កណ្តាល៖កម្លាំងកងរាជអាវុធហត្ថស្រុកខ្សាច់កណ្តាលធ្វើការឃាត់ខ្លួនបានជនសង្ស័យ៥នាក់កាលពីព្រឹកថ្ងៃទី២៣ កក្កដា ២០១៣ ហើយក៏បាននាំជនសង្ស័យម្នាក់ទៅចង្អុលបង្ហាញពីកន្លែងដែលពួកគេធ្វើសកម្មភាពសម្លាប់ជនរងគ្រោះនៅស្នាក់ការគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ស្ថាបនាលីមីតធីតស្ថិតក្នុងភូមិវិហារសួគ៌ជើងឃុំវិហារសួគ៌ស្រុកខ្សាច់កណ្ដាល។បើតាមប្រភពពីប្រពន្ធជនសង្ស័យម្នាក់បានសារភាពថាការធ្វើសកម្មភាពប្លន់នោះ គឺមានគ្នាចំនួន៥នាក់ បន្ទាប់ពីធ្វើការស្រាវជ្រាវនិងតាមដានរបស់កំលាំងកងរាជអាវុធហត្ថ ឈានដល់ឃាត់ខ្លួន ជនសង្ស័យបានទាំង៥នាក់ ដោយ២នាក់ឃាត់ខ្លួនមុន រួចបង្កឃាត់ខ្លួន៣នាក់ទៀត។
គួរបញ្ជាក់ថាជនសង្ស័យ២នាក់ដែលធ្វើសកម្មភាពប្លន់សម្លាប់សន្តិសុខស្នាក់ការគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ស្ថាបនាលីមីតធីតត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកខ្សាច់កណ្តាលធ្វើការឃាត់ខ្លួននាវេលាម៉ោង៨ និង០៥នាទីព្រឹកថ្ងៃទី២៣ កក្កដា ២០១៣ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៨ ក្នុងភូមិអន្លង់ ឃុំព្រែកតាមាក់ស្រុកខ្សាច់កណ្តាល ។
ការចាប់ខ្លួននោះខណៈដែលជនសង្ស័យទាំង២នាក់នេះកំពុងបើករថយន្តតាក់ស៊ីហើយក៏ត្រូវបានកម្លាំងកងរាជអាវុធហត្ថសង្ស័យធ្វើការឃាត់ខ្លួនហើយបញ្ជូនទៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកខ្សាច់កណ្តាលដើម្បីធ្វើការសួរនាំតែម្តង។
គួររំលឹកដែរថាករណីចោរមួយក្រុមបានចូលប្លន់ស្នាក់ការគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុស្ថាបនាលីមីតធីត ស្ថិតក្នុងភូមិវិហារសួគ៌ជើងឃុំវិហារសួគ៌ស្រុកខ្សាច់កណ្ដាលកាលពីវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី២២ កក្កដាដោយបានសម្លាប់សន្ដិសុខម្នាក់ និងយកទូដែកមួយទៅបាត់។
សមត្ថកិច្ចឱ្យដឹងថា សន្ដិសុខម្នាក់ដែលស្លាប់ឈ្មោះឃឺន ស៊ឺនភេទប្រុស អាយុ៤២ឆ្នាំ មានទីលំនៅក្នុងភូមិ-ឃុំខាងលើជាសន្ដិសុខឯកជនរបស់ក្រុមហ៊ុន ប៊េស ។
ក្នុងពេលកើតហេតុគ្មានប្រជាពលរដ្ឋណាម្នាក់ដឹងឡើយលុះព្រឹកឡើងម៉ោងប្រមាណជា៧និង៣០នាទីនៅពេលដែលបុគ្គលិករបស់ធនាគារស្ថាបនាលីមីតធីតចូលទៅធ្វើការក៏ស្លន់ស្លោឆោឡោឡើងខណៈឃើញសន្ដិសុខដែលយាមនៅស្នាក់ការនោះស្លាប់នៅក្នុងថ្លុកឈាមក្បែររបង ដោយជនដៃដល់យកផ្លែក្រូចឆ្មារញ៉ុកចូលមាត់និងយកស្កុតរុំមាត់ ព្រមទាំងមុខជិត ។ ភ្លាមៗនោះសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ហើយធ្វើកោសល្យវិច័យរួចសន្និដ្ឋានថា ជនរងគ្រោះត្រូវជនដៃដល់វាយដោយរបស់រឹងនិងយកក្រូចឆ្មារញាត់ចូលក្នុងមាត់ហើយថែមទាំងយកស្កុតរុំមុខមាត់ជិត អស់រួចក៏បានប្រើភ្លើងដុតរំលាយសោចូលទៅខាងក្នុងធ្វើសកម្មភាពគាស់ទូដែកតែគាស់មិនបានក៏នាំគ្នាសែងចេញយកទៅបាត់ដោយជនដៃដល់មានគ្នាយ៉ាងតិចចាប់ពីពីរនាក់ឡើងទៅ។
សមត្ថកិច្ចបានឱ្យដឹងទៀតថាបើតាមបុគ្គលិករបស់ធនាគារស្ថាបនាលីមីតធីអះអាងថា ទូដែកដែលក្រុមចោរប្លន់យកទៅនោះមិនមានលុយនៅក្នុងនោះទេគឺមានតែឯកសារប៉ុណ្ណោះព្រោះថានេះជាស្នាក់ការសម្រាប់ឃុំមិនមានលុយតម្កល់ទុកនៅទីនេះឡើយ ។
បច្ចុប្បន្ន ជនជាប់សង្ស័យទាំង ៥នាក់នោះ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកំពុងធ្វើការសាកសួរ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តផ្តន្ទាទោសតាមច្បាប់៕ ដោយៈ គឹមឃាង