ភ្នំពេញ ៖ ក្នុងរដូវកាលយុទ្ធនាការឃោសនារកសំឡេងឆ្នោតប៉ុន្មានថ្ងៃកន្លងមកនេះ កន្លែងណា ទីណាក៏ឮគេ និយាយប្លែកៗពីគ្នា។ អ្នកខ្លះថាដូរឬមិនដូរ? ខ្លះថាអត់ ខ្លះថាដូរ ហើយកន្លែងខ្លះទៀតគេនាំគ្នាជ្រេញទៅនឹងក្រុម ហ៊ុនស្រាបៀរមួយចំនួន ដោយឃោសនាប្រូរកប្រយោជន៍ចូលគ្រួសារខ្លួន ក្រុមហ៊ុនខ្លួនសោះ សុទ្ធតែប្រើពាក្យថា «មោទនភាពជាតិ បេះដូងខ្មែរ»ទៅកើត។
គេនិយាយហើយនាំគ្នាវិភាគថា យើងយកលុយទៅទិញស្រាបៀរផឹកអស់លុយយើង ស្រវឹងយើង គ្រោះថ្នាក់ចរាចរណ៍ យើង ខូចសុខភាពយើង រីឯក្រុមហ៊ុនស្រាបៀរគេកើបលុយយកយ៉ាងស្រួល ដោយគេមិនគិតពីសុខទុក្ខពួកយើង ផងហ្នឹង។ មិនតែប៉ុណ្ណោះ គេឡង់សេក្តែងៗថា «មោទនភាពជាតិ បេះដូងខ្មែរឯណាឆ្កុយទៅវិញឯណោះ» តើ មានអ្នកផឹកស្រាបៀរច្រើន ខូចសុខភាពច្រើន នេះជាមោទនភាពជាតិដែរឬ? បើជនបរទេសគេស្តាប់ទៅប្រាកដ ជាគេយល់ថា ប្រទេសកម្ពុជាពោរពេញទៅដោយអ្នកផឹកស្រាបៀរជាក់ជាមិនខាននោះទេ។
គេនិយាយថា មោទនភាពជាតិឬបេះដូងខ្មែរនេះ វាទាល់តែក្រុមកីឡាខ្មែរទៅប្រកួតនៅក្រៅប្រទេស រួចឈ្នះ បានមេដាយយកមកប្រទេស យកមកជូនក្រសួងអប់រំយុវជននិងកីឡា ទើបគេហៅថា មោទនភាពជាតិ ឬក៏ដាក់ ប្រាសាទខ្មែរយើងនានា ចូលជាបេតិកភណ្ឌពិភពលោក ទើបគេហៅថា មោទនភាពជាតិនិងបេះដូងខ្មែរ។ មិន មែនគ្រាន់តែចេះផលិតស្រាបៀរ លក់ឲ្យគេផឹកយកលុយដាក់ក្រុមហ៊ុនខ្លួនឬក៏ចូលក្រុមគ្រួសារខ្លួនថា ជា មោទនភាពជាតិនិងបេះដូងខ្មែរដែរ នោះវាមិនឡូហ្សិកទេ។ ម្យ៉ាងវិញទៀតស្តាប់ការឡង់សេយូរៗទៅពិតជា ជ្រេញស្លឹកត្រចៀកខ្លាំងណាស់។ បើតាមការស្ទាបស្ទង់មតិឃើញថា ប្រជាពលរដ្ឋខ្មែរភាគច្រើនមិនចង់ឮក្រុមហ៊ុន ស្រាបៀរនោះស្រែកថា មោទនភាពជាតិ បេះដូងខ្មែរទៀតទេ គួរតែដូរចេញហើយ។
ផ្នែកអាណាចក្រនិងផ្នែកព្រះពុទ្ធសាសនា សុទ្ធតែបានទូន្មាននិងប្រដៅមនុស្សទូទៅថា «កុំឲ្យឆ្កួតស្រា ស្រី ល្បែង» ក្នុងចំណោមបីប្រការនេះ ទោះបីជាងប់ងល់ឬក៏លង់ក្នុងប្រការណាមួយក៏ដោយ គឺគ្រោះថ្នាក់ទាំងអស់។ ក្នុងនោះ ស្រាធ្វើឲ្យខូចសុខភាព វង្វេងស្មារតីនិងអស់លុយ រីឯស្រីធ្វើឲ្យយើងបែកបាក់គ្រួសារ ព្រាត់ប្រាស់ប្រពន្ធ កូនជាដើម ហើយល្បែងធ្វើឲ្យអស់លុយ ចងកសម្លាប់ខ្លួន អស់លុយបែកគំនិតប្លន់គេជាដើម។
បើស្តាប់ការទូន្មានទាំងនេះ ក្រសួងព័ត៌មានមិនគួរអនុញ្ញាតឲ្យគេផ្សាយឡង់សេស្រាឬស្រាបៀរលើកញ្ចក់ទូរ ទស្សន៍ឬក៏តាមកាសែតនោះទេ។ គេនិយាយទៀតថា បើស្រាឬស្រាបៀរផ្សាយបានយ៉ាងនេះ វាអយុត្តិធម៌ចំពោះ ក្រុមហ៊ុនបារីណាស់ ព្រោះស្រានិងស្រាបៀរវាក៏ជាគ្រឿងធ្វើឲ្យមនុស្សគ្រោះថ្នាក់ដូចបារីដែរហ្នឹង ចុះហេតុអ្វីបារី ផ្សាយមិនបាន ហើយស្រាឬស្រាបៀរផ្សាយបាន? សរុបសេចក្តីទៅការផ្សាយរបស់ក្រុមហ៊ុនស្រាឬស្រាបៀរ ឃោសនាមានមហារលករង្វាន់ប្រូនេះ ប្រូនោះ គឺជាការអូសទាញយុវជននិងមនុស្សចាស់ឲ្យធ្លាក់ក្នុងគ្រោះថ្នាក់ ដោយមិនដឹងខ្លួន។ អ្នកខាតបង់គឺអ្នកផឹកនិងប្រទេសជាតិជួបនូវឧបសគ្គជាច្រើន រីឯអ្នកចំណេញគឺក្រុមហ៊ុនស្រា ឬស្រាបៀរទាំងអស់នោះទៅវិញទេ។ ប៉ុន្តែបើស្រាឬស្រាបៀរនោះ រាជរដ្ឋាភិបាលជាអ្នកផលិតដើម្បីរកការងារឲ្យខ្មែរ រកចំណូលឲ្យខ្មែរ ទើបសមនឹងប្រើពាក្យថា «មោទនភាពជាតិនិងបេះដូងខ្មែរបាន»។
ទាំងអស់នេះជាការយល់ ឃើញរបស់សាធារណជន នៅតាមទីកន្លែងខុសៗគ្នា ដែលគេនិយាយ។ ដោយឡែកសំរាប់កាសែតអរិយធម៌មិន ហ៊ានបកស្រាយថា យ៉ាងណានោះទេ ព្រោះនេះជាការប្រកួតប្រជែងរបស់អ្នករកស៊ី។ ការផ្សាយរបស់ក្រុមហ៊ុន ស្រាឬស្រាបៀរជាកិច្ចការរកស៊ីរកចំណេញ រីឯអ្នកផឹកឯណោះទេ ដែលរកទុក្ខដាក់ខ្លួនឯងនោះ៕
ដោយ៖តាបណ្ឌិត