃឹមថាអ្នកភូមិបឹងកក់ទាំងអស់នឹងទទួលបានប្លង់កម្មសិទ្ធិដីធ្លីរបស់ខ្លួនព្រោះនេះជាការសន្យារបស់អភិបាលរាជធានីភ្នំពេញ។
សូមរំលឹកថាទំនាស់ដីធ្លីនៅតំបន់បឹងកក់បានក្លាយជាជំងឺដីធ្លីយូរជាងគេនៅកណ្តាលក្រុងភ្នំពេញបន្ទាប់ពីក្រុមហ៊ុនអភិវឌ្ឍន៍ ស៊ូកាកូអ៊ីន បានចាប់ផ្តើមបូមខ្សាច់ចាក់បំពេញតំបន់បឹងកក់ដើម្បីអភិវឌ្ឍទីក្រុង។ហើយប្រជាពលរដ្ឋរាប់រយគ្រួសារក៏បានចាប់ផ្តើមចេញធ្វើបាតុកម្មតវ៉ាដែលបណ្តាលឱ្យមានការប៉ះទង្គិចរវាងអាជ្ញាធររាជធានីភ្នំពេញនិងប្រជាពលរដ្ឋជាញឹកញាប់ ។ យ៉ាងណាក៏ដោយ អភិបាលរាជធានីភ្នំពេញទើបឡើងថ្មី ក្នុងថ្ងៃទទួលតំណែងបានសន្យាថានឹងដោះស្រាយបញ្ហាដែលនៅសេសសល់ នៅតំបន់បឹងកក់ បុរីកីឡា និងសហគមន៍ថ្មគោល។ ការចុះត្រួតពិនិត្យដល់កន្លែងថ្ងៃនេះ គឺទំនងជាបញ្ជាក់ពីការសន្យារបស់លោក។ ប៉ុន្តែគេមិនទាន់ដឹងថា បញ្ហានេះនឹងត្រូវដោះស្រាយនៅពេលណាច្បាស់លាស់នោះទេ៕ ដោយ៖ វិជ្ជា