ភ្នំពេញ៖ រយៈពេល ៦ខែ ដើមឆ្នាំ ២០១៣ នេះ មនុស្សស្លាប់ដោយសារជំងឺគ្រុនចាញ់មានចំនួន ៤នាក់ គឺថយចុះ ចំនួន ៨៦% បើប្រៀបធៀបនឹងឆ្នាំ២០១២ ដែលមានរហូតដល់ទៅ ២៨នាក់។
បើយោងតាមមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជម្ងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រនៃក្រសួងសុខាភិបាល បានប្រកាសថា ក្នុង៦ខែ ដើមឆ្នាំ២០១៣ នេះករណីគ្រុនចាញ់ ដែលព្យាបាលនៅមន្ទីរពេទ្យរដ្ឋ ឬមណ្ឌលសុខភាពរដ្ឋ ឬភ្នាក់ងារស្ម័គ្រចិត្ត ភូមិមាន ចំនួន ១៨.៧០១ ករណី គឺថយចុះចំនួន ៥២% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃ ឆ្នាំ២០១២ ដែលមានរហូតដល់ទៅ ៣៩.១៥៨ ករណី។
មជ្ឈមណ្ឌលជាតិមួយនេះ ក៏បានអះអាងថា ជម្ងឺគ្រុនចាញ់លែងជាមូលហេតុ ចម្បងនៃការស្លាប់ទូទៅរបស់ប្រជាជនកម្ពុជាទៀតហើយ ប៉ុន្តែការថយចុះនេះមិនមែនជាសារមួយទាក់ទាញឲ្យយើងបន្ធូរបន្ថយអន្តរាគមន៍ដែលយើងកំពុងធ្វើទេ។
ចំណែកឯ អត្រាគ្រុនចាញ់ ៦ខែដើម ឆ្នាំ២០១៣ ដោយគិតតាមចំនួនករណីគ្រុនចាញ់ព្យាបាល ដោយសេវារដ្ឋ ឬដោយភ្នាក់ងារសុខភាពស្ម័គ្រចិត្តភូមិ ក្នុងប្រជាជន ១.០០០ នាក់ មានជាមធ្យម ១,៣១ ករណី ក្នុងនោះ ខេត្តដែលមានអត្រាខ្ពស់ជាងគេ មាន ខេត្តមណ្ឌលគីរី រតនគីរី ស្ទឹងត្រែង ព្រះវិហារ ខេត្តឧត្តរមានជ័យ ខេត្តក្រចេះ ប៉ៃលិន ពោធិ៍សាត់ និង កំពង់ធំ។
មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជម្ងឺគ្រុនចាញ់បន្តថា ៖ បើពុំនោះទេ អត្រាឈឺ និងស្លាប់ នឹងអាចកើនឡើងវិញភ្លាមព្រោះបើមេរោគគ្រុនចាញ់ នៅតែបន្តបណ្តែតខ្លួនក្នុងឈាមមនុស្ស គឺមូសដែកគោល ញីនៅតែមានឱកាសខាំចម្លងមេរោគនេះ ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតបាន ដដែល (ដូចមាននៅក្នុងសាររបស់ សម្តេច តេជោ សែន ក្នុងឱកាសទិវាជាតិប្រយុទ្ធប្រឆាំងនឹងជម្ងឺគ្រុនចាញ់នៅ ថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០១៣)។
ពេលថ្មីៗកន្លងទៅនេះលោក វេជ្ជបណ្ឌិត ចរ ម៉េងចួ នាយកមជ្ឈមណ្ឌល ជាតិប្រយុទ្ធនឹងជម្ងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និង បាណកសាស្ត្រមានប្រសាសន៍ថា កត្តាចម្បងដែលនាំឲ្យការ ស្លាប់ដោយសារជម្ងឺគ្រុនចាញ់មានការថយចុះ ដោយសារតែប្រជាពលរដ្ឋមានការយល់ដឹងច្រើន បន្ទាប់ពីមានអន្តរាគមន៍ផ្សព្វផ្សាយ និង ចលនានៅតាមសហគមន៍។
សូមរំលឹកផងដែរថា ប្រទេសកម្ពុជា ចាប់ផ្តើមបើកយុទ្ធនាការចែកមុងជ្រលក់ថ្នាំចំនួន ២លាន ៧សែនមុង ជូនដល់ប្រជាពលរដ្ឋដែលប្រឈមនឹងជម្ងឺគ្រុនចាញ់នៅក្នុង ខេត្តចំនួន ២០ នៅទូទាំងប្រទេសកាលពី ខែវិច្ឆិកា ឆ្នាំ២០១១ ៕ ដោយៈ មករាតូច